(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA បានមើលឃើញថា ការផ្លាស់ប្តូរឥរិយាបទរបស់អ្នកបើកបរមក គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ពស់ និងប្តូរទម្លាប់ប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈឲ្យបានច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយឲ្យការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញបានកាន់តែប្រសើរ។
តាមរយៈវីដេអូស្តីពីបញ្ហាចរាចរណ៍ក្នុងរាជធានីភ្នំពេញ អង្គការ JICA បានរកឃើញថា ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ដោយសារតែកំណើនប្រជាពលរដ្ឋក្នុងរាជធាភ្នំពេញ ដែលកើនពីជាង ១.៦លាននាក់ក្នុងឆ្នាំ២០០៣ មកដល់ ១.៨លាននាក់នៅក្នុងឆ្នាំ២០១៦ ហើយរំពឹងថា នឹងកើនដល់ ២.៨លាននាក់នៅឆ្នាំ២០៣៥។ ក្នុងនោះការកើនឡើងចំនួនយានយន្តក៏ជាចំណោទ នាំឲ្យកកស្ទះចរាចរណ៍ផងដែរ។
ក្រៅពីការកំណើនប្រជាពលរដ្ឋ និងយានយន្តហើយនោះ JICA បានរកឃើញផងដែរ ទម្លាប់នៃការបើកបរបំពានច្បាប់ចរាចរណ៍ និង ការប្រើប្រាស់ផ្លូវមិនបានត្រឹមត្រូវដូចជាការចតរថយន្តលើនៅតាមចិញ្ចើមផ្លូវ ការចតរថយន្តនៅចំណុចប្រសប់ ចតរថយន្តនៅលើចិញ្ចើមផ្លូវសងខាង ការចតរថយន្តជាច្រើនខ្សែនៅមុខភោជនីយដ្ឋាន និងតាមសាលារៀន សុទ្ធសឹងជាបញ្ហាប៉ះពាល់ដល់លំហូរចរាចរណ៍ និងបណ្តាលឲ្យកស្ទះកាន់តែខ្លាំង។
អង្គការ JICA បានបញ្ជាក់ថា បើទម្លាប់មិនល្អទាំងនេះ មិនត្រូវបានកែប្រែ ហើយដំណោះស្រាយល្អៗមិនត្រូវបានដាក់ចេញទេនោះ ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ នឹងកាន់តែមានស្ថានភាពអាក្រក់ជាមិនខាន។
អង្គការ JICA បានមើលឃើញថា ក្រៅពីការប្តូរទម្លាប់របស់អ្នកបើកបរឲ្យ គោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ផ្លូវដោយមិនបំពានច្បាប់ហើយនោះ ការប្រើប្រាស់សេវាដឹកជញ្ជូនសេវាសាធារណៈឲ្យបានកាន់តែច្រើន គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ៕