(ភ្នំពេញ)៖ នៅក្នុងពេលទទួលជួបជាមួយលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ប្រជាសហគមន៍តំបន់ការពារធម្មជាតិនឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបរិស្ថាន បាននិងកំពុងដាក់ចេញការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋរស់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ និងចូលរួមកាន់តែប្រសើរ ដល់ការការពារ និងអភិរក្សធនធានធម្មជាតិផងដែរ។ កន្លងមកនេះ ការអភិវឌ្ឍគោលដៅលំហែបៃតង បានរៀបចំនៅលើ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ»
ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដោយបានបានសាងសង់កន្លែងវិបស្សនាតាមរចនាបទខ្មែរជាច្រើនកន្លែង និងកន្លែងបោះតង់ប្លែកពីកន្លែងដទៃ សម្រាប់សហគមន៍នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ដែរថា ការរៀបចំគោលដៅលំហែបៃតងនេះ គឺមានគោលបំណងលើកស្ទួយជីវភាពប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីឱ្យពួកគេមានប្រាក់ចំណូលប្រចាំថ្ងៃ តាមរយៈការផ្តល់សេវាទេសចរណ៍ធម្មជាតិ ដែលបានផ្សារភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត ឬហៅថា របៀងគោលដៅលំហៃបៃតង។ និយាយជារួមការអភិវឌ្ឍ នៅតាមសហគមន៍មូលដ្ឋានបែបនេះ នឹងមិនធ្វើឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកឡើយ ពីព្រោះពួកគេមានការងារក្នុងស្រុក និងមានចំណូលណិងស្បៀងបានគ្រប់គ្រាន់។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានលើកឡើងពីការរៀបចំឱ្យសហគមន៍មានភាពស្អាត ដែលរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុសកល ក្នុងនោះមានការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈយុទ្ធនាការរបស់ក្រសួងបរិស្ថានដែលបានដាក់ចេញរួមមាន «យុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ជាង១០លាននាក់។ យុទ្ធនាការជាច្រើនទៀតដូចជា «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានបន្តជាជំហានៗ ដោយផ្តើមចេញពីយុទ្ធនាការ ឱ្យក្លាយទៅជាសកម្មភាពរើសសំរាម សំណាល់ប្លាស្ទិក សម្អាតលំនៅដ្ឋាន ផ្លូវថ្នល់ ប្រមូលទុកដាក់ សំរាមនិងសំណល់បា្លស្ទិក ឱ្យបានត្រឹមត្រូវ។ ការណ៍នេះជំរុញឱ្យប្រជាពលរដ្ឋនឹងបន្តជាចលនារួមគ្នាចេញពីក្នុងចិត្ត ធ្វើឱ្យផ្ទះស្អាត ធ្វើឱ្យកម្ពុជាស្អាត ទាំងនៅផ្ទៃក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
សូមជម្រាបជូនថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ លោកស្រី Nellie GHUSAYNI បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្តដូចជា ការគ្រប់គ្រងសំរាម ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការបណ្តុះកូនឈើ និងចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីយកទៅដាំស្តារព្រៃ ដាំនៅតាមទីក្រុងហ ទីសាធារណៈនានា បង្កើនគម្របបៃតង ឆ្ពោះទៅសម្រេចគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ និងការលើកស្ទួយជីវភាពប្រជាសហគមន៍ ឱ្យមានការរស់នៅប្រកបដោយចីរភាព៕