យុវតីកាយឬទ្ធិនារីកម្ពុជា៖ កម្មវិធី «បងស្រី និងប្អូនស្រី» ក្រោមវត្តមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំរុញឲ្យស្ត្រីរឹងមាំ និងស្គាល់ពីខ្លួនឯងកាន់តែច្បាស់ (Video inside)
04-03-2025 21:15
(ភ្នំពេញ)៖ កម្មវិធី «បងស្រី និងប្អូនស្រី» លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម» ដែលរៀបចំធ្វើឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឬទិ្ធកម្ពុជា និងជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកបទពិសោធន៍ពិតនៃជីវិត ពិសេសវិធីដោះស្រាយពីបញ្ហាប្រឈមនានា រួមទាំងគន្លឹះសំខាន់ៗ ដែលមនុស្សត្រូវការជាចាំបាច់។
យុវតី ម៉ីនាង ដែលសមាជិកសមាគមកាយឬទ្ធិនារីកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ក្រោយបានចូលរួមក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបជាខ្លាំង នេះជាលើកទី១ហើយដែលបានចូលរួមកម្មវិធី «បងស្រី និងប្អូនស្រី» ក្រោយអធិបតីភាពបងស្រី (លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត)»។
«ការចែករំលែករបស់បងស្រី សុទ្ធតែជាអ្វីដែលយើងត្រូវការនៅក្នុងជីវិត ដើម្បីអភិវឌ្ឍខ្លួនក្នុងនាមជាយុវតី ពិសេសការស្គាល់ពីខ្លួនឯងកាន់តែច្បាស់ និងជំរុញឲ្យស្ត្រីមានភាពជឿជាក់លើខ្លួន រួមទាំងស្គាល់ពីកាតព្វកិច្ចរបស់ខ្លួន»។ ការបញ្ជាក់បន្ថែមរបស់យុវតី ម៉ីនាង។
ជាមួយគ្នានេះ យុវតី ក៏ដូចជាប្រធានកិត្តិយសសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តពោធិ៍សាត់ លោកស្រី អាំង សុជាតា ខូយរីដា និងតំណាងសាខាខេត្តកណ្តាល បានលើកឡើងស្រដៀងៗគ្នាពីចំណាប់អារម្មណ៍ថា កម្មវិធី «បងស្រី និងប្អូនស្រី» ពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើន ពិសេសប្រសាសន៍របស់លោកជំទាវបណ្ឌិត ដែលជាធាតុចូលដ៏សំខាន់ ជំរុញ និងលើកកម្ពស់ដល់យុវតីកម្ពុជាយើង កា្លយជាធនធានដ៏មានប្រយោជន៍ មិនមែនជាបន្ទុកសង្គម។
សូមជម្រាបថាកម្មវិធី «បងស្រី និងប្អូនស្រី» បានធ្វើឡើងនាថ្ងៃអាទិត្យ ទី០២ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដោយមានការចូលរួមពីប្រធានសាខាសមាគមទាំង៦សាខា រួមទាំងសមាជិក សមាជិកា សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ និងសាខាខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីកាយប្ញទ្ធិជាតិ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)៕