(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅព្រលប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីជូនដំណើរនិស្សិតជាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុនថ្មី សម្រាប់ឆ្នាំ២០២៥ ចំនួន៣៤រូប នៅក្នុងកម្រិតថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន ក្នុងពេលឆាប់ៗនេះ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក សាន វឌ្ឍនា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងអតីតនិស្សិតដែលបានសិក្សានៅប្រទេសជប៉ុនជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះដែរ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំកម្ពុជា បានលើកឡើងថា ទំនាក់ទំនងមិត្តភាពទ្វេភាគីកម្ពុជា-ជប៉ុន ក្រោម «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ត្រូវបានគាំទ្រយ៉ាងទូលំទូលាយដោយការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដូចដែលមានក្នុងពេលនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា រួមជាមួយអាជ្ញាធរពាក់ព័ន្ធ សម្រាប់កិច្ចសហការនានា ដែលមិនអាចកាត់ថ្លៃបានចាប់តាំងពីជំហានដំបូង រហូតដល់ដំណាក់កាលបញ្ចប់នេះ។

ទន្ទឹមនឹងនោះ ឯកអគ្គរាជទូតជប៉ុន បានបង្ហាញការរីករាយណាស់ ដែលបានឃើញអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុនជាច្រើនបានដើរតួនាទីយ៉ាងសកម្មក្នុងវិស័យរៀងៗខ្លួន និងបានចូលរួមក្នុងកម្មវិធីថ្ងៃនេះហើយក្នុងនោះរួមទាំងលោកបណ្ឌិត ម៉ី កល្យាណ ផង ដែលកំពុងអបអរសាទរខួប៥០ឆ្នាំ នៃការសិក្សារបស់លោកនៅប្រទេសជប៉ុន។ ​

សម្រាប់លោក សាន វឌ្ឍនា ក៏បានលើកទឹកចិត្តនិស្សិតអាហារូបករណ៍ទៅជប៉ុនចំនួន៣៤រូប ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិ។ ដោយសង្ឃឹមថាក្មួយៗទើបបញ្ចប់ការសិក្សាមិនខុសពីសិស្សច្បងជាអតីតនិស្សិតអាហារូបករណ៍នឹងប្រើប្រាស់នូវអ្វីៗ ដែលក្មួយៗបានសិក្សារៀនសូត្រនៅប្រទេសជប៉ុន ចូលរួមចំណែកដល់ការ អភិវឌ្ឍក្នុងវិស័យផ្សេងៗនៅកម្ពុជា និងបន្តពង្រឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរចំពោះនិស្សិតដែលបានប្រលងជាប់អាហារូបការណ៍បន្តការសិក្សា នៅប្រទេសជប៉ុន ដែលនឹងផ្តល់នូវការយ៉ាងធំធេងសម្រាប់ជីវិត ពិសេសជំនាញ និងសមត្ថភាពត្រលប់មកជួយអភិវឌ្ឍប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានជំរុញឱ្យនិស្សិតអាហារូបការណ៏ទាំងអស់ប្រឹងប្រែងសិក្សា រៀនសូត្រ រៀនពីជីវិត វប្បធម៌ និងការរស់នៅប្រទេសជប៉ុន និងចែករំលែកវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់កម្ពុជា ទៅកាន់ប្រទេសជប៉ុន ដើម្បីជាស្ពាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកមិនភ្លេចអរគុណរដ្ឋាភិបាលជប៉ុន ដែលតែងផ្តល់អាហារូបករណ៍ដល់និស្សិតវ័យក្មេងរបស់កម្ពុជា ដើម្បីបានបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅប្រទេសជប៉ុន ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។

សូមជម្រាបថារដ្ឋាភិបាលជប៉ុន បានផ្តល់អាហារូបករណ៍សម្រាប់យុវជនកម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ រហូតមកទល់សព្វថ្ងៃនេះ មានយុវជនកម្ពុជាច្រើនជាង ១,៥០០នាក់ ហើយដែលបានទទួលអាហារូបករណ៍ដើម្បីបន្តការសិក្សារបស់ពួកគេនៅប្រទេសជប៉ុន៕