(ពោធិ៍សាត់)៖ នាយ​ឧត្តមសេនីយ៍​ ទៀ សីហា ឧបក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បាន​​អញ្ជើញ​ជា​អធិប​តី​ ក្នុងពិធីបូកសរុបប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9MH-912 ព្រមទាំងបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ-ប័ណ្ណថ្លែងអំណរគុណ ដល់កងកម្លាំងចុះប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ ដែលបានធ្លាក់ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បន្ទាប់ពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេរមភូមិន្ទ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលធ្លាប់ បានធ្វើរបាយការណ៍ស្វាគមន៍ ជុំវិញប្រតិបត្តិការសហការរុករកឧទ្ធម្ភាគចក្រ ប្រភេទZ9MH-912 នោះរួចមក, នាយ​ឧត្តមសេនីយ៍​ ទៀ សីហា ឧបក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ បាននាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនចំពោះកងកម្លាំងគ្រប់កងឯកភាព ដែលបានប្រើប្រាស់កម្លាំងកាយចិត្ត ក្នុងការសហការចុះរុករកឧទ្ធម្ភាគចក្រ បើទោះបីភូមិសាស្ត្រព្រៃស្តុក មានជ្រលងជ្រោះជ្រៅ និងអាកាសធាតុមិនអំណោយផល ក៏កងកម្លាំងរបស់យើង បានពុះពារ និងបានទុកឱកាសដល់កម្លាំងចម្រុះ នៃកងយោធពលខេមរភូមិន្ទ ធ្វើការរុករកបន្ត រហូតទទួលបានជោគជ័យ។

នាយ​ឧត្តមសេនីយ៍​ ទៀ សីហា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កម្លាំងទាំងអស់ មិនថាកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ឬកម្លាំងគណៈបញ្ជាការឯកភាពខេត្ត-ស្រុក ប៉ុណ្ណោះទេ គឺសុទ្ធសឹងជាកម្លាំងស្នូល ដែលពួកគាត់មានឆន្ទះខ្ពស់ ក្នុងការសហការគ្នារុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង ក្នុងអំឡុវពេលបើកហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ឧបក​នាយក​រដ្ឋមន្ត្រី បានបន្តថា ដោយទទួលបានបទបញ្ជា ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ចាប់ពីថ្ងៃទី១៣ ខែកក្កដា កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ និងដោយបានការចូលរួម ពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកវាលវែង ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានចុះប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃភ្នំ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់រយៈពេល១៧ថ្ងៃ ទើបរុករកឃើញ នេះដោយសារកត្តាភូមិសាស្ត្រព្រៃស្តុក មានជ្រលងជ្រោះជ្រៅ និងកត្តាអាកាសធាតុមិនអំណោយផល។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បានគូសបញ្ជាក់ថា យើងរៀបចំកម្មវិធីនាឱកាសនេះ គឺដើម្បីបូកសរុបដកពិសោធន៍ ក្នុងប្រតិបត្តិការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រ ប្រភេទZ9MH-912 ដើម្បីមានមូលដ្ឋានត្រៀមបង្ការទៅថ្ងៃខាងមុខ។

ជាមួយគ្នានោះ ក៏ដើម្បីលើកទឹកចិត្ត ដល់កងកម្លាំងចុះប្រតិបត្តិការរុករក និងសង្គ្រោះ ដែលត្រូវបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ-ប័ណ្ណថ្លែងអំណរគុណផងដែរ។

សូមរំលឹកថា ឧទ្ធម្ភាគចក្រ ត្រូវបានក្រុមរុករកប្រទះឃើញ នៅចង្កេះភ្នំវាលធំ (យ៉ាវយ៉ៃ) នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ និងបានឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ នៅនឹងកៅអីឧទ្ធម្ភាគចក្រនោះ។ ដោយឡែកនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងរុករក ក៏បានបន្តប្រទះឃើញអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា បានស្លាប់បាត់បង់ជីវិត នៅចម្ងាយប្រមាណ២១០ម៉ែត្រ ពីចំណុចធ្លាក់ឧទ្ធម្ភាគចក្រ។

ឧទ្ធម្ភាគចក្រយោធា Z9MH-912 បានបាត់ដំណឹងកាល ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រនេះដែរ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើង ចូលទៅកាន់តំបន់ព្រៃក្រាស់ តាមជ្រោះជ្រលងភ្នំជាដើម៕