(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជំរុញការតភ្ជាប់កម្ពុជា-អារ៉ាប់រួម (United Arab Emirates) ជាមួយនឹងការបន្ថែមជើងហោះហើរទីក្រុងឌូបៃ-សៀមរាប ដែលរំពឹងថានឹងលើកកម្ពស់ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្រុមហ៊ុនអាកាសចរណ៍នឹងដាក់ឱ្យដំណើរការជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៍ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប តាមរយៈទីក្រុងបាងកក ចាប់ពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៥។
សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៍ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។
ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:០០ និងមកដល់ទីក្រុងបាងកកនៅម៉ោង ១៨៖២៥នាទី។បន្ទាប់មកជើងហោះហើរនេះ នឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង ២០៖១០នាទី និងមកដល់សៀមរាបនៅម៉ោង ២១៖៣០នាទី។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០៖១៥នាទី ម៉ោង ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។
បន្ទាប់មកជើងហោះហើរនឹងហោះចេញនៅម៉ោង ៣:៤០នាទី នឹងមកដល់ Dubai នៅម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់ គឺគិតជាម៉ោងក្នុងស្រុក។
ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះដែលមានប្រភេទកៅអីពីរថ្នាក់ Boeing 777-300ER ដែលផ្តល់កៅអីអង្គុយចំនួន៣៥ នៅក្នុងថ្នាក់ Business និង ៣៨៦ កៅអីធំទូលាយនៅក្នុងថ្នាក់ Economy Class។
សេវាកម្មរបស់ Emirates ទៅកាន់ខេត្តសៀមរាប គឺត្រូវបានកំណត់ពេលវេលាដ៏ល្អប្រសើរ ក្នុងការផ្តល់ជូនអ្នកធ្វើដំណើរ តាមរយៈការតជើងហោះហើរប្រចាំថ្ងៃ សម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងរុស្ស៊ី។
ក្រុមហ៊ុន Emirates បានដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈប្រទេសសិង្ហបុរី។
អ្នកធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងរ៉ាក់ទាក់ពីបុគ្គលិករបស់ក្រុមហ៊ុន Emirates អមដោយអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈម៉ាកយីហោប្រ៊េនជាច្រើនមុខ ត្រៀមផ្តល់ជូននៅគ្រប់ថ្នាក់កាប៊ីនទាំងអស់។
ប្រព័ន្ធកម្សាន្តលើយន្តហោះ ដែលបានឈ្នះពានរង្វាន់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងធ្វើឱ្យដំណើរកម្សាន្តនីមួយៗកាន់តែសប្បាយរីករាយ តាមរយៈបណ្ណាល័យដ៏ទូលំទូលាយ ផ្តល់ជូនប៉ុស្តិ៍កម្សាន្តជាង ៦,៥០០ ប៉ុស្តិ៍ ដែលមានភាពយន្តអន្តរជាតិ កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស់ និងហ្គេមជាង ៤០ ភាសា រួមទាំងភាសាចិនកុកងឺ កុងតឺន និងភាសាខ្មែរ។
សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីកក់សំបុត្រ សូមចូលទៅកាន់ emirates.com ។ សំបុត្រក៏អាចកក់បាននៅលើ Emirates App, Emirates Retail stores, Emirates contact center ឬតាមរយៈភ្នាក់ងារទេសចរណ៍។
* អាស្រ័យលើការផ្តល់ការអនុញ្ញាតពីរដ្ឋាភិបាល
** កាលវិភាគធ្វើដំណើរនាពេលរដូវក្តៅរបស់ Emirates ។ ពេលវេលាទាំងអស់ គឺគិតជាពេលវេលាក្នុងស្រុក៕