(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា ក្នុងរយៈពេល១៩ខែមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្ដដាក់ចេញ និងអនុវត្តវិធី យន្ដការកែទម្រង់បន្ដបន្ទាប់ ដើម្បីឆ្លើយតបបញ្ហានានា។

ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអងថា ពាក់ព័ន្ធកម្មវិធីគោលនយោបាយអាទិភាព៦ និងវិធានការគន្លឹះទាំង៥ រាជរដ្ឋាភិបាលបានបន្ដដាក់ចេញយន្ដការអនុវត្ត តាមដាន និងវាយតម្លៃដើម្បីពិនិត្យលទ្ធផលការងារ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលជាង១៩ខែកន្លងទៅនេះ រាជរដ្ឋាភិបាល បានបន្តដាក់ចេញ និងអនុវត្តកម្មវិធី, យន្តការកែទម្រង់ និងវិធានការឆ្លើយតបជាបន្តបន្ទាប់។ ជាក់ស្ដែង ពាក់ព័ន្ធនឹងកម្មវិធីគោលនយោបាយអាទិភាព៦ និងវិធានការគន្លឹះទាំង៥, រាជរដ្ឋាភិបាលបានដាក់ចេញយន្តការអនុវត្ត និងបន្តតាមដាន និងវាយតម្លៃ ដែលកន្លងទៅនេះ យើងអាចនិយាយបានថា ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ»

ក្នុងគោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន់, រាជរដ្ឋាភិបាលត្រៀមនឹងដាក់ឲ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាព ប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ឆ្នាំ ២០២៥ - ២០២៨» ដោយផ្តោតលើសសរស្តម្ភ៣សំខាន់ៗ។ នេះបើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី។

បើតាមការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សសរស្តម្ភសំខាន់ៗទាំង៣រួមមាន ទី១៖ កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុង រយៈពេលខ្លីទៅមធ្យម តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួច និងចំគោលដៅ,​ ទី២៖ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈជារចនាសម្ព័ន្ធ, ស្មុគស្មាញ និងអន្តរវិស័យ និងទី៣៖ កម្មវិធីត្រៀមលក្ខណៈចាកចេញពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីធានានូវការចាកចេញដោយរលូន។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI និងប្រធានបទទាំង៣ ដែលនឹងលើកយកមកពិភាក្សា ការសិក្សាបានលើកឡើងពី «យុទ្ធសាស្ត្រនៃកំណើនថ្មី» ដែលការគួបផ្សំគ្នា រវាងគោលនយោបាយកំណើនសេដ្ឋកិច្ចតាមវិស័យអាទិភាព ជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ៕