(តូក្យូ, ជប៉ុន)៖ ក្នុងបេសកកម្មការងារថ្ងៃដំបូងរបស់លោក វ៉ាន់ សារាយ អគ្គនាយករងរបស់បណ្តាញព័ត៌មាន Fresh News នាថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ត្រូវបានមន្ត្រីក្រសួងការបរទេសជប៉ុនរៀបចំឱ្យទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ NHK ដែលជាបណ្តាញផ្សព្វផ្សាយសារធារណៈតែមួយគត់របស់ជប៉ុន។
NHK ត្រូវបានបើកការផ្សាយលើកដំបូងនៅឆ្នាំ១៩២៥ ដោយផ្សាយតាមវិទ្យុ ដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ។ ការចាប់ផ្តើមដំណើរការផ្សាយនេះ បន្ទាប់ពីជប៉ុនរងការវាយប្រហារដោយគ្រោះមហន្តរាយរញ្ជួយដី។
NHK បានចាប់ផ្តើមដំណើរការផ្សាយតាមទូរទស្សន៍នៅឆ្នាំ១៩៥៣។ បច្ចុប្បន្ន NHK មានពីរប៉ុស្តិ៍ គឺជា GTV និង ETV។ GTV ផ្សាយព័ត៌មានទូទៅមាននយោបាយ សង្គម សេដ្ឋកិច្ចជាដើម។ ដោយឡែក ETV ផ្សាយផ្តោតជាសំខាន់លើការអប់រំ។
ក្រៅពីផ្សាយជាភាសាជប៉ុនហើយនោះ NHK ក៏បានផ្សាយគ្រប់ដណ្តប់ទៅលើសកលលោកដោយផ្សាយជាភាសាអង់គ្លេស និង២០ភាសាផ្សេងទៀត។ ក្រៅពីការផ្សាយតាមវិទ្យុ និងទូរទស្សន៍ហើយនោះ NHK ក៏បានផ្សាយតាមឌីជីថលមានជាវេបសាយ និង App ផងដែរ។
លោក Wataru FUJISHITA ជាអ្នកអត្ថាធិប្បាយ និងជាអ្នកគ្រប់គ្រងការផ្សាយអន្តរជាតិ បានឱ្យដឹងថា ការផ្សាយរបស់ NHK ផ្សាយដោយគោរពទៅតាមច្បាប់ស្តីពីរបបសារព័ត៌មានរបស់ជប៉ុន ជាពិសេសការពង្រឹងសុខុមាលភាពរបស់សង្គម។ មាតិកាព័ត៌មាន ឬកម្មវិធីផ្សាយនានា ត្រូវបានផលិតឡើងដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ហើយផ្នែកនយោបាយ ក៏ត្រូវបានផ្សព្វផ្សាយប្រកបដោយសមធម៌។
លោក Wataru FUJISHITA បានឱ្យដឹងផងដែរថា បច្ចុប្បន្ន NHK មានបុគ្គលិកសរុបជាង១ម៉ឺននាក់ មានការិយាល័យនៅតាមខេត្តចំនួន៥៤កន្លែង និងមានការិយាល័យនៅក្រៅប្រទេសចំនួន២៩កន្លែង។
បើតាម លោក Wataru FUJISHITA ការចំណាយសម្រាប់ប្រតិបត្តិការផ្សាយរបស់ NHK នាពេលបច្ចុប្បន្នខ្ទង់ប្រមាណជា ៤ពាន់លានដុល្លារអាមេរិក។ ក្នុងនោះថវិកាប្រមាណជា៩៦ភាគរយ ស្មើប្រមាណ ៣.៨ពាន់លានដុល្លារ បានពីការបង់សេវាប្រចាំខែរបស់ប្រជាពលរដ្ឋប្រមាណ ៤១លានខ្នងផ្ទះ និង ៣.៥ភាគរយ ស្មើនឹងប្រមាណ ០.២ពាន់លានដុល្លារបានពីរាជរដ្ឋាភិបាល។
នៅក្នុងជំនួបនេះ លោក វ៉ាន់ សារាយ និងលោក Wataru FUJISHITA បានចែករំលែកបទពិសោធន៍នៃការផ្សព្វផ្សាយព័ត៌មានរវាងប្រទេសទាំងពីរ ហើយក៏មានការជជែកដល់ការជះឥទ្ធិពលនៃការផ្សាយបណ្តាញសង្គមទៅលើបណ្តាញផ្សព្វផ្សាយ និងការជះឥទ្ធិពលនានាទៅលើសង្គម ជាពិសេសការផ្សាយព័ត៌មានមិនពិតផងដែរ។
មិនខុសពីកម្ពុជានោះឡើយ បើតាមការបញ្ជាក់របស់លោក Wataru FUJISHITA ពលរដ្ឋរបស់ជប៉ុន ក៏ពេញនិយមការប្រើប្រាស់បណ្តាញសង្គមដូចគ្នាផងដែរ។ កំណើននៃការប្រើប្រាស់បណ្តាញសង្គមក៏បានជះឥទ្ធិពលមិនល្អដល់បណ្តាញផ្សព្វផ្សាយនៅក្នុង ប្រទេសជប៉ុន ដូចជាការធ្លាក់ចុះចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងការជះឥទ្ធិពលទៅលើសង្គមតាមរយៈការផ្សាយព័ត៌មានមិនពិត។
ដើម្បីដោះស្រាយការផ្សាយព័ត៌មានមិនពិតនេះ NHK បានបង្កើតក្រុមការងារតាមដានព័ត៌មានលើបណ្តាញសង្គម ហើយត្រូវឆ្លើយតបបន្ទាន់តាមរយៈការស្វះស្វែងរកប្រភពច្បាស់លាស់ផ្សាយត្រឡប់ទៅវិញ។ លោក លោក Wataru FUJISHITA បានអះអាងថា តាមរយៈការផ្សាយព័ត៌មានពិតច្បាស់លាស់នេះ បានធ្វើឱ្យប្រជាពលរដ្ឋជប៉ុន ជឿទុកចិត្តចំពោះការផ្សាយរបស់ NHK ហើយនៅពេលមានព័ត៌មានសំខាន់ៗណាមួយកើតឡើង អ្នកទស្សនាអ្នកអាន តែងចូលផ្ទៀតផ្ទាត់ជាមួយ NHK។
សូមបញ្ជាក់ថា លោក Wataru FUJISHITA ធ្លាប់បានធ្វើជាអ្នកឆ្លើយសារព័ត៌មាននៅកម្ពុជាអំឡុងទសវត្សរ៍៩០។ កាលពីឆ្នាំ២០២០ ពេលនាវាវេស្ទើដាមចូលចតនៅខេត្តព្រះសីហនុ ដើម្បីសង្គ្រោះអ្នកដំណើរលើនាវាពីជំងឺកូវីដ១៩នោះ លោក Wataru FUJISHITA បានធ្វើដំណើរទៅកាន់កម្ពុជាជាថ្មី។ ធ្លាប់បំពេញការងារនៅកម្ពុជា ក្នុងពេលមានវិបត្តិ និងទើបងើបពីគំនរផេះផង់នៃសង្គ្រាម និងការធ្វើដំណើរដល់កម្ពុជាថ្មីនៅឆ្នាំ២០២០ លោក Wataru FUJISHITA បានបង្ហាញការកត់សម្គាល់ពីការប្រែប្រួល និងការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍៕