(កំពង់ធំ)៖ លោក នាក់ ដាង អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រង តំណាងលោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងលោក សាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុក ព្រមទាំងសហការី បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងភូមិជីមាស ឃុំម្សាក្រង កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។
លោកបានថ្លែងថា ក្នុងនាមក្រុមការងារចុះមូលដ្ឋានឃុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ថោ ជេដ្ឋា ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ ជំរុញការងារកសាងស្នាក់ការគណបក្សប្រជាជនឲ្យបានគ្រប់ឃុំ ហើយត្រូវប្រើប្រាស់ទីស្នាក់ការគណបក្សនេះ ឲ្យមានជាសកម្មភាពនយោបាយយ៉ាងសកម្ម និងជាមជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពនយោបាយរបស់បក្ស ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជន និងសមាជិកគណបក្ស ឱ្យបានស្និទ្ធស្នាលបំផុត ជាពិសេសសុំឱ្យប្រធានគណបក្សឃុំខិតខំប្រឹងប្រែងពង្រឹងការងារកសាងបក្ស និងការកសាងសមាជិកសមាជិកាបក្សបន្ថែមទៀត ជាពិសេសក្រុមយុវជនដើម្បីគណបក្សប្រជាជននិងដើម្បីប្រជាជន និងទទួលបានជ័យជំនះគ្រប់សមរភូមិបោះឆ្នោត។
លោកបានសង្កត់ធ្ងន់ថា «សាមគ្គីឯកភាពផ្ទៃក្នុង របស់សមាជិកសមាជិកាគណបក្សក្នុងមូលដ្ឋាន ជាកត្តាពង្រឹងភាពឈ្នះរបស់គណបក្សប្រជាជន» ដូច្នេះសូមសមាជិក សមាជិកា ជឿជាក់ និងទុកចិត្តលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាជាពិសេសមូលដ្ឋាន ហើយតម្កល់និងបន្តថែរក្សា ព្រមទាំងធានាឲ្យបាននូវផលប្រយោជន៍រួមជូនគណបក្ស ប្រជាជន និងប្រទេសជាតិបន្ថែមទៀត។
សូមបញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មីនេះមានទំហំបណ្តោយ៣០ម៉ែត្រ x៨ ម៉ែត្រ និងទទឹង៣០ម៉ែត្រ x ៤៣ ម៉ែត្រ៕