(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានរំលឹកអំពីប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលតែងតែលើកឡើងថា «ជួយស្ដ្រី គឺជួយខ្លួនឯង, ស្ដ្រីជាផ្នែកដ៏សំខាន់នៃធនធានមនុស្សកម្ពុជា»។
ការរំលឹកប្រសាសន៍សម្ដេចតេជោនេះ ធ្វើឡើងក្នុងជំនួបសំដែងការគូរសម ជាមួយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងពិធីអបអរសាទរ ខួបលើកទី១១៤ ទីវាអន្ដរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ដ្រី និងក្មេងស្រីគ្រប់រូប» នៅវិមានរដ្ឋសភា នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។
លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានថ្លែងយ៉ាងដូច្នេះថា «សម្តេច តែងតែលើកឡើងថា ជួយស្ត្រី គឺជួយខ្លួនឯង, ស្ត្រីជាផ្នែកដ៏ សំខាន់នៃធនធានមនុស្សកម្ពុជា ដោយចាត់ទុក ស្ត្រី គឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈការដាក់ ចេញនូវយុទ្ធសាស្ត្រចតុកោណ ទាំងបួនដំណាក់កាល និងបានជំរុញឱ្យមានវត្តមានរបស់ស្ត្រីកាន់តែច្រើន ក្នុងថ្នាក់ធ្វើសេចក្តីសម្រេច ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជន»។
លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានឲ្យដឹងថា ក្នុងរយៈពេល៣០ឆ្នាំ កន្លងមកនេះ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពពេញលេញបរិបូរណ៍ ទទួលបានតាមរយៈការដាក់ចេញនូវ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, កម្ពុជា បាននិងកំពុងទទួលភាគផលពីកិច្ចអភិវឌ្ឍ និងភាពរីកចម្រើន លើគ្រប់វិស័យ រួមទាំងការកាត់បន្ថយភាពក្រីក្រ កំណើនសេដ្ឋកិច្ច ភាពប្រសើរឡើងនូវសេវាសាធារណៈ និងសុខុមាលភាពសង្គម។
បន្ថែមពីនោះទៀត លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានលើកឡើងថា សម្តេចតេជោ តែងតែគាំទ្រនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងវិធានការពិសេស ដោយមានទស្សនៈវែងឆ្ងាយ ដើម្បីអនុញ្ញាតការចូលរួម ប្រកបដោយសក្តានុពលរបស់ស្ត្រី និងក្មេងស្រី ដែលមានចំនួន ជាង៥០.៩% នៃប្រជាពលរដ្ឋសរុប។
លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានឲ្យដឹងទៀតថា នៅក្នុងអង្គសន្និបាតបូកសរុបសមិទ្ធផលការងារ ក្រសួងកិច្ចការនារី ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល កម្ពុជា នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការបន្តជំរុញនិងលើកកម្ពស់ បន្ថែមទៀត ដល់តួនាទីរបស់ស្ត្រីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្ត្រី ក្នុងការចូលរួម អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានបន្ដថា តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ រាជរដ្ឋាភិបាល នឹងពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និង បរិយាបន្ន ដែលក្នុងនោះ ស្ត្រី គឺជាស្នូល។
រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការ បង្កើនការវិនិយោគ នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយក អត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេច ចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើស្ត្រីនិងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី។
បើតាមលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី, ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងប្រាកដនិយមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ក៏ដូចជាយន្តការជាតិ និងក្រោមជាតិនានា សូមប្តេជ្ញាបន្តប្រើប្រាស់សក្តានុពល និងកាលានុវត្តភាពនានា ក្នុងការដឹកនាំភារកិច្ច របស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ ២០២៤-២០២៨ ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងផែនការយុទ្ធសាស្ត្រ បញ្ជាបយេនឌ័រតាមវិស័យ ស្របតាមការចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
រាជរដ្ឋាភិបាល នឹងបន្តអនុវត្តគោលនយោបាយ កម្មវិធី និងវិធានការនានា ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ ពង្រឹងភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី និងទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទង នឹងយេនឌ័រ តាមរយៈកម្មវិធី និងយុទ្ធសាស្ត្រអាទិភាព ដូចខាងក្រោម៖
* អភិក្រមបរិវត្តកម្មយេនឌ័រ៖ ដោយផ្តោតលើការពង្រឹងយន្តការបញ្ជាបយេនឌ័រនៅគ្រប់កម្រិត, ការធ្វើស្ថាបនូបនីយកម្មថវិកាឆ្លើយតបយេនឌ័រ, ការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី, ការធ្វើបរិវត្តកម្មផ្នត់គំនិតយេនឌ័រ, និងការពង្រឹងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ។
* លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងទប់ស្កាត់រាល់ទម្រង់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។
* ការរៀបចំផែនការសកម្មភាពជាតិ ស្តីពីការបង្កាទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការ មានផ្ទៃពោះនៅវ័យជំទង់។
* អនុវត្តរបៀបវារៈនិងផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។
* បន្តពង្រីកវិសាលភាពកិច្ចគាំពារសង្គមដែលឆ្លើយតបនឹងយេនឌ័រ, ការងារសមរម្យនិងកន្លែង ការងារដែលមានមេត្រីភាពសម្រាប់ស្ត្រី និងការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់ជា សកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។
* ពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ក្នុងសេដ្ឋកិច្ចឌីជីថល សហគ្រិនភាព ការអភិវឌ្ឍជំនាញ សេដ្ឋកិច្ចគិតគូរពីសុខុមាលភាព អភិវឌ្ឍន៍បៃតង ការប្រែប្រួលអាកាសធាតុ ព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន៕