(រតនគិរី)៖ សន្និបាតអាណត្តិទី៤របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅខេត្តរតនគិរី បានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ(D) នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងលោក សយ កុសល ប្រធានសម្ព័ន្ធភាពក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

លោក ទុន ពៅ ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តរតនគិរី បានលើកឡើងថា សន្និបាតត្រូវរៀបចំឡើងរៀងរាល់៥ឆ្នាំម្តងនៅខេត្តរតនគិរីក្នុងគោល បំណងបូកសរុប និងឆ្លុះ បញ្ចាំងលទ្ធផលការងារសម្រេចបាន រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ និងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងសមាជិកបានពិនិត្យ ឆ្លុះបញ្ចាំងរៀនសូត្រពីគ្នាទៅវិញទៅមក និងកំណត់បាននូវបញ្ហាប្រឈម និងដំណោះស្រាយនានាបន្តទៅមុខព្រមកែសម្រួល និងអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម និងបោះឆ្នោតជ្រើសរើស ប្រធាន-អនុប្រធានសមាគម សមាជិកក្រុមប្រឹក្សាសមាគម និងសមាជិកគណៈកម្មាធិការ ប្រតិបត្តិសមាគម ព្រមទាំងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា សមាគមលើកទី១ សម្រាប់អាណត្តិទី៤ របស់សមាគម។

ថ្លែងនៅក្នុងសន្និបាត អាណត្តិទី៤របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តរតនគិរី នាឱកាសនេះ លោក ណាប់ ប៊ុនហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំ សមាគម ក្រុមប្រឹក្សា ក្រុង  ស្រុក ឃុំ សង្កាត់ ខេត្តរតនគិរី ជាក់ស្តែងក្នុងរយៈពេល ៥ឆ្នាំកន្លងមក ដោយនាំមកនូវសមិទ្ធផលជាច្រើនជូនដល់សមាជិកស្របតាមគោលបំណងនិងទិសដៅរបស់សមាគម ក្នុងការ លើក កម្ពស់ឋានៈ និង សមត្ថភាព របស់ ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។

លោកបន្តថា មហាសន្និបាតអាណត្តិទី៤នេះ ជាឱកាសដែលប្រតិភូមហាសន្និបាត គឺសមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង អ្នកពាក់ព័ន្ធ នឹងបានយល់ដឹងអំពីសមិទ្ធផលដែលសមាគមសម្រេចបាន និងទិសដៅការងារដែលត្រូវ អនុវត្តបន្តនៅ អាណត្តិទី៤។ ជាមួយគ្នានេះ អង្គមហាសន្និបាតក៏នឹងត្រូវ កែសម្រួល និង អនុម័តលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃរបស់សមាគមស្របតាមស្ថានភាពជាក់ស្តែង។

លោក ណាប់ ប៊ុនហេង បានលើកទឹកចិត្តលោក លោកស្រីជាប្រតិភូក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ចូលរួមក្នុងមហាសន្និបាតនេះយកចិត្តទុកដាក់ស្តាប់ចូលរួម ពិភាក្សានិងអនុម័តលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងក្នុងបំណង បង្កើនការយល់ដឹងឱ្យកាន់តែស៊ី ជម្រៅ អំពីតួនាទីភារកិច្ច គោលបំណង និងដំណើរការ របស់សមាគម ក្នុងការការពារផល ប្រយោជន៍ របស់ក្រុម ប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់។

នៅក្នងឱកាសនេះ លោក សយ កុសល ប្រធានសម្ព័ន្ធភាពក្រុមប្រឹក្សាថ្នាក់មូលដ្ឋានបានសំដែងការអបអរសាទរសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តរតនគិរី ដែលជាខេត្តទី១២ បន្ទាប់ពីខេត្តកំពង់ធំ ដែលបានរៀបចំមហាសន្និបាតអាណត្តិទី៤។ ផ្អែកតាមលក្ខន្តិកៈរបស់សមាគ សន្និបាត គឺជាអង្គធ្វើសេចក្តីសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមទាក់ទងនឹងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ច ដូចជាក្រុមប្រឹក្សា គណៈកម្មាធិការប្រតិបត្តិ និងថ្នាក់ដឹកនាំ សមាគម។

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន កំពុងជំរុញដំណើរការរៀបចំមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៅតាមរាជធានី ខេត្តនៅទូទាំងប្រទេស។ ដូច្នេះជាការចាំបាច់ដែលត្រូវពិនិត្យឡើងវិញ លើការរៀបចំរចនាសម្ព័ន្ធអង្គអភិបាលកិច្ចរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៅតាមរាជធានី ខេត្ត។ ដើម្បីឱ្យអង្គអភិបាលកិច្ចសមាគមនៅអាណត្តិទី៤ មានបរិយាបន្ន សម្ព័ន្ធភាពជាតិបានបង្កើតក្រុមការងារដែលបានជួយពិនិត្យ និងផ្តល់ យោបល់លើការរៀបចំរចនាសម្ព័ន្ធអង្គអភិបាលកិច្ចរបស់សមាគមទាំងអស់៕