(តូក្យូ, ជប៉ុន)៖ ក្នុងដំណើរបំពេញការងារថ្ងៃទី២ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ លោក វ៉ាន់ សារាយ អគ្គនាយករង Fresh News ត្រូវបានរៀបចំឱ្យទស្សនកិច្ចនៅមជ្ឈមណ្ឌលគាំទ្រដល់អ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន (IBSC) ស្ថិតនៅកណ្តាលទីក្រុងតូក្យូ។
មជ្ឈមណ្ឌលនេះស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៨ មានបេសកកម្មជាចម្បងជួយសម្របសម្រួលដល់ក្រុមហ៊ុនបរទេសដែលចូលមកវិនិយោគនៅក្នុងប្រទេសជប៉ុន ក៏ដូចជាក្រុមហ៊ុនដែលទើបបង្កើតថ្មីជាដើម។ ក្រុមហ៊ុនមានបំណងវិនិយោគនៅក្នុងប្រទេសជប៉ុន ក៏ដូចជាក្រុមហ៊ុនបង្កើតថ្មី អាចស្វះស្វែងរកការប្រឹក្សាយោបល់ និងជួយសម្របសម្រួលបញ្ហាទាំងឡាយពាក់ព័ន្ធការវិនិយោគ ហើយមជ្ឈមណ្ឌលក៏អាចជួយផ្គូផ្គងដៃគូវិនិយោគផងដែរ។
នៅមជ្ឈមណ្ឌលនេះ ក៏មានការផ្តល់ការិយាល័យសម្រាប់ប្រើប្រាស់បណ្តោះអាសន្ន សម្រាប់ក្រុមហ៊ុនបរទេសទាំងឡាយ ដែលមកវិនិយោគថ្មីៗមិនទាន់មានការិយាល័យ គឺមជ្ឈមណ្ឌលមានការិយាល័យផ្តល់ជូន ដោយផ្តល់សម្ភារៈបរិក្ខារផ្សេងៗបូករួមទាំងការបំពាក់សេវាអុីនធើណេតផងដែរ។ ការប្រើប្រាស់នេះ គឺអាចប្រើបានរយៈពេល៥០ថ្ងៃដោយមិនបង់ថ្លៃ ហើយការប្រើប្រាស់ចាប់ពី៥០ថ្ងៃ ទៅ១០០ថ្ងៃ តម្រូវឱ្យបង់ថ្លៃ តែតម្លៃមួយដែលធូរជាងការជួលនៅខាងក្រៅ។ ការប្រើប្រាស់ការិយាល័យបានត្រឹមតែ ១០០ថ្ងៃប៉ុណ្ណោះ មិនអាចលើសពីនេះបានឡើយ។
ក្រៅពីការផ្តល់ការិយាល័យបំពេញការងារហើយនោះ នៅមជ្ឈមណ្ឌលនេះ ក៏មានកន្លែងសម្រាប់ក្រុមហ៊ុនបើកកិច្ចប្រជុំ ឬក៏ណាត់ជួបដៃគូ ដើម្បីជជែកលើការងារវិនិយោគផងដែរ។
ការជួយសម្រួលការលំបាក កាត់បន្ថយភាពស្មុគស្មាញរបស់អ្នកធុរកិច្ច គឺជាការងារដ៏អាទិភាពមួយរបស់រដ្ឋាភិបាលជប៉ុន។ នៅក្នុងអគារមជ្ឈមណ្ឌល IBSC គេក៏មានបង្កើតការិយាល័យផ្តល់សេវាទាំងឡាយពាក់ព័ន្ធនឹងការវិនិយោគផងដែរ។ ការធ្វើដូច្នេះ គឺបង្កភាពងាយស្រួលសម្រាប់អ្នកវិនិយោគនៅពេលគេមានតម្រូវសេវាពាក់ព័ន្ធការវិនិយោគរបស់គេ។
យោងតាមមន្ត្រីបម្រើការងារនៅក្នុងមជ្ឈមណ្ឌលនេះ បានឱ្យដឹងថា គាត់ធ្លាប់បានមកធ្វើបទបង្ហាញពីតួនាទីនៃមជ្ឈមណ្ឌល IBSC ដល់មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ មន្ត្រីដដែលនេះបានបញ្ជាក់ទៀតថា តាមរយៈការធ្វើបទបង្ហាញនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាប់អារម្មណ៍ ហើយក៏មានបំណងបង្កើតមជ្ឈមណ្ឌលបែបនេះផងដែរ។
មន្ត្រីមជ្ឈមណ្ឌល IBSC បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា បង្កើតមជ្ឈមណ្ឌលជួយដល់អ្នកវិនិយោគបែបនេះ ដើម្បីជួយដោះស្រាយបញ្ហារបស់អ្នកវិនិយោគ និងជួយទាក់ទាញការវិនិយោគ។ មន្ត្រីក៏ផ្តល់ជាគំនិតទៀតថា ប្រសិនបើកម្ពុជាបង្កើតមជ្ឈមណ្ឌលនេះឡើង គួរបង្កើតច្រកចេញចូលតែមួយនៃការផ្តល់សេវាពាក់ព័ន្ធការវិនិយោគនៅក្នុងមជ្ឈមណ្ឌលនេះផ្ទាល់តែម្តង៕