(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើដល់សហភាតរសុខាភិបាលគ្រប់រូប បំពេញភារកិច្ចជាតួអង្គសំខាន់ ដើម្បីសុខភាពរបស់ប្រជាជន និងសុខភាពជាតិយើង ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកសន្និបាតលើទី៤៤ បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ដ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ។
លោកសាស្ដ្រាចារ្យរដ្ឋមន្ត្រីបានបន្ដថា «យើងដើរជាតួនាទីដ៏សំខាន់ សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋយើង និងទាំងអស់ដើម្បីសុខភាពប្រជាពលរដ្ឋយើង ឬនិយាយឲ្យខ្លី ទាំងអស់គ្នាដើម្បីសុខភាពប្រជាពលរដ្ឋយើងឬទាំងអស់គ្នាដើម្បីសុខភាពជាតិយើង ហើយនេះជាកាតព្វកិច្ច និងភារៈកិច្ចផងដែរ»។
សូមជម្រាបថា នៅក្នុងឆ្នាំ២០២៤ ក្នុងការបំរើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ រួមមាន៖ សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការ ព្យាបាលថែទាំ ដែលគុណភាពត្រូវបានកែលម្អជាប្រចាំ និងអន្តរាគមន៍សុខភាពសាធារណៈសារវន្ត តាមរយៈ កម្មវិធីលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ កម្មវិធីបង្ការ និងគ្រប់គ្រងជំងឺឆ្លង រួមទាំងប្រព័ន្ធសន្តិសុខសុខភាព និងកម្មវិធីជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត៕