(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងរៀបចំការប្រកួតប្រជែងគូរគំនូរថ្នាក់ជាតិ លើវិស័យបរិស្ថាន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។កម្មវិធីប្រកួតប្រជែងនេះ ធ្វើឡើងដើម្បីការពារ អភិរក្ស និងថែរក្សានូវសម្បត្តិធម្មជាតិកម្ពុជា ឲ្យមាននិរន្តរភាព ស្ថិតស្ថេរ និងគង់វង្ស និងជាពិសេស ដើម្បីឲ្យកម្ពុជាឈានសម្រេចបាននូវ «អារ្យធម៌បៃតងជឿលឿន» ពិតប្រាកដនៅឆ្នាំ២០៣០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចេញផ្សាយឲ្យដឹងកាលពីពេលថ្មីៗនេះ។
សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ការប្រកួតគូរគំនូរបរិស្ថាននេះ ជ្រើសយកសិស្សគូរគំនូរជ័យលាភីចំនួន ០២រូប ក្នុងមួយគោលដៅ រាជធានី ខេត្ត ដើម្បីចូលរួមប្រកួតយកជ័យលាភីចាប់ពីលេខ១ ដល់លេខ៥ ដែលម្ចាស់ជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត ពីក្រសួងបរិស្ថានទៅតាមចំណាត់ថ្នាក់។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានបំណងចង់ចូលរួម ប្រកួតប្រជែងគូរគំនូរបរិស្ថានថ្នាក់ជាតិ អាចទាក់ទងទៅមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរបរិស្ថានរាជធានី-ខេត្ត៕