(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រី មកពី១៥ ស្ថាប័ន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សរុបមានចំនួនជាង៣០០នាក់ ដឹកនាំដោយលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារីលើកទី១១៤ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប »

នៅក្នុងឱកាសនោះ សម្តេចបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនអង្គពិធីផងដែរ។ សម្តេច ប្រធានរដ្ឋសភាបានលើកឡើងពីលទ្ធផលជាច្រើនដែលរដ្ឋសភានិងរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងការលើកកម្ពស់សិទ្ធិស្រ្តីនៅកម្ពុជា។

សម្តេចប្រធានរដ្ឋសភា ក៏ដូចជាអង្គពិធីទំាងមូល បានសម្តែងនូវអំណរគុណនិងការដឹងគុណជូន សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍សន្តិភាពនិងជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបានស្វែងរកសន្តិភាពជូនពលរដ្ឋ។ ការទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសនោះហើយ ទើបស្រ្តីនៅកម្ពុជាទទួលបានការគោរព ការផ្តល់ជូនឋានៈតួនាទីនៅក្នុងសង្គម ដូចពេលបច្ចុប្បន្ននេះ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា តួនាទីនិងឋានៈរបស់ស្រ្តីនៅក្នុងសង្គមផ្សារភ្ជាប់ជាមួយស្ថានភាពនយោបាយរបស់សង្គមជាតិនីមួយៗ។ សង្គមជាតិមានសន្តិភាព ស្រ្តីមានសិទ្ធិ មានសេរីភាពនិងទទួលបានឋានៈនៅក្នុងសង្គម។ បើសង្គមជាតិជួបសង្រ្គាមគឺបាត់បង់សិទ្ធិទំាងអស់ សូម្បីសិទ្ធិជាមូលដ្ឋាននៃការរស់រានមានជីវិតក៏គ្មានដែរ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចាប់តំាងពីថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩មក រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ដូចមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលសម្តេចនៅជានាយករដ្ឋមន្រ្តី។

ដោយ សម្តេចតេជោ តែងតែមានប្រសាសន៍ថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងថា ជួយស្រ្តីដូចជួយខ្លួនឯង»។ ចំណែករាជរដ្ឋាភិបាលជំនាន់ថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី ១។ សម្តេចបវរធិបតីក៏បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើននិងថាស្រ្តីជាបេះដូងរបស់គ្រួសារ»

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍គូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការបន្តជំរុញនិងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាល នឹងពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តី គឺជាស្នូល។ រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគ នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើស្រ្តីនិងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

លោកស្រីរដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏ដូចជារដ្ឋសភាទំាងមូល ដែលជានិច្ចកាល បានគាំទ្រ ការតាក់តែង ការពិនិត្យ និងសម្រួលការអនុម័តច្បាប់ ដែលការពារសិទិ្ធ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ទាំងបុរស និងស្រ្តី ហើយចូលរួមចំណែកយ៉ាងសកម្ម ក្នុងការតាមដានការអនុវត្ត ព្រមទាំងការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងពីច្បាប់ និងសិទ្ធិរបស់ខ្លួន ដែលនេះជាកត្តាដ៏សំខាន់ ដើម្បីពង្រឹងនីតិរដ្ឋ និងពន្លឿនកិច្ចអភិវឌ្ឍសង្គមប្រកបដោយសន្តិភាព សណ្តាប់ធ្នាប់ល្អ ចំណេះដឹងខ្ពស់ និងមានសីលធម៌។ ការបន្តគាំទ្ររបស់រដ្ឋសភា ចំពោះការអនុម័ត និងជំរុញការអនុវត្តគោលនយោបាយ លើកកម្ពស់ សមភាពយេនឌ័រ ពិតជាមានសារៈសំខាន់និងចាំបាច់ជាទីបំផុត ដើម្បីពន្លឿនការធ្វើឱ្យសម្រេចបាននូវកិច្ចអភិវឌ្ឍសង្គមមួយ ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។

ចំណែកលោកបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការស្តីទីរដ្ឋសភានិងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ពិធីអបអរសាទរទិវាអន្តរជាតិដែលរដ្ឋសភារៀបចំនៅពេលនេះ ជាឱកាសដ៏ប្រសើរ ក្នុងការអបអរសាទរ នូវសមិទ្ធផលសំខាន់ៗនានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន ដោយមានក្រសួងកិច្ចការ នារីជាសេនាធិការ និងការរួមវិភាគទានដ៏មានតម្លៃរបស់ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។

ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ ប្រាកដនិយម រយៈពេលជាច្រើនទសវត្សរ៍ ដោយមានច្បាប់ គោលនយោបាយ យុទ្ធសាស្រ្ត យន្តការដឹកនាំនិងសម្របសម្រួល និងយុទ្ធនាការ ដូចភ្លៀងរលឹម បានធ្វើឱ្យមានការទទួលស្គាល់គ្រប់វណ្ណៈសង្គម ពីសិទ្ធិ សមភាព និងតួនាទីដ៏សំខាន់របស់ស្រ្តី ក្នុងការដឹកនាំ ធ្វើសេចក្តីសម្រេចចិត្តថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ការចូលរួមក្នុងឆាកនយោបាយ វិស័យឯកជន និងតួនាទី ក្នុងសង្គម និងគ្រួសារ។ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូមគោរពកោតសរសើរ និងអបអរសាទរ ចំពោះសមិទ្ធផលដ៏ឧត្តុង្គឧត្តម ដែលសម្រេចបានរហូតមកដល់ពេលនេះ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភានាពេលនេះ សរបញ្ជាក់យ៉ាងច្បាស់ ពីឆន្ទៈមោះមុត ក្តីស្រលាញ់ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេច ចំពោះ ការផ្តល់សិទ្ធិ ការលើកកម្ពស់យេនឌ័រ ការផ្តល់ភាពអង់អាច និងការគាំពារដល់ស្រ្តី និងកុមារី គ្រប់រូប ទាំងនៅលើឆាកអន្តរជាតិ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អស់ពេលជាច្រើនទសវត្សរ៍កន្លងមកនេះ សម្តេចប្រធានរដ្ឋសភា បានលះបង់ទាំងកម្លាំងកាយចិត្តមិនរាថយ ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ តាមរយៈ ការជំរុញការអនុម័តច្បាប់ និងការផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ពាក់ព័ន្ធនានា លើការលើកកម្ពស់សមភាពយេនឌ័រ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការបង្រ្កាបអំពើជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទ និងអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ ជាដើម រួមនឹងការតស៊ូមតិ កិច្ចសន្ទនា និងការដឹកនាំយុទ្ធនា នានា ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្រ្តី ក្នុងតួនាទីដឹកនាំ និងឆាកនយោបាយ ជាដើម។

ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ដែលតំណាងឱ្យឆន្ទៈប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គាំទ្រទាំងស្រុងចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ឥស្សរជនបន្តវេន ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត វាងវៃ និងមោះមុត បានចេញ និងពង្រឹងការអនុវត្តគោលនយោបាយ កម្មវិធី និងវិធានការនានា រួមទាំងការពង្រឹងកិច្ចសហការ និងភាពជាដៃគូរវាងក្រសួង ស្ថាប័ននិងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីនៅតាមវិស័យអាទិភាព និងនៅគ្រប់កម្រិត៕