(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ»។ ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥៖

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ជាលើកទី២ ក្នុងពិធីបើកនៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៦ ឆ្នាំ ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ និង និរន្តរភាព»។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដោយមានការសហការជាពិសេសពីកម្មវិធីភាពជាដៃគូប្រទេសកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលបានរៀបចំសន្និសីទដ៏មានសារ សំខាន់នេះឡើង។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល, អង្គទូត, ដៃគូអភិវឌ្ឍ, អង្គការជាតិ និងអន្តរជាតិ, វិស័យឯកជន និង វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ និងគ្រឹះស្ថានសិក្សានានា ដែលបានអញ្ជើញចូលរួម ដោយផ្ទាល់ក្នុងសន្និសីទនាពេលនេះ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តឱ្យមានការចូលរួមពីសំណាក់យុវជន និងនិស្សិត ដែលជាមូលធនមនុស្ស និងជាអនាគតអ្នកដឹកនាំបន្តវេនរបស់យើង ដើម្បីជាឱកាសក្រេបយកចំណេះដឹងពាក់ព័ន្ធនឹងការអភិវឌ្ឍទៅ អនាគតរបស់កម្ពុជា។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុតមាំថា ក្រោមការចង្អុលបង្ហាញរបស់ លោកជំទាវបណ្ឌិត ជា សិរី វិទ្យាស្ថាន CDRI នឹងទទួលបានការរីកចម្រើនបន្ថែមទៀតទាំងផ្នែកសមត្ថភាពស្ថាប័ន និងទាំងផ្នែកគុណភាព និងគុណតម្លៃខ្ពស់នៃកិច្ចការស្រាវជ្រាវ សម្រាប់ជាធាតុចូលដល់ការរៀបចំ និងតាក់តែងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាឧត្តមប្រយោជន៍ដល់សាធារណជនទូទៅ ជាពិសេស អ្នកស្រាវជ្រាវ និងសិស្ស-និស្សិតរបស់យើង ផងដែរ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សន្និសីទឆ្នាំ២០២៥នេះ គឺមានសារសំខាន់ និងរឹតតែវិសេស ជាងសន្និសីទរាល់ដងក្នុងន័យថា សន្និសីទឆ្នាំនេះ បានប្រមូលផ្តុំធាតុចូលទាំងឡាយពីសន្និសីទមុនៗកន្លងទៅ និងបូកផ្សំនឹងការសិក្សាស្រាវជ្រាវបន្ថែមពីអ្នកស្រាវជ្រាវ ជំនាញរបស់វិទ្យាស្ថាន CDRI ពីនិន្នាការបច្ចុប្បន្ន ដើម្បីធ្វើការវែកញែកពិភាក្សា ក្នុងគោលបំណងកំណត់នូវទស្សនរួមអំពីទិសដៅអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរឆ្ពោះទៅ សម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យមានការពិភាក្សាដេញដោលយ៉ាងផុលផុសពីសំណាក់វាគ្មិន ជាតិ និងអន្តរជាតិ ក៏ដូចជា ឯកឧត្តម, លោកជំទាវ, លោក លោកស្រី ដែលមានវត្តមានចូលរួមសន្និសីទនាថ្ងៃនេះ។

* មតិយោបល់ដែលបានមកពីការពិភាក្សាដេញដោលក្នុងថ្ងៃនេះ នឹងក្លាយជាធាតុចូលប្រកបដោយសារវន្ត និងគុណតម្លៃ ដែលសបញ្ជាក់ឱ្យឃើញពីការចូលរួមឈឺឆ្អាល, គិតគូរតម្រែតម្រង់ទិស ក្នុងការកំណត់ជោគវាសនារួមរបស់ប្រទេសជាតិ ក្នុងស្មារតីភាពជាម្ចាស់ការ និងសាមគ្គីភាពជាតិ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ, រាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបាន ក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ។ យ៉ាងណាមិញ, កំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធ, មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ, ក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការដ្ឋានកែទម្រង់គន្លឹះៗ។

* ការវាយតម្លៃនេះ ក៏មានសង្គតិភាពទៅនឹងរបាយការណ៍សិក្សារបស់វិទ្យាស្ថាន CDRI ដែលនឹងត្រូវ ផ្សព្វផ្សាយក្នុងសន្និសីទនាថ្ងៃនេះ, ដោយបានលើកឡើងថា កម្ពុជាអាចសម្រេចបានក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ប្រមាណ ៦,៤% ក្នុងទសវត្សរ៍ខាងមុខ ក្នុងករណីមាន ការរៀបចំគោលនយោបាយជាក់លាក់, ចំៗ និង ជាក់ស្តែងនិយម អមជាមួយការអនុវត្ត ប្រកបដោយប្រសិទ្ធភាព ហើយទាំងនោះក៏ជាអ្វីដែលខ្ញុំសង្ឃឹមថានឹងទទួលបានចេញពី លទ្ធផលនៃសន្និសីទថ្ងៃនេះផងដែរ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទាញចំណាប់អារម្មណ៍នូវទិដ្ឋភាពសំខាន់ៗ ចំនួន២ដែលបង្កើតជាចំណុចរបត់ថ្មីនៃការគិតគូររៀបចំ គោលនយោបាយ, ដែលនោះ៖ ១៖ បើទោះសេដ្ឋកិច្ចកម្ពុជាបានវិលត្រលប់ទៅរកកំណើនសក្តានុពលវិញក៏ពិតមែន ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ បានបន្សល់ស្លាកស្នាម និងបន្ទច់បង្អាក់ដល់ល្បឿនអភិវឌ្ឍន៍របស់កម្ពុជា ជារួម, និង២៖ កម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកល និងតំបន់ គឺនៅបន្តស្ថិតក្នុង អន្តរកាលនៃពហុវិបត្តិ, ក្នុងន័យថា វិបត្តិមួយមិនទាន់ចប់រលត់ផង, វិបត្តិមួយទៀតក៏បានកើតឡើង, សង្គ្រាមមួយមិនទាន់បិទបញ្ចប់ផង, សង្រ្គាមមួយទៀតក៏បានកើតឡើង។

* ក្នុងនោះ, ហានិភ័យ និងភាពមិនប្រាកដប្រជា កើតមានកាន់តែច្រើនឡើងៗ រួមមាន ៖ (១). ការកើនឡើងនូវគោលនយោបាយគាំពារនិយម (Protectionism) និងសង្គ្រាម ពាណិជ្ជកម្ម; (២). ភាពតានតឹងនៃកត្តាភូមិសាស្ត្រសេដ្ឋកិច្ចដែលអាចបន្ទច់បង្អាក់ដល់ ច្រវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ការកើនថ្លៃទំនិញជាអន្តរជាតិ; (៣). ការបែកខ្ញែក ភូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម; និង (៤). ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួល អាកាសធាតុ និងគ្រោះធម្មជាតិ ។ អន្តរកាលនៃពហុវិបត្តិនេះ បានធ្វើឱ្យស្ថានភាព សេដ្ឋកិច្ចសកល និងតំបន់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមិនអាចរំពឹងទុកជាមុនបាន, ហើយនឹងបង្កជាកម្មវិបាក, ទាំងវិជ្ជមាន និងអវិជ្ជមាន, ទាំងផ្ទាល់ និងប្រយោល ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ផងដែរ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវ អាទិភាពគន្លឹះចំនួន៥៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដែលមានការគិតគូរជាលក្ខណៈ យុទ្ធសាស្ត្រដោយឈរលើគោលការណ៍២ សំខាន់ៗ គឺ៖ ទី១៖ បន្តថែរក្សាឱ្យបាន នូវសន្តិភាព ដែលជាកត្តាសត្យានុម័ត ក្នុងការកសាងខឿនអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងទី២៖ បន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលជាង១៩ខែកន្លងទៅនេះ, រាជរដ្ឋាភិបាល បានបន្តដាក់ចេញ និងអនុវត្តកម្មវិធី, យន្តការកែទម្រង់ និងវិធានការឆ្លើយតបជាបន្តបន្ទាប់។ ជាក់ស្ដែង, ពាក់ព័ន្ធនឹង «កម្មវិធីគោលនយោបាយអាទិភាព ៦» និង «វិធានការគន្លឹះទាំង ៥», រាជរដ្ឋាភិបាលបានដាក់ចេញយន្តការអនុវត្ត និងបន្តតាមដាន និង វាយតម្លៃ ដែលកន្លងទៅនេះ យើងអាចនិយាយបានថា ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។

* ក្នុងគោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ច, បង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន់, រាជរដ្ឋាភិបាលត្រៀមនឹងដាក់ឱ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាព ប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅ ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ឆ្នាំ ២០២៥ - ២០២៨» ដោយផ្តោតលើសសរស្តម្ភ ៣ សំខាន់ៗ៖ ទី១៖ កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុង រយៈពេលខ្លីទៅមធ្យម តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួច និងចំគោលដៅ, ទី២៖ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈជារចនាសម្ព័ន្ធ, ស្មុគស្មាញ និងអន្តរវិស័យ និងទី៣៖ កម្មវិធីត្រៀមលក្ខណៈចាកចេញពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីធានានូវការចាកចេញដោយរលូន។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI និងប្រធានបទទាំង ៣ ដែលនឹងលើកយកមកពិភាក្សា។ ការសិក្សាបានលើកឡើងពី «យុទ្ធសាស្ត្រនៃកំណើនថ្មី» ដែលការគួបផ្សំគ្នា រវាងគោលនយោបាយកំណើន សេដ្ឋកិច្ចតាមវិស័យអាទិភាព ជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ។

* យុទ្ធសាស្ត្រនេះផ្ដល់សារសំខាន់លើ តុល្យភាព រវាងល្បឿននៃកំណើនសេដ្ឋកិច្ច ទៅនឹងគុណភាពនៃកំណើន ជាជាងការផ្តោតតែលើ កំណើនខ្ពស់ មានន័យថា, ទោះបីការកែទម្រង់រចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ អាចបណ្ដាលឱ្យកំណើនសេដ្ឋកិច្ចមានកម្រិតទាបជាងកំណើនសក្ដានុពល ក៏ចាំបាច់ត្រូវទទួលយកដើម្បីជំរុញលើកកម្ពស់គុណភាព, ចីរភាព និងបរិយាប័ន្ននៃកំណើនដែរ។

* យុទ្ធសាស្ត្រនេះ ក៏មានភាពស៊ីចង្វាក់ទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ» ជាច្រើន, ហើយ ដើម្បីសម្រេចបានកំណើនខ្ពស់ និង មានចីរភាព, ការកែទម្រង់រចនាសម្ព័ន្ធត្រូវតែធ្វើជា ចាំបាច់ និងកាន់តែឆាប់, កាន់តែប្រសើរ។ ទោះបីជាយ៉ាងនេះក្តី, ការកែទម្រង់មិនគួរត្រូវ ធ្វើដោយតក់ក្រហល់ពេល រហូតប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពជារួមនោះទេ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងចាប់អារម្មណ៍ចំពោះប្រធានបទនីមួយៗ ក្នុងកិច្ចពិភាក្សាទាំង៣វគ្គ ថ្ងៃនេះ ដែលមានជាអាទិ៍៖ សមិទ្ធកម្ម និង ទស្សនៈវិស័យកំណើន, ការកែទម្រង់រចនាសម្ព័ន្ធ សម្រាប់កំណើនរយៈពេលវែង, និងការផ្សារភ្ជាប់គ្នាចក្ខុវិស័យកំណើនទៅនឹង អាទិភាពគោលនយោបាយ។ សម្ដេចសង្ឃឹមថា វគ្គពិភាក្សាដ៏មានសារសំខាន់ និងប្រទាក់ក្រឡាគ្នានេះ នឹងអាចកំណត់ឱ្យកាន់តែច្បាស់នូវលំដាប់លំដោយអាទិភាព, តុល្យភាព, និងភាពអនុវត្តបាននូវបណ្តាគោលនយោបាយទាំងឡាយ។

* ដើម្បីបំផុសគំនិតសម្រាប់ការពិភាក្សាបន្ថែម, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកនូវការអង្កេតមួយចំនួន ពាក់ព័ន្ធនឹងបរិការណ៍ថ្មី ដោយតម្រង់ការពិភាក្សាលើទស្សនៈ និងកម្មវិបាកមកលើសេដ្ឋកិច្ច កម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម។ បរិការណ៍សកលសំខាន់ៗ ដែលគួរផ្តោតការយកចិត្តទុក រួមមាន ៖ ១៖ ការកើនឡើងនូវចរន្តគាំពារនិយម ដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមបច្ចេកវិទ្យា, ២៖ ការចាប់ផ្តើមពឹងផ្អែកកាន់តែខ្លាំង ឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៅពេលដែលប្រទេសក្នុង តំបន់កាន់តែរីកចម្រើនឡើង និងសមាហរណកម្មកាន់តែស៊ីជម្រៅ ខណៈដែលសេដ្ឋកិច្ចធំៗសម្រេចបានកំណើនទាប, ៣៖ សន្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិម្មិត រ៉ូបូត និងស្វ័យប្រវត្តិកម្ម ដែលបើកលទ្ធភាពក្នុងការ ជំរុញផលិតភាពឱ្យមានសន្ទុះខ្ពស់ឡើង, និង៤៖ និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើង និងរថយន្តអគ្គិសនី ជាដើម។

* ក្នុងបរិការណ៍កម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យមានការពិភាក្សាផុលផុសលើ៖ ១៖ ការកំណត់ និងអភិវឌ្ឍន៍វិស័យដែលជាប្រភពកំណើន ជាពិសេសឧស្សាហកម្មយុទ្ធសាស្ត្រលេច ឡើងថ្មីៗ និងការទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់, ២៖ ការត្រៀមលក្ខណៈចាកចេញពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC), ៣៖ យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង ធ្យម និងធុរកិច្ចបង្កើតថ្មី តាមរយៈការបន្តពង្រឹង ប្រព័ន្ធអេកូឡូស៊ី និងការបង្កើនសមត្ថភាព និងផលិតភាព និង៤៖ ការអភិវឌ្ឍ ជំនាញបច្ចេកទេស បំពេញគម្លាតនៃជំនាញ (Skill gap) និងការបំពេញតម្រូវការនាពេលអនាគត។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្និសីទរបស់យើងនាថ្ងៃនេះ គឺត្រូវតែជាវេទិកានៃការផ្តោះប្តូរយោបល់ ត្រង់ទៅត្រង់មក, ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរ, អនុវត្ត និងទទួលខុសត្រូវរួមគ្នាលើជោគវាសនារបស់កម្ពុជា។ ហើយធាតុចូលដែលបានមកពីការ ពិភាក្សាទាំង៣វគ្គនេះ នឹងផ្តល់ជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ក្នុងការបំពេញបន្ថែមនូវចំណុចខ្វះចន្លោះ ផ្នែកគោលនយោបាយ និងវិធានការ ក្នុងន័យកែលម្អ, សម្រួច និង តម្រង់ទិសគោលនយោបាយឱ្យកាន់តែមានភាពប្រាកដនិយមខ្ពស់ និងចំគោលដៅ, ក៏ដូចជាការពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកត់សម្គាល់ឡើងវិញអំពីតួនាទីដ៏សំខាន់នៃ «ស្ថាប័ន ស្រាវជ្រាវ» រួមទាំង វិទ្យាស្ថាន CDRI ក្នុងដំណើរការរៀបចំគោលនយោបាយ ក៏ដូចជា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាទាំងមូល។ ដូចនេះ សូមផ្ដល់ជាអនុសាសន៍ជូនវិទ្យាស្ថាន CDRI ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសលើកិច្ចការស្រាវជ្រាវរបស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឈ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ ដូចខាងក្រោម៖

ទី១៖ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ ដើម្បីទទួល បាននូវទស្សនាទានបន្ថែម ជាមួយនឹងចក្ខុវិស័យកាន់តែទូលំទូលាយ ក្នុងគោលដៅបង្កើនសមត្ថភាពរបស់ស្ថាប័នសម្រាប់បម្រើដល់ការវិភាគ និងសិក្សាស្រាវជ្រាវ

ទី២៖ ការបំផុសគំនិតជជែកពិភាក្សាអំពីកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា បន្តលើកកម្ពស់ការបំផុសស្មារតីចូលរួមជជែកពិភាក្សា, ផ្តោះប្តូរយោបល់ និង ហ៊ានលើកជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលម្អ

ទី៣៖ ការបន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលប្រមូលទិន្នន័យ និងបោះពុម្ពផ្សាយ ឯកសារស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ ការសិក្សាស្រាវជ្រាវដែលប្រើប្រាស់ព័ត៌មាន និងទិន្នន័យបឋម (Primary data) តាមរយៈការចុះប្រមូលទិន្នន័យ និងស្ទង់មតិ។

* សម្ដេចបានគូសបញ្ជាក់ថា សុក្រឹតភាព និងសង្គតិភាពនៃទិន្នន័យបឋម ឬអាចហៅ ថាទិន្នន័យកម្រិតមីក្រូ (Micro data) គឺមានសារសំខាន់ណាស់ សម្រាប់ជាធាតុចូល ក្នុងការរៀបចំគោលនយោបាយ តម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ស្របតាមស្មារតីរបស់រាជរដ្ឋាភិបាល ដែលតែងតែចុះទៅស្ដាប់ផ្ទាល់ និងប្រឡូកផ្ទាល់ជាមួយនឹងបញ្ហារបស់ប្រជាពលរដ្ឋ ហើយចូលរួមដោះស្រាយ កង្វល់របស់ប្រជាពលរដ្ឋឱ្យចំគោលដៅ និងឱ្យចំឬសគល់នៃបញ្ហា។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្រាវជ្រាវផ្អែកទៅលើទិន្នន័យដែលប្រមូលបាន មិនមែនជាការស្រម៉ៃ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងពង្រឹងស្ថាប័នទទួលខុសត្រូវ ក្នុងការប្រមូលបព័ត៌មាន ដើម្បីធានាសុក្រឹត្យភាំព។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលធ្វើការមិនផ្អែកទៅលើមនុស្សម្នាក់គ្រប់មុខឡើង ពោលផ្អែកលើការប្រមូលផ្ដុំគ្នាដើម្បីធ្វើការ, គោលនយោបាយសំខាន់បំផុត ផ្អែកទៅលើទិន្នន័យ និងការវិភាគច្បាស់លាស់។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចចម្លងគោលនយោបាយរបស់ធនាគារពិភពលោកដាក់ឲ្យប្រទេសផ្សេង មកអនុវត្តនៅក្នុងប្រទេសកម្ពុជាបានឡើយ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលមានវិស័យផ្សេងៗនោះ មិនអាចមានកំណើនដូចគ្នា៦ភាគរយនោះឡើយ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំយកទិន្ន័យក្នុងវិស័យឧស្សាហកម្ម ទៅវាយតម្លៃ និងការចង់បានក្នុងវិស័យសេវាកម្ម។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូដោះស្រាយបញ្ហាប្រឈមជាមួយវិស័យអាកាសចរណ៍។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំយកការវិភាគបែបស៉ីអារម្មណ៍ មកដាក់ក្នុងគោលនយោបាយ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល កំពុងរង់ចាំមើលលទ្ធផលនៃកិច្ចពិភាក្សានេះ ដើម្បីពិនិត្យជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចប្រែប្រួល តម្រូវឲ្យគោលនយោបាយប្រែប្រួលដូចគ្នា។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកតាមរបាយការណ៍របស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ អត្រាកំណើននៃការទិញផ្ទះមានការកើនឡើង ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណើននៃការទិញផ្ទះនៅពេលនេះ គឺជាកំណើនដែលមានភាពធន់ ហើយច្បាស់លាស់

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលស្វាគមន៍គ្រប់ធាតុផ្សំទាំងអស់ ទោះអ្នកស្រាវជ្រាវនោះក្នុងកម្រិតតូច ឬធំយ៉ាងណាក្ដី ដើម្បីជាចំណែកក្នុងការដោះស្រាយបញ្ហា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលវេលាម៉ោង ៩៖១០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕