(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា ការរៀបចំគោលនយោបាយត្រូវផ្អែកតាមវិទ្យាសាស្រ្ត មិនមែនអារម្មណ៍ ខណៈរាជរដ្ឋាភិបាលកំពុងចាត់វិធានការពង្រឹងការប្រមូល ឬវិភាគព័ត៌មានរបស់ស្ថាប័នដើម្បីធានាបាននូវសុក្រឹត្យភាព។
ការថ្លែងបែបនេះរបស់សម្តេច បានថ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ»។
នាឱកាសនោះ សម្តេចបវរធិបតី បានផ្ដល់នូវអនុសាសន៍ដល់វិទ្យាស្ថាន CDRI ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសលើកិច្ចការស្រាវជ្រាវរបស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឍិ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការបន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលបរ្មូលទិន្នន័យ និងបោះពុម្ភផ្សាយឯកសារស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ការសិក្សាស្រាវជ្រាវដែលប្រើប្រាស់ព័ត៌មាន និងទិន្នន័យបឋម (Primary data) តាមរយៈការចុះប្រមូលទិន្នន័យ និងស្ទង់មតិ។
ការណ៍នេះ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ការស្រាវជ្រាវផ្អែកទៅលើទិន្នន័យដែលប្រមូលបាន មិនមែនជាការស្រម៉ៃនោះទេ តែត្រូវមានសុក្រឹតភាព និងសង្គតិភាពនៃទិន្នន័យបឋម ឬអាចហៅថាទិន្នន័យកម្រិតមីក្រូ ដែលជាសារសំខាន់ណាស់សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬតម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងស្របតាមស្មារតីរបស់រាជរដ្ឋាភិបាល៕