(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ដៃជាមួយគណៈកម្មាធិការជាតិអូរឡាំពិកកម្ពុជារៀបចំព្រឹត្តិការណ៍ «ប្រកួតកីឡាជាតិ» ជាលើកដំបូង ដើម្បីពង្រឹងសមត្ថភាពអត្តពលិក កីឡាករ កីឡាការិនីកម្ពុជា ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ខាងមុខ។
ព្រឹត្តិការណ៍ «ប្រកួតកីឡាជាតិ» នេះ ត្រៀមចំណាយថវិការហូតដល់ទៅ ១លានដុល្លារអាមេរិក។ កាន់តែពិសេសទៀតនោះ នៅថ្ងៃបើក សម្ពោធព្រឹត្តិការណ៍ជាផ្លូវការ នៅថ្ងៃទី២៨ ខែតុលា ខាងមុខក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នោះ នឹងមានការរៀបចំបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនដូចទៅនឹងការបើកការ ប្រកួតស៊ីហ្គេមដូច្នោះដែរ។
បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូរឡាំពិកកម្ពុជា បានឲ្យដឹងថា នៅថ្ងៃបើកឆាក នៃការប្រកួតកីឡាជាតិនេះ នឹងមានការសម្តែងសិល្បៈពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា និងអាយ៉ៃឆ្លើយឆ្លងរបស់លោក ព្រហ្ម ម៉ាញ ផងដែ។ នៅមានផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍នោះ ដូចជាការសម្តែងក្បាច់គុណល្បុក្កតោពីសំណាក់កងយោធពលខេមរភូមិន្ទ រួមជាមួយការបាញ់កាំជ្រួញ និងមានការបាញ់ភ្លើងពណ៌លោតតាមចង្វាក់ភ្លេងថែមទៀត។
បើតាមលោក វ៉ាត់ ចំរើន ព្រឹត្តិការណ៍អនុញ្ញាតឲ្យចូលរួមទស្សនាដោយសេរី ហើយរំពឹងថា នឹងមានអ្នកចូលរួមចន្លោះពី ៦ ទៅ៧ម៉ឺននាក់។
ដើម្បីបានជ្រាបច្បាស់ពីព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងយ៉ាងម៉េច ហើយអស្ចារ្យរបៀបណានោះ សូមទស្សនាកិច្ចសម្ភាសន៍អង្គភាពព័ត៌មាន Fresh News ជាមួយលោក វ៉ាត់ ចំរើន៖