(ភ្នំពេញ)៖ មន្រ្តីយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម បានឯកភាពដល់ការពង្រឹង សហប្រតិបត្តិការតាម​បណ្តាព្រំដែន អង្គភាពយោធភូមិភាគ ជាប់តំបន់ព្រំដែន ព្រមទាំងការបន្ត​ផ្លាស់ប្តូរទស្សនកិច្ចតាមបណ្តាជំនាញ និងអង្គភាពដែល​ត្រូវផ្តល់បទពិសោធន៍ ការផ្តល់ព័ត៌មានទៅវិញទៅមក សហការយកចិត្តទុកដាក់ដល់ការងារ អប់រំចិត្តសាស្ត្រ ក្នុងកងយោធពលខេមរភូមិន្ទ។

ជាមួយគ្នានេះ ភាគីទាំង២បានបន្តសហការបង្រៀន និងបំប៉នលើផ្នែកភាសាទៅវិញទៅមក ដោយនឹងរៀបចំកម្មវិធីជាក់ស្តែងនាពេលខាងមុខ ព្រមទាំងពិភាក្សារៀបចំក្រុមសហការ​សង្គ្រោះតាមតំបន់ព្រំដែន ដែលនឹងពិចារណារៀបចំកសាងដាក់​បញ្ចូលក្នុ​ង​អនុស្សារណៈ និងពិធីសារប្រចាំឆ្នាំ២០១៧ខាងមុខ។

នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងបែបនេះ ខណៈលោក និងគណប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិកម្ពុជា មួយចំនួនទៀត បានជួប​ពិភាក្សា​ការងារជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀង ជីវិញ អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងការពារប្រទេស នៅទីក្រុង ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីពេលថ្មីៗ នេះ។

នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិនៃកម្ពុជា បានលើកឡើងឲ្យដឹងថា ទោះបីជាមានការប្រែប្រួល នៃសភាពការណ៍យ៉ាងណាក៏ដោយ ក៏មិនមានផលប៉ះពាល់ដល់ទំនាក់​ទំនង កងទ័ពនិងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលជាមិត្តជិតខាងល្អ ជាពិសេសការកំណត់នូវទស្សនគោលន​យោបាយការពារជាតិ និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេស​ទាំងពីរ កម្ពុជា-​វៀតណាម កាន់តែត្រូវបានពង្រឹង​ពង្រីក និងបង្កើននូវជំនឿជឿជាក់​ដ៏ស៊ីជម្រៅថែមទៀត។

លោក នាង ផាត បន្តថា កម្ពុជា និងវៀតណាម បើទោះបីជាមានផលប៉ះពាល់អំពីការប្រែប្រួលនៅក្នុងយុទ្ធសាស្ត្រតំបន់ ដែលបាននឹងកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស ជាពិសេសពាក់ព័ន្ធ ទៅនឹងវិស័យ​នយោបាយ​ការពារជាតិ នៃប្រទេស ទាំងពីរ ដែលទាមទារឲ្យមានការបង្កើននូវជំនឿទុកចិត្ត លើគ្នាទីញទៅមកកាន់តែខ្លាំងក្លាថែទៀត ខណៈដែល ប្រទេសទាំងពីរ ធ្លាប់មានទំនាក់ទំនង សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការជិតខាងល្អតាំង​ពីយូរលង់ណាស់ មកហើយ ។

បន្ថែមពីលើនេះ នាយឧត្តមសេនីយ៍ នាង ផាត បានលើកឡើងពីការពិនិត្យវាយតម្លៃ​ទៅលើការវិវត្តន៍ នៃសភាពការណ៍ សកលលោក សភាពការណ៍តំបន់ និងសភាពការណ៍ជាតិ ដែលកំពុងវិវត្តន៍ថ្មីៗ ព្រមទាំងវាយតម្លៃពីផល ប៉ះពាល់ដែលបណ្តាលមកពីឥទ្ធិពលរបស់បណ្តាប្រទេសមហាអំណាចមកលើ សន្តិសុខ នយោបាយការពារជាតិ របស់បណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលតម្រូវឲ្យបណ្តាប្រទេសទាំងនោះ ពិចារណា អំពីគោលនយោបាយរបស់ខ្លួន ដែលអាចដោះស្រាយបញ្ហាប្រឈម ជាយុទ្ធសាស្ត្រនៅក្នុងតំបន់ ក្នុងគោលដៅរួម គឺ ដើម្បីធានាបាននូវ សុខសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង សម្រាប់បណ្តាប្រទេសនីមួយៗនិងនៅក្នុងតំបន់ទាំងមូលផងដែរ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯកបម្រុង ង្វៀង ជីវិញ អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើការវាយតម្លៃ​ចំពោះការវិវត្តន៍នៃ សភាពការណ៍សកលលោក និងតំបន់ ពាក់ព័ន្ធទៅនឹងនយោបាយការពារជាតិ ដែលនីមួយៗមានគោល​ដៅអភិវឌ្ឍន៍រៀងៗខ្លួន។

ដោយឡែកនៅក្នុងសភាពការណ៍ថ្មីៗនេះ វៀតណាមត្រូវតែម្ចាស់ការ ចំពោះការប្រែប្រួលដោយសន្តិវិធី​នូវរាល់ដំណោះស្រាយ និងបញ្ហាប្រឈមនានា និងចាត់ទុកវេទិការអាស៊ាន​ជាវេទិការ សំខាន់ ដើម្បីសន្ទនាជាមួយប្រទេសធំៗ ហើយនៅក្នុងអាស៊ាន វៀតណាម បានចាត់ទុកកម្ពុជា និងឡាវ ជាដៃគូរយ៉ាងសំខាន់ និងត្រូវរក្សាសាមគ្គីភាពមិត្តភាព សហប្រតិបត្តិការ ដើម្បីផលប្រយោជន៍​ទៅវិញទៅមក។

យោងទៅតាមសំណើររបស់ភាគីកម្ពុជានៅក្នុងកិច្ចសន្ទនានេះផងដែរ ភាគីវៀតណាមបន្តជួយ ដល់ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីរួមចំណែកក្នុងការកែទម្រង់​កងយោធពលខេមរភូមិន្ទបន្ត ជួយឧបត្ថម្ភ និងអនុវត្តន៍តាមពិធីសារ ស្តីពីកិច្ចសហប្រតិប្រតិ្តការប្រចាំឆ្នាំ រវាងក្រសួងការពារជាតិទាំងពីរ កម្ពុជា-វៀតណាម ។

ក្នុងកិច្ចសន្ទនាស្តីពីនយោបាយការពារជាតិ កម្ពុជា-វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិលើកទី២ភាគី នាពេលនេះបានបញ្ចប់ប្រកបដោយជោគជ័យ ព្រមទាំងបានបង្ហាញនូវ​មនោសញ្ចេតនាយ៉ាងស្និត ស្នាលជាទីបំផុត រវាងថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិនៃកម្ពុជា គណប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិកម្ពុជា បានអញ្ជើញមក​បំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្កមនិយមវៀតណាម តាមការអញ្ជើញ​របស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង​ដោយអនុវត្តន៍តាមផែនការ សហប្រតិបត្តិការ​ឆ្នាំ២០១៦ រវាង ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស​ នៃសាធារណរដ្ឋសង្គមនិយមវៀតណា រយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុង ហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

តណាម៕