(កំពង់ស្ពឺ)៖ ដើម្បីបម្រើឱ្យវិស័យព្រះពុទ្ធសាសនាកាន់តែរីកចម្រើន លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តសុវណ្ណគិរី ហៅវត្តកំប៉ូត ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។
សមិទ្ធផលដែលនឹងដាក់សម្ពោធឆ្លងនាថ្ងៃនេះ រួមមាន៖ កុដិថ្មីចំនួន២ខ្នង មាន១៧បន្ទប់ (ក្នុងនោះខ្នងទី១ មានទំហំ១១មx៧២ម ស្មើនឹង១២បន្ទប់ កម្ពស់១២ម ប្រក់ក្បឿង និងខ្នងទី២ មានទំហំ១១មX៣០ម ស្មើនឹង៥បន្ទប់ កម្ពស់១២ម ប្រក់ក្បឿង) ព្រះវិហារ សាលាធម្មសភា រោងទទួលភ្ញៀវ ចាក់ដីបំពេញទីធ្លាវត្ត រៀបចំសួនច្បារ របងវត្តចំនួន៣៨០ប្រឡោះ បន្ទប់ទឹកចំនួន១២បន្ទប់ រូបសំណាក់សម្តេចព្រះសង្ឃរាជ ជួន ណាត ស្រះទឹក និងសមិទ្ធផលនានា សរុបថវិកាអស់ចំនួន៧៣៥.០៦០ដុល្លារ។ ថវិកាទាំងនេះគឺមានការចូលរួមពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនជិតឆ្ងាយក្នុងនិងក្រៅប្រទេសទាំងអស់។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអនុមោទនាត្រេកអរ និងសម្តែងនូវមោទនភាពចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមមួយនេះ ដែលជាមរតកសាសនាដ៏មានតម្លៃភ្ជាប់ទៅនឹងព្រលឹង បុព្វបុរសរបស់ជាតិ ក្នុងអតីតកាល និងសូមថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះថ្នាក់ដឹកនាំ អាជ្ញាធរដែនដី ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានផ្តួចផ្តើមគំនិតក្នុងការកសាង សមិទ្ធផលនានានៅក្នុងទីអារាមនេះ ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើបុណ្យទានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាដើម្បីបម្រើជាឧត្តមប្រយោជន៍រួមសម្រាប់វិស័យពុទ្ធចក្រ និងអាណាចក្រ។
ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី បានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីដឹកនាំនាវាកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែង វិស័យព្រះពុទ្ធសាសនា បានរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិជួយកាត់បន្ថយភាពក្រីក្រ។ វិស័យព្រះពុទ្ធសាសនា ទីវត្ដអារាម គឺជាថ្នាលបណ្តុះបណ្ដាលព្រះសង្ឃ និងគ្រហស្ថ ដែលជាកូនចៅប្រជាពលរដ្ឋក្រីក្ររបស់យើងទាំងអស់គ្នា។
រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមកសាងផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ពិសេសជាកន្លែងអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទ និងមហាជនទូទៅឲ្យបានចំណេះដឹងខ្ពង់ខ្ពស់ទៅថ្ងៃអនាគត ជូនកូនចៅជំនាន់ក្រោយៗរបស់យើងផងដែរ។
ជាមួយគ្នានេះ យុវជនជំនាន់ក្រោយមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្នុងសង្គមមួយដែលប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន ដូច្នេះសូមខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់សិក្សារៀនសូត្រ កសាងលត់ដំខ្លួនឱ្យក្លាយជាធនធានមានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ ដើម្បីឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់ឪពុកម្តាយ អាណាព្យាបាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ និងឥស្សរជនថ្នាក់ដឹកនាំជាតិជាច្រើន ដែលបានតស៊ូលះបង់ប្រកបដោយពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព និងសេចក្តីសុខសាន្តជូនជាតិ និងប្រជាជន៕