(បាត់ដំបង)៖ កូនប្រុសដែលមានជំងឺសរសៃប្រសាទ (សតិមិនគ្រប់) បានកាប់ឪពុកបង្កើតខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗខណៈពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៦ នៅចំណុចបឹងឫស្សី ស្ថិតក្នុងភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

មន្ដ្រីនគរបាល ស្រុកមោងឬស្សី បានឲ្យដឹងថា ជនសង្ស័យត្រូវជាកូនបង្កេីតឈ្មោះ បឿន សុខ (ហៅអ៉ិន សុខុម) អាយុ៤០ឆ្នាំ មុខរបរធ្វេីស្រែ បានយកពូថៅកាប់ទៅលេីជនរងគ្រោះ ជាឪពុក​បង្កេីតឈ្មោះ ប៊ិច បឿន អាយុ៦៥ឆ្នាំ ចំនួន៤ពូថៅ ហើយបានស្លាប់ពាក់កណ្ដាលផ្លូវពេលបញ្ជូនទៅមន្ទីពេទ្យ រួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

សូមបញ្ជាក់ថា ជនសង្ស័យខាងលេីនេះ ធ្លាប់ជាប់ពន្ធនាគារម្ដងហេីយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ ក្នុងករណីមនុស្សឃាត ដោយចេតនា (បាញ់សម្លាប់មេខ្លួនឯង) ហេីយបានចេញ​ពីពន្ធនាគារ​នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ មកដល់ថ្ងៃកើតហេតុ។

ក្រោយកើយហេតុ កម្លាំង​អធិការ​ស្រុក​មោង​ឫស្សី​ ចុះ​ប្រតិបត្តិ​ការ​រុករក​ ​រយៈ​ពេល​ជាង​៣ម៉ោង​ ទើប​ចាប់​ឃាតក​ម្នាក់​នោះ​បាន​ នាំយកមកអធិការស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូន​បន្តទៅតុលាការខេត្ត ចាត់បន្តតាមច្បាប់។ រីឯសាកសពត្រូវបានក្រុមគ្រួសារធ្វេីបុណ្យ តាមប្រពៃណី៕