(ព្រះវិហារ)៖ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយករដ្ឋបាល មេបញ្ជាការកងរាជអាវុធហត្ថស្រុក អធិការដ្ឋាននគរបាលស្រុក នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវគ្រឿងបរិភោក និងភេសជ្ជៈ ប្រគល់ជូនកងកម្លាំងកងទ័ពនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ឈរជើងនៅខ្នងភ្នំដងរ៉ែក ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រ្កកជាំក្សាន្ត ខេត្តព្រះវិហារ។
ថ្លែងនៅក្នុងឱកាសនោះ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាលលោកតែងគិតគូរយកចិត្តទុកដាក់ជានិច្ច ចំពោះកងកម្លាំងប្រដាប់អាវុធ ពិសេសកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ។
ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣របស់ស្រុក មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ ទូទាំងស្រុកជាំក្សាន្ត លោក ចិន ខន្តី បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពកងពលតូចអន្តរាគមន៍លេខ៩ទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ស្របតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ។
តាមរយៈលោកអភិបាលស្រុកជាំក្សាន្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឧបត្ថម្ភវិទ្យុទាក់ទង ម៉ូតូរ៉ូឡា ចំនួន៣០គ្រឿង ដល់កងពលតូចអន្តរាគមន៍លេខ៩ផងដែរ។
ដោយឡែកអំណោយដែលលោកអភិបាលស្រុកនាំមកប្រគល់ជូនកងទ័ពនាពេលនេះមានដូចជា៖ ទឹកសុទ្ធចំនួន២៥០យួរ ទឹកផ្លែឈើ ចំនួន៥កេស សណ្តែកគួរ ចំនួន១០គីឡូក្រាម, ត្រប់ ចំនួន១០គីឡូក្រាម, ត្រឡាច ចំនួន១០គីឡូក្រាម, ម្ទេស ចំនួន១គីឡូក្រាម និងត្រីរ៉ស់ ចំនួន ២០គីឡូក្រាម៕