(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.), វិទ្យាស្ថានអភិវឌ្ឍន៍កំណើនបៃតងសកលប្រចាំប្រទេសកម្ពុជា (GGGI) និង គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការ សហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) ដោយមានកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មធានាឥណទានវិនិយោគ (CGIF) និងក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយ នៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ បានសហការរៀបចំសិក្ខាសាលាកសាងសមត្ថភាពទម្រង់កូនកាត់ (Hybrid) ស្តីពី «ហិរញ្ញវត្ថុនិរន្តរភាព និងផែនទីបង្ហាញផ្លូវសម្រាប់វិនិយោគិន» នៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងលោកស្រី Shomi Kim នាយិកា GGGI ប្រចាំប្រទេសកម្ពុជា។

សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និងកម្មវត្ថុនៃហិរញ្ញវត្ថុ និរន្តរភាព, ចែករំលែកពីការអនុវត្តការបោះផ្សាយ និងការគ្រប់គ្រងឧបករណ៍ ហិរញ្ញវត្ថុនិរន្តរភាព ព្រមទាំង អនុលោមភាពគោលដៅអភិវឌ្ឍន៍របស់កម្ពុជាស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស, ផ្តល់នូវចំណេះដឹងក្នុងការ កសាងក្របខណ្ឌដើម្បីទាក់ទាញវិនិយោគិន និងជំរុញទំនុកចិត្តទីផ្សារ រួមជាមួយនឹងការផ្តល់នូវយុទ្ធសាស្ត្រ ដើម្បី ភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិនសក្តានុពលនាពេលបច្ចុប្បន្ននៅក្នុងគម្រោងនិរន្តរភាពនៅប្រទេសកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលានេះ លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា «ហិរញ្ញវត្ថុនិរន្តរភាព មិនមែនជាជម្រើសទៀតទេ ប៉ុន្តែវាជាកត្តាចាំបាច់សម្រាប់ភាពធន់នៃសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុរបស់កម្ពុជា។ ជាមួយនឹងទីផ្សារសញ្ញាបណ្ណនិរន្តរភាពដ៏រឹងមាំ ពួកយើងអាចទាក់ទាញការវិនិយោគប្រកបដោយទំនួលខុសត្រូវ ដែលគាំទ្រដល់កំណើនបៃតង សមធម៌សង្គម និងស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង។ សិក្ខាសាលានាថ្ងៃនេះ មាន តួនាទីសំខាន់ណាស់ក្នុងការផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងឧបករណ៍ដែលចាំបាច់ដើម្បីជំរុញអន្តរ កាលនេះ។ ការណ៍នេះ នឹងជួយឱ្យកម្ពុជានៅតែជាគោលដៅវិនិយោគដែលមានលក្ខណៈប្រកួតប្រជែង និង និរន្តរភាព ផងដែរ»

ព្រមជាមួយគ្នានេះ លោកស្រី Shomi Kim បានបញ្ជាក់ថា «GGGI បាន និងកំពុងគាំទ្រដល់សញ្ញាបណ្ណ បៃតងនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីការជំរុញការបោះផ្សាយ សញ្ញាបណ្ណនិរន្តរភាពនៅប្រទេសកម្ពុជា (CSBA) ដែលបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃហិរញ្ញវត្ថុនិរន្តរភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចបៃតង និង ប្រកបដោយបរិយាបន្ន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងអន្តរកាលទៅកាន់ហិរញ្ញវត្ថុនិរន្តរភាព ដូចជាការបោះផ្សាយសញ្ញាបណ្ណបៃតងដ៏ធំបំផុត របស់កម្ពុជាដោយក្រុមហ៊ុន Royal Group PPSEZ ក្នុងឆ្នាំ២០២៤ និងការអភិវឌ្ឍសញ្ញាបណ្ណបៃតង និងនិរន្តរភាពដែលមានទំហំទឹកប្រាក់ ជាង ១០០ លានដុល្លារអាម៉េរិក»

លោកស្រី បានបន្តទៀតថា «ការផ្តល់ហិរញ្ញប្បទាននិរន្តរភាព និងវត្តិករសាស្ត្របៃតង មិនមែនជាគំនិតថ្មី ទៀតទេ ប៉ុន្តែវាបានក្លាយជាគំរូផ្លាស់ប្តូរឆ្ពោះ ទៅកាន់ការវិនិយោគប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា។ តាមរយៈ ការផ្តល់ជូនភាគីពាក់ព័ន្ធនូវឧបករណ៍ ចំណេះដឹង ក្របខណ្ឌ និងទស្សនវិស័យដ៏ត្រឹមត្រូវ វិស័យនេះអាច កៀរគរការវិនិយោគដែលស្របតាមអាទិភាពនៃការអភិវឌ្ឍជាតិ ក្នុងអំឡុងពេលដោះស្រាយបញ្ហាប្រឈមផ្នែក បរិស្ថាន និងសង្គម។ GGGI នៅតែប្តេជ្ញាចិត្តក្នុងការកសាងប្រព័ន្ធអេកូដ៏រឹងមាំមួយសម្រាប់ការផ្តល់ហិរញ្ញប្បទាន និរន្តរភាព ដែលទាក់ទាញវិនិយោគិនប្រកបដោយទំនួលខុសត្រូវ និងជំរុញវិបុលភាពសេដ្ឋកិច្ចរយៈពេលវែងសម្រាប់ ប្រទេសកម្ពុជា»

សិក្ខាសាលានេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ម.ក., អ្នកតំណាងមកពី GGGI, CGIF, ក្រុមហ៊ុន GuarantCo, ក្រសួងបរិស្ថាន, ធនាគារជាតិនៃកម្ពុជា, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្សារមូលបត្រកម្ពុជា, សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា, សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា, សមាគមធនាគារនៅកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, សាជីវកម្មធានា ឥណទានកម្ពុជា, ធនាគារពាណិជ្ជ, ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ, ក្រុមហ៊ុនបោះផ្សាយសក្តានុពល, ក្រុមហ៊ុន ធានារ៉ាប់រង និងស្ថាប័នសារព័ត៌មាននានា ព្រមជាមួយវាគ្មិនដែលជាអ្នកជំនាញ និងមានបទពិសោធន៍អំពីហិរញ្ញវត្ថុ និរន្តរភាព មកពីក្រុមហ៊ុន S&P Global Ratings, ក្រុមហ៊ុន S&P Global Sustainable1, GGGI, CGIF, ក្រុមហ៊ុន គ្រប់គ្រងការវិនិយោគ Incofin, ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វី អឺសួរ៉ិនស៍ និងក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ដោយមានអ្នកចូលរួមសរុប ចំនួន ១២៦ រូប (៣៦ រូប តាមប្រព័ន្ធអនឡាញ)។ សិក្ខាសាលានេះ បាន ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕