(ភ្នំពេញ)៖ ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១ ខែមីនា នៅខណ្ឌកំបូល នៅក្នុងកម្មវិធីប្រដាល់មួយរៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ។

MC Vutha ជាពិធីករប្រដាល់នៅស្ថានីយទូរទស្សន៍ Town ហើយនារីដែលលើកស្លាកទឹកប្រដាល់នេះ គឺជាអ្នកផ្សព្វផ្សាយវិស័យទេសចរណ៍ម្នាក់ដ៏ល្បីនៅតាមបណ្តាញសង្គមផងដែរ។

ជាលទ្ធផល ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយនិងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។

ខាងក្រោមនេះ ជាលិខិតសូមទោសជាសាធារណៈរបស់ពិធីករ ជួប វុត្ថា ហៅ MC Vutha៕