(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ដឹកនាំប្រតិភូនារីក្រសួងព័ត៌មាន ចូលជួបសម្តែងការគួសម និងជូនពរក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅភូមិគ្រឹះសម្តេច។

ក្នុងឱកាសនោះផងដែរ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ក៏បានរាយការណ៍អំពីវឌ្ឍនភាពរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលបានបំពេញការងារស្នូលរបស់ស្ថាប័នផង និងបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ជាច្រើនទៀតផងដែរ។

លោកស្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពវ័យឆ្លាត ការប៉ិនប្រសពរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងអាណត្តិទី៧ ប្រកបដោយភាពស្វាហាប់ ភាពប្រាកដប្រជា ពិសេសបន្តធ្វើឱ្យប្រទេសមានសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ កិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ មានភាពល្អប្រសើរ ព្រមជាមួយការកៀងគរអ្នកវិនិយោគឱ្យចូលរួមបណ្តាក់ទុនធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានឱកាសការងារធ្វើគ្រប់ៗគ្នាដែលជាសសរស្តមនៃកំណើនសេដ្ឋកិច្ចជាតិ។

ជាក់ស្តែងស្រ្តីក្នុងវិស័យសារព័ត៌មាន ត្រូវបានដើរតួនាទីយ៉ាងសំខាន់និងមិនអាចខ្វះបានក្នុងការបញ្ជូនសារ ស្តីពីការអភិវឌ្ឍនភាពរីកចម្រើន និងសុខសន្តិភាពដែលកម្ពុជាសម្រេចបានទៅកាន់សាធារណៈជន ក៏ដូចជាពិភពលោកទាំងមូលបានយល់ច្បាស់អំពីព្រះរាជាណាចក្រកម្ពុជា។

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានធ្វើសកម្មភាព ដែលមិនមែនផ្តោតតែលើសមាជិការបស់ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានដែលមានជីវភាពខ្វះខាតតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តោតសំខាន់ទៅលើស្រ្តី និងកុមារងាយរងគ្រោះគ្រប់ទីកន្លែង និងតែងតែបានចុះដោយផ្ទាល់ដល់មូលដ្ឋាន ដើម្បីប្រមូលនូវរាល់ព័ត៌មានពិតជាក់ច្បាស់ សម្រាប់ បន្តភារៈកិច្ច ឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» គឺជាការចែករំលែកក្តីស្រលាញ់ ភាពកក់ក្តៅដល់ជនដែលត្រូវការមិនត្រឹមតែធ្វើឱ្យមនុស្សម្នាក់ៗ មានសេចក្តីសុខផ្លូវចិត្តនោះទេ ថែមទាំងសាបព្រោះនូវវប្បធម៌ចែលរំលែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ស្តីអំពីភាពសំខាន់ និងភារៈការពារថែរក្សាដល់ស្រី និងក្មេងស្រីគ្រប់ៗរូបថែមទៀតផង។

ជាការឆ្លើយតបសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានកោតសរសើរដោយស្មោះចំពោះសាខាសមាគមនារីក្រសួងព៌តមាន ដែលរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើនជូនក្រសួង ក្រោមការជួយឧបត្ថម្ភគាំទ្រពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបានផ្តល់លទ្ធភាព និងឱកាសជូននារីទាំងថ្នាក់កិត្តិយស និងថ្នាក់ប្រតិបត្តិបំពេញការងារដោយស្ម័គ្រចិត្ត។ ការដឹកនាំ ការសាមគ្គី សហការនិងភាពឆ្នៃប្រឌិតរបស់ថ្នាក់ដឹកនាំទាំងកិត្តិយស ទាំងប្រតិបត្តិនិងសមាជិកសមាគមនារីទាំងអស់ដែលតែងតែធ្វើសកម្មភាពដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្ត្រី និងចុះទៅមូលដ្ឋានដើម្បីលើកទឹកចិត្តដល់នារី និងប្រជាពលរដ្ឋធ្វើឱ្យគាត់មើលឃើញអំពីអំពើល្អរបស់មន្ត្រីយើង និងមានការគាំទ្រគណបក្សនិងរាជរដ្ឋាភិបាលកាន់តែច្រើនឡើងជាលំដាប់។

សម្តេចបានបន្តថា វិស័យព័ត៌មាន មានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិតទៅកាន់ពិភពលោក ដោយផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។

សម្តេចកិត្តិសង្គហបណ្ឌិត បានធ្វើការផ្តាំផ្ញើរដល់នារីក្រសួងព័ត៌មានដូចតទៅយកចិត្តទុកដាក់អនុវត្តអនុវត្តនូវទិសដៅ យុទ្ធសាស្ត្ររបស់ក្រសួងឱ្យបានជោគជ័យ អនុវត្តនូវផែនការសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ឱ្យបានជោគជ័យ ត្រូវពង្រឹងសាមគ្គីភាព ឯកភាព និងសហការល្អផ្ទៃក្នុងក៏ដូចជាមួយអ្នកពាក់ព័ន្ធទាំងអស់ ពង្រឹងរចនាសម្ព័ន្ធសមាគមនារី និងពង្រីកសមាជិកសមាគមឱ្យបានច្រើន ថ្នាក់ប្រតិបត្តិ និងថ្នាក់កិត្តិយសត្រូវរួមសហការគ្នា បំពេញការងារស្របតាមលក្ខន្តិកៈរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពខ្លួនឯង និងពង្រឹងសមត្ថភាពដល់ស្ត្រីជាមន្ត្រីក្នុងក្រសួងដោយបណ្តុះបណ្តាលជំនាញជាពិសេសការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងបច្ចេកវិទ្យាសម័យទំនើប ដើម្បីមានលទ្ធភាពបំពេញការងារប្រកបដោយគុណភាពនិងប្រសិទ្ធិភាព៕