(កំពង់ចាម)៖ លោក ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បាននាំយកកុំព្យូទ័រចំនួន ១៣គ្រឿង មកជូនដល់វិទ្យាល័យមហាសៀក និងអនុវិទ្យាល័យពង្រ ស្ថិតនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។
កុំព្យូទ័រទាំងនេះគឺជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា (គម្រោងមេគង្គ-គង្គា) តាមរយៈស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋនៅក្នុងស្រុកបានសិក្សាស្វែងយល់ពីប្រព័ន្ធឌីជីថល លើការអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមជម្រាបជូនថា នៅឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានទទួលអនុវត្តគម្រោងមជ្ឈមណ្ឌលកុំព្យូទ័រសហគមន៍ ក្រោមការសម្របសម្រួលរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា។ តាមរយៈគម្រោងនេះ ក្រសួងព័ត៌មាន បានរៀបចំមជ្ឈមណ្ឌលចំនួន២ ដោយត្រូវបំពាក់កំព្យូទ័រ៤០គ្រឿង។
កន្លងមក ក្រសួងបានផ្តល់កុំព្យូទ័រចំនួន ២០គ្រឿងរួចមកហើយ និងដំណាក់កាលទី២នេះ គឺបានផ្តល់ជូន ចំនួន ១៣គ្រឿងបន្ថែមទៀត។ ក្នុងដំណាក់កាលបន្ទាប់នឹងត្រូវបន្តផ្តល់កុំព្យូទ័រចំនួន ៧គ្រឿងបន្ថែមទៀត៕