(ប៉ៃលិន)៖ នៅមន្ទីរកិច្ចនារីខេត្ត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតបាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ ០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»

លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជា អាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាព ជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលនៅក្នុងនោះ (ស្ត្រីគឺជាស្នូល) តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផល ដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្ត អំពីផែនការគ្រួសារកាត់បន្ថយ ភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ ទង នឹងយេនឌ័រលើស្ត្រី និងក្មេងស្រី។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា ទិវាអន្តរជាតិ៨មីនា ឆ្នាំ២០២៥ ខួបលើកទី ១១៤ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើក កម្ពស់សមភាពនិងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ហើយប្រធានបទនេះ ក៏ផ្តោតសំខាន់ ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹង សហគមន៍ និងវឌ្ឍនភាពសង្គមជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះ បញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។

នៅក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានផ្ដាំផ្ញើ និងសំណូមពរដល់អាជ្ញាធរ ដែនដី គ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិលយកចិត្តទុកដាក់ការងារបញ្ជាបយេនឌ័រ ដែលបានកំណត់នៅ ក្នុងផែនការ យុទ្ធសាស្ត្រ នារីរតនៈទី៦ មានក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងសមត្ថភាព និងរចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាវិធានការ ជាក់លាក់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យទាំង ៦ធំៗ រួមមាន÷ ១-ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី, ២-ការលើកកម្ពស់សីលធ៌មសង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរ, ៣-ការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងក្មេងស្រី, ៤-កិច្ចការពារ ផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី, ៥- ស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច និង ៦-ស្ត្រីនិងការប្រែប្រួសអាកាសធាតុ៕