(ភ្នំពេញ)៖ តំណាងក្រុមគ្រួសារសពឧត្តមសេនីយ៍ឯក ម៉ក់ ចាន់សុខន អតីតនាយសេនាធិការរង​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសារលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលបានចូលបច្ច័យបុណ្យ និងសូមថ្លែងអំរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍​ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បានដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញគោរពវិញ្ញាណក្ខន្ធ​សព ព្រមទាំងសូមថ្លែងអំណរគុណដល់ឥស្សរជនជាន់ខ្ពស់ បងប្អូន អ៊ុំពូមីង ញាតិមិត្តជិតឆ្ងាយទាំងអស់ផងដែរ ដែលបានមកចូលរួមបុណ្យសពឧត្តមសេនីយ៍ឯក ម៉ក់ ចាន់សុខន។

យើងខ្ញុំជាក្រុមគ្រួសារនៃសព ឧត្តមសេនីយ៍ឯក ម៉ក់ ចាន់សុខន សូមលំឱនកាយលើកដៃប្រណម គោរពថ្លែងអំណរគុណ និងដឹងគុណជាអនេកប្បការយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងញាតិមិត្តជិតឆ្ងាយដែលបានចំណាយពេលចូលរួមកម្មវិធីបុណ្យសព។

តាងនាមឲ្យក្រុមគ្រួសារនៃសព ឧត្តមសេនីយ៍ឯក ម៉ក់ ចាន់សុខន យើងខ្ញុំសូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃកម្ពុជា សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេច អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសព សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេច អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសព មេត្តាទទួលនូវភក្ដីភាពយ៉ាងស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីក្រុមគ្រួសារយើងខ្ញុំ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ម៉ក់ ចាន់សុខន បានទទួលមរណភាព នៅវេលាម៉ោង០០:៤៥​ នាទីរំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឧត្តមសេនីយ៍ឯក ម៉ក់ ចាន់សុខន គឺជាការបាត់បង់នាយទាហានជាន់ខ្ពស់ដ៏ឆ្នើម​របស់កងយោធពលខេមរភូមិន្ទ ដែលមានសមត្ថភាព និងចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយគុណធម៌ សីលធម៌​ គតិបណ្ឌិត ដែលបានលះបង់ស្ទើរតែពេញមួយជីវិត ដើម្បីបម្រើជាតិមាតុភូមិជាទីស្នេហារបស់យើង។ មិនតែប៉ុណ្ណោះលោក ជាស្វាមី ជាឪពុក ឪពុកក្មេក និងជាជីតាប្រកបដោយព្រហ្មវិហារធម៌ ចំពោះគ្រួសារសាច់ញាតិ។

ពេញមួយជីវិតរបស់លោក បានលះបង់កម្លាំង​កាយចិត្តប្រាជ្ញាស្មារតីដើម្បីគ្រួសារកូនចៅ និងជាតិមាតុភូមិយើងរហូតដល់ជីវិតចុងក្រោយ។ ថ្វីត្បិតរូបកាយរបស់លោកត្រូវបាត់បង់ពីលោកយើងនេះក៏ពិតមែនប៉ុន្តែកិត្តិយស កិត្តិសព្ទ គំរូវីរភាព សេចក្តី​ថ្លៃថ្នូរព្រមជាមួយគុណធម៌ សីលធម៌រស់នៅស្ថិតស្ថេរគង់វង្សជានិរន្តរ៍៕