(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ចគណៈប្រតិភូវិនិយោគជប៉ុននៅកម្ពុជា ដែលរៀបចំដោយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដែលមានការចូលរួមពីសំណាក់លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក Kohei Wakabayashi ប្រធានតំណាង JETRO ប្រចាំនៅរាជធានីភ្នំពេញ, បណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI), លោក Fukuhara Koji ប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) ព្រមទាំងឧកញ៉ា លោក លោកស្រី ប្រតិភូតំណាងក្រុមហ៊ុនជប៉ុនប្រមាណ ៤០ក្រុមហ៊ុន។
ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានវាយតម្លៃខ្ពស់ ចំពោះអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅរាជធានីភ្នំពេញ ដែលបានជួយសម្របសម្រួលពាណិជ្ជកម្មកម្ពុជា-ជប៉ុន តាមរយៈការរៀបចំព្រឹត្ដិការណ៍សំខាន់ៗ ដូចជា ពិព័រណ៍ពាណិជ្ជកម្ម ការបណ្ដុះបណ្ដាល និងកម្មវិធីទំនាក់ទំនងនិងផ្គូផ្គងក្រុមហ៊ុនរវាងប្រទេសទាំងពីរ ដែលបានរួមចំណែកនាំឱ្យប្រទេសជប៉ុន ក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា និងមានការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនវិនិយោគិនជប៉ុននៅកម្ពុជា។
ជាមួយគ្នានេះ លោក វង្សី វិស្សុត គូសរំលេចថា ក្នុងរយៈពេលជិត៤ទសវត្សរ៍ចុងក្រោយនេះ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាពិសេសក្រោមក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍ រដ្ឋាភិបាលជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗ, និងរួមចំណែកពង្រឹងវិស័យអប់រំ, វិស័យច្បាប់និងយុត្តិធម៌, អភិបាលកិច្ច និងការលើកកម្ពស់សុខុមាលភាពប្រជាជន ជាដើម។ល។
ជាមួយគ្នានេះ លោក វង្សី វិស្សុត ក៏បានគូសរំលេចនូវសក្ដានុពល និងកិច្ចខិត្តខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រធុរកិច្ច វិនិយោគ និងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ សម្រាប់ឆ្នាំ២០២៥ កម្ពុជារំពឹងថា នឹងបន្ដរក្សាកំណើនសេដ្ឋកិច្ចប្រមាណ៦,៣% ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់ទទួលរងនូវភាពមិនប្រាកដប្រជាខ្ពស់ និងភាពស្មុគស្មាញកាន់តែច្រើនឡើងៗ ក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ពាណិជ្ជកម្ម និងស្ថានភាពហិរញ្ញវត្ថុ។
ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានការប្តេជ្ញាខ្ពស់ក្នុងការខិតខំប្រឹងប្រែង គាំទ្រដល់ការវិនិយោគ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច ជាមធ្យមយ៉ាងតិច៦%ក្នុងមួយឆ្នាំ ក្នុងរយៈពេលវែងទៅមុខ ដោយបានដាក់ចេញនូវវិធានការកែទម្រង់បញ្ហារចនាសម្ព័ន្ធ ក្នុងវិស័យភ័ស្តុភារកម្ម អគ្គិសនី ជំនាញវិជ្ជាជីវៈជាដើម ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់វិនិយោគិន លើកកម្ពស់ប្រសិទ្ធភាពការងារ ភាពប្រកួតប្រជែង និងបង្កើតបរិយាសកាសអំណោយផល ដល់ការធ្វើធុរកិច្ច និងការវិនិយោគ។
ជាចុងក្រោយ លោក វង្សី វិស្សុត បានលើកទឹកចិត្តឱ្យអង្គការ JETRO និងសមាគមទាំងពីរបន្តពង្រឹងបេសកកម្មរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត៕