(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនយកការវិភាគបែបស៉ីអារម្មណ៍ មកធ្វើជាមូលដ្ឋានក្នុងការតាក់តែងគោលនយោបាយឡើយ ការបង្កើតគោលនយោបាយនីមួយៗ គឺសុទ្ធតែដកស្រង់មតិពីគ្រប់ភាគី ផ្អែកលើស្ថានភាពសង្គមជាក់ស្ដែង ហើយនៅពេលអនុវត្ត គឺមានការតាមដាន កែសម្រួល និងពង្រឹងបន្ថែម។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ»។ ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។
នាឱកាសនោះ សម្ដេចបវរធិបតីបានរំឭកថា ម្សិលម្ងៃ សម្ដេចបានពិភាក្សាជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីជួយដល់វិស័យអាកាសចរណ៍កម្ពុជា ជួយឱ្យក្រុមហ៊ុនអាកាសចរណ៍នានាចំណាយអស់តិចជាងមុន ហើយអាចដឹកអ្នកដំណើរពីក្រៅប្រទេសចូលមកប្រទេសកម្ពុជាបាន ដូចជាតាមរយៈជើងហោះហើរជួលជាដើម។ នេះគឺកើតចេញពីការជួបពិភាក្សាជាប្រចាំ ដើម្បីប្រមូលទិន្នន័យ វិភាគ ហើយដាក់ចេញយន្តការអនុវត្ត ដោះស្រាយ។
សម្ដេចធិបតីបានបន្តថា «ការវិភាគមានច្រើន ដែលខ្ញុំតែងនិយាយថា មានវិភាគបែបវិទ្យាសាស្ត្រ និងវិភាគស៉ីអារម្មណ៍។ កុំយកការវិភាគបែបស៉ីអារម្មណ៍យកមកធ្វើជាមូលដ្ឋានដាក់ចេញជាគោលនយោបាយ។ ឯការប្រមូលទិន្ន័យក៏មិនមែនយកទិន្នន័យពី Google ទាំងស្រុងនោះឡើយ។ ប្រាកដណាស់ គឺយកតែទិន្នន័យផ្លូវការ ដើម្បីជាជំនួយស្មារតីក្នុងការធ្វើគោលនយោបាយ»។
ជាក់ស្ដែង ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលនឹងរង់ចាំមើលពីលទ្ធផល ដើម្បីយកទៅពិនិត្យមើល សំយោគមតិទូទៅរបស់អ្នកជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយផ្ទៀងផ្ទាត់ជាមួយដំណើរការគោលនយោបាយរបស់យើង ថាតើដំណើរការដល់ណា? មានបញ្ហាអ្វី? លើវិស័យណាខ្លះ? ហើយយើងត្រូវកែសម្រួល ឬពង្រឹងយ៉ាងណាខ្លះទៀត?
សម្ដេចបវរធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលត្រូវការអ្នកដែលដឹងរឿងពីវិស័យនានាម្នាក់មួយជ្រុងៗ រួចយកមកផ្គុំគ្នា សំយោគចេញជាគោលនយោបាយរួម។ គ្មានអ្វីល្អឥតខ្ចោះនោះទេ ប៉ុន្តែល្អក្នុងកម្រិតមួយដែលយើងអាចដោះស្រាយបញ្ហាបាន។ នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលធ្វើការ មិនមែនធ្វើតែមនុស្សម្នាក់នៅតែក្នុងបន្ទប់នោះទេ។
សម្ដេចបានបញ្ជាក់ទៀតថា គោលនយោបាយមួយ ទោះបីធ្វើរួចហើយ ដាក់ចេញឱ្យអនុវត្តហើយ តែវាក៏នៅតែប្រែប្រួលរហូតទៅតាមស្ថានភាពសេដ្ឋកិច្ច។ ពេលដែលយើងធ្វើគោលនយោបាយ អត់មានសង្គ្រាមពាណិជ្ជកម្មទេ តែក្នុងរយៈពេលមួយខែនេះហាក់ដូចជាមានសង្គ្រាមពាណិជ្ជកម្ម។ ម្យ៉ាងទៀត ការវិវត្តរបស់វិស័យបញ្ហាសិប្បនិមិត្ត (AI) គឺចូលមកលឿនជាងការព្យាករណ៍របស់យើង។ ដូច្នេះហើយទើបយើងត្រូវតាមដានជាប្រចាំ ដូចបានរៀបរាប់ខាងលើ៕