(ស្ទឹងត្រែង)៖ ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា កំពុងតែបង្ហាញសក្ដានុពលទេសចរណ៍ និងត្រៀមខ្លួនជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗនៅក្នុងឆ្នាំ២០២៥។ ខេត្តស្ទឹងត្រែង គឺជាខេត្តមួយដ៏មានសក្ដានុពល ដោយមូលហេតុថា ខេត្តនេះ មិនត្រឹមតែមានភូមិសាស្រ្តក្នុង «តំបន់រ៉ាមសារ» ឬ «តំបន់ដីសើម» ដែលជាតំបន់លិចទឹកសម្បូរទៅដោយធនធានធម្មជាតិ, មច្ឆជាតិ និងជីវចម្រុះដ៏សម្បូរបែប ប៉ុន្តែថែមទាំងមានប្រវត្តិសាស្រ្តសហគមន៍ ដែលគួរតែសិក្សាស្វែងយល់ និងសំណង់ប្រវត្តិសាស្រ្តសេសសល់ពីសង្រ្គាម ដូចជាស្តូបអនុស្សាវរីយ៍ព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ជាដើម។
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍, មន្រ្តីរដ្ឋបាលខេត្ត, ប្រតិភូ Miss Cosmo Cambodia 2025 ធ្វើទស្សនកិច្ចមកកាន់ស្រុកបុរីអូរស្វាយ សែនជ័យ ដើម្បីស្វែងយល់អំពីភូមិសាស្រ្ត, សក្ដានុពលតំបន់ទេសចរណ៍ជីវចម្រុះដ៏សម្បូរបែប និងប្រវត្តិសាស្រ្តសហគមន៍។ ដំណើរទស្សនកិច្ចរបស់ប្រតិភូទាំងនេះ ប្រព្រឹត្តទៅដោយរលូន ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ជាមួយក្រុមហ៊ុន Influence Media និងក្រោមកិច្ចសម្របសម្រួលដោយផ្ទាល់របស់លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយ-សែនជ័យ។
លោកស្រីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូ ក៏បានធ្វើការស្វែងយល់អំពីប្រវត្តិសាស្រ្តសហគមន៍ នៅស្តូបអនុស្សាវរីយ៍ព្រះបរមឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ និងបន្តទស្សនកិច្ចមកកាន់ «អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ស្ថិតនៅស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ នៅអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ), លោកស្រីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូ ទស្សនាពិព័រណ៍កម្រងព្រះឆាយាល័ក្ខណ៍ និងអានសៀវភៅ២៩ច្បាប់ ដែលជាព្រះរាជអំណោយរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ជាកិច្ចបន្ត លោកស្រីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូ បានទស្សនាបណ្ណាល័យនៃអគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលមានតម្កល់សៀវភៅដ៏សម្បូរបែប រួមមាន ប្រវត្តិសាស្រ្ត, បរិស្ថាន, បច្ចេកវិទ្យា, ទស្សនវិជ្ជា និងមាតិកាផ្សេងៗ។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច លោកស្រីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូ បានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍៕