(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានបង្ហោះសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមប្រើប្រាស់នូវពាក្យសម្តីជាមួយអ្នកដទៃ ពិសេសជាមួយស្ត្រីភេទ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរ។

ការចេញមកអំពាវនាវយ៉ាងដូច្នេះ បន្ទាប់ពីក្នុងមួយរយៈនេះ សម្តេចនាយករដ្ឋមន្ត្រី សង្កេតឃើញមានសកម្មភាព ឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី គិតថាអ្នកដែលធ្វើសកម្មភាព ឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ ពីសំណាក់អ្នកមើល ឬអ្នកស្ដាប់ចំពោះសកម្មភាព ឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតា មិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថា សកម្មភាព ឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាព ឬពាក្យសំដីទាំងនោះទេ។

សម្តេចបានអំពាវនាវដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្គមស៊ីវិល័យ»។

សម្តេចសង្កត់ធ្ងន់ថា «បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិ និងសេចក្តីថ្មីថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម»។

សូមជម្រាបថា ការអំពាវនាវរបស់សម្តេចបវរធិបតីចំពេល ដែលមហាជនពិសេសអ្នកលេងបណ្តាញសង្គម កំពុងនាំគ្នាប្រតិកម្មយ៉ាងចាស់ដៃ លើ MC កីឡាករប្រដាល់ម្នាក់ ដែលប្រើប្រាស់ពាក្យសម្តីមិនសមរម្យលើតារាបង្ហាញម៉ូត និងជាតារាសម្តែងកញ្ញា មុនីរស្មី៕