(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ស ស៉ីណា សថេត នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភារាអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីនេះមានការចូលរួមពីអគ្គស្នងការរង, ប្រធាននាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ ព្រមទាំងនគរបាលជានារីជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា នៅឆ្នាំ២០២៥នេះ ការរៀបចំយុទ្ធនាការទិវានារីអន្តរជាតិ៨មីនាខួបទី១១៤ ត្រូវបាន ធ្វើឡើងក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ក្នុងគោលបំណងចូលរួមជាមួយយុទ្ធនាការរបស់អង្គការសហប្រជាជាតិ អបអរសាទរខួប៣០ឆ្នាំនៃសេចក្ដីថ្លែងការណ៍ ទីក្រុងប៉េកាំង ព្រមទាំងរំលឹកអំពីការតស៊ូទាមទារសិទ្ធិ សេរីភាព បង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការលើក កម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងប្តេជ្ញាចិត្តជំរុញការអនុវត្តឲ្យបានជោគជ័យតាមគោលបំណង នៃប្រធានបទដែលបានដាក់ចេញ សម្រាប់ខួបលើកទី១១៤ ទិវាអន្តរជាតិ នារី ៨ មីនា ឆ្នាំ២០២៥ ដែលជាចំណែកដ៏សំខាន់ក្នុងការចូលរួមអនុវត្ត នូវគោលនយោបាយ និងយុទ្ធសាស្ត បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តកំណត់ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាព ដែលក្នុងនោះ «ស្ត្រីគឺជាស្នូល»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានគាំទ្រ និងជំរុញការអនុវត្តផែនការ យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារី ដែលតួអង្គសំខាន់ និងជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានផ្ដល់ជូនអនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីរួមមាន៖
*ទី១៖ ស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការពង្រឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ឲ្យបានខ្លាំងពូកែបន្ថែមទៀត ដើម្បីឲ្យមានលក្ខណៈសម្បត្តិសមស្របក្នុងការបំពេញ តួនាទី និងភារកិច្ច ទាំងក្នុងក្របខ័ណ្ឌការងារដឹកនាំ និងការងារជំនាញបច្ចេកទេស។ ជាការពិតណាស់ គោលនយោបាយបានជួយគាំទ្រ និងផ្ដល់អាទិភាពដល់នារីរួចហើយ ប៉ុន្តែផ្អែកតាមការរីកចម្រើន ជឿនលឿននៃសកលលោក និងប្រទេសជាតិរបស់យើង នារីក៏ត្រូវជួយខ្លួនឯងបន្ថែមទៀត តាមរយៈការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងជាប់ជាប្រចាំ ទើបយើងអាចអនុវត្តគោលការណ៍សមភាពយេនឌ័រ បានជោគជ័យឆ្លើយតបទៅនឹងយុគសម័យឌីជីថល
*ទី២៖ សូមឲ្យស្ត្រីទាំងអស់ដើរតួនាទី ជាអ្នកផ្តល់យោបល់ល្អៗ ទាំងនៅអង្គភាពការងារ ក្នុងសង្គម និងក្នុងគ្រួសារ ជៀសវាងការរក្សាភាពស្ងៀមស្ងាត់ ហើយរងចាំតែស្តាប់យោបល់របស់បុរស ព្រមទាំងបន្តរក្សានូវប្រពៃណីថ្លៃថ្នូរ មានមនសិកាការងារ គោរពវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសរក្សាបាននូវគុណតម្លៃ និងគុណធម៌ ឲ្យស័ក្តិសមនឹងកិត្តិនាមរបស់ស្ត្រីជា «មាតាពិភពលោក»
*ទី៣៖ សូមឲ្យនគរបាលជានារីទាំងអស់ បន្តលើកកម្ពស់ឧត្តមភាពរបស់ខ្លួន ក្នុងនាមជាភរិយា ជាមាតា ជាម្ដាយមីង បងស្រី ឬជាកូនស្រីគំរូក្នុងគ្រួសារ ដើម្បីចូលរួមចំណែក ក្នុងការអប់រំសមាជិកគ្រួសារទាំងមូល ឲ្យចូលរួមគ្រប់សកម្មភាពសង្គម ចេះគោរពច្បាប់ គោរពសិទ្ធិមនុស្ស មានសុជីវធម៌ សីលធម៌ល្អ ជៀសផុតនូវអំពើឧបាយមុខ អំពីខុសច្បាប់ ជៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ដើម្បីធ្វើជាពលរដ្ឋល្អ ដែលជាមូលដ្ឋានធនធានមនុស្សប្រកបដោយសក្តានុពលក្នុងការកសាងសង្គមខ្មែរ ឲ្យមានភាពរឹងមាំសុខដុមនីយកម្ម និងការអភិវឌ្ឍសម្បូរណ៍រុងរឿង៕