(ភ្នំពេញ)៖ ក្រោមកិច្ចសហប្រត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA សាលារាជធានីភ្នំពេញ បាននិងកំពុងដំឡើងភ្លើងស្តុបថ្មីចំនួន ១០០ទីតាំងបន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលកំពុងនាំឲ្យមានការធុញទ្រាន់ខ្លាំងពីអ្នកធ្វើដំណើរ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅលើទំព័រ Facebook របស់លោកថា សម្ភារៈបរិក្ខារភ្លើងស្តុបនេះ ជាផលិត ផលក្រុមហ៊ុន Mitsubishi របស់ប្រទេសជប៉ុន។ តាមរយៈគម្រោងនេះ ក៏នឹងមានការដំឡើងកាមេរ៉ាចំនួន ២៦កន្លែងផងដែរ ដើម្បីត្រួតពិនិត្យដំណើរការភ្លើងស្តុបចរាចរណ៍ ដោយប្រព័ន្ធស្វ័យប្រវត្តិនៅបន្ទប់ត្រួតពិនិត្យ (Control Room)។
លោក ស៊ាំ ពិសិទ្ឋិ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបា្រប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ថា ការដំឡើងភ្លើងស្តុបថ្មីនេះ សម្រេចបាន ៤៨ភាគរយហើយ។ លោកបានឲ្យដឹងទៀតថា ទីតាំងភ្លើងស្តុបថ្មីនេះ ស្ថិតនៅក្នុងខណ្ឌដូនពេញ ខណ្ឌចំកាមន ខណ្ឌ ៧មករា និងខណ្ឌទូលគោក៕