(ភ្នំពេញ)៖ ក្នុងគោលបំណងពង្រឹងភាពជាអ្នកជិតខាងល្អ មិត្ដភាព និងភាពជឿជាក់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ការរៀនសូត្រពីគ្នា និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជននិងប្រជាជននៃប្រទេសកម្ពុជា-ចិន និងបណ្ដាប្រទេសស្ថិតក្នុងក្របខណ្ឌអង្គការសហប្រតិបត្ដិការសៀងហៃ វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្ដ្រី បានចុះអនុស្សរណៈនៃការយោគយល់ជាមួយគណៈកម្មាធិការសម្រាប់ភាពជាអ្នកជិតខាងល្អ មិត្ដភាព និងកិច្ចសហប្រតិបត្ដិការប្រចាំប្រទេសចិន នៃអង្គការសហប្រតិបត្ដិការសៀងហៃ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ បានប្រព្រឹត្ដឡើងនារសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី រវាង លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) និងលោកស្រី CUI Li អនុប្រធានគណៈកម្មាធិការសម្រាប់ភាពជាអ្នកជិតខាងល្អ មិត្ដភាព និងកិច្ចសហប្រតិបត្ដិការប្រចាំប្រទេសចិន នៃអង្គការសហប្រតិបត្ដិការសៀងហៃ ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជា។ តាមស្មារតីនៃអនុស្សរណៈនេះ ភាគីទាំងពីរនឹងខិតខំជំរុញមិត្ដភាពប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្ដិការជាក់ស្ដែងរវាងប្រទេសកម្ពុជានិងចិន ក៏ដូចជាប្រទេសជាសមាជិកនៃអង្គការសហប្រតិបត្ដិការសៀងហៃ លើវិស័យអប់រំ ឱសថបុរាណ ការផ្លាស់ប្ដូរវប្បធម៌ និងការអប់រំបច្ចេកវិទ្យាឌីជីថល ព្រមទាំងវិស័យសង្គមស៊ីវិលផងដែរ។

នៅក្នុងជំនួបពិភាក្សានាថ្ងៃនេះ លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថាអនុស្សរណៈនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់អនុញ្ញាតឱ្យវ.ស.ស និង អង្គការសហប្រតិបត្ដិការសៀងហៃ ផ្ដល់ឱកាសឱ្យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជននិងប្រជាជន៕