(ភ្នំពេញ)៖ និស្សិតប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលកំពុងសិក្សាឆ្នាំទី៤ ចំនួន៤៧នាក់ ដឹកនាំដោយសាស្រ្តាចារ្យនៃដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា គួង គានី បានមកធ្វើទស្សនកិច្ចសិក្សានៅ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» និងមជ្ឈមណ្ឌលឯកសារកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីពង្រឹងនូវចំណេះដឹងរបស់និស្សិតទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម វិធីសាស្រ្តស្រាវជ្រាវ និងសម្ភាសន៍ ការប្រើប្រាស់ប្រភពឯកសារដើមដើម្បីជំនួយដល់ការសរសេររបស់និស្សិត រួមទាំងសិក្សាស្វែងយល់អំពីឯកសាររបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។

នាឱកាសនៃដំណើរទស្សនកិច្ចសិក្សានៅព្រឹកនេះ និស្សិតប្រវត្តិវិទ្យាទាំង៤៧នាក់ បានទស្សនា៖

១. ពិណ័រណ៍ព្រះឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ ដែលព្រះអង្គបានបូជាអស់ព្រះកម្លាំងកាយចិត្តក្នុងអំឡុងពេលដែលព្រះអង្គគង់នៅមានព្រះជន្ម ដើម្បីសម្រេចនូវក្ដីសុបិនកម្ពុជា ដែលបានដាក់តាំងបង្ហាញនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ។
២. ពិព័រណ៍ស្ដីពី «សំណល់សង្រ្គាម» ដែលលើកឡើងអំពីសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ដែលមិនត្រឹមតែបន្សល់នូវស្លាកស្នាមរបួសជាប់នឹងខ្លួនរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបន្ដផលប៉ះពាល់ដល់សង្គមជាតិទាំងមូល និងកូនចៅជំនាន់ក្រោយជាច្រើនជំនាន់បន្តទៅមុខទៀត
៣. ពិព័រណ៍ស្ដីពី «ការចងចាំ និង យុត្តិធម៌» ដែលបង្ហាញអំពីដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ (អ.វ.ត.ក) ឬ សាលាក្តីខ្មែរក្រហម មានចំនួន១៦ផ្ទាំង។

ពិព័រណ៍នេះបានបង្ហាញអំពីបទចោទប្រកាន់ទៅលើជនសង្ស័យដែលជាមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានគ្រប់គ្រងប្រទេសកម្ពុជាពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩, ការចាប់ខ្លួន និងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីរកយុត្តិធម៌ជូនប្រជាជនកម្ពុជា។

បន្ទាប់មកនិស្សិតប្រវត្តិវិទ្យា បន្តចូលរួមកិច្ចពិភាក្សាស្ដីពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ជាមួយលោក ផេង ពង្សរ៉ាស៊ី គឺជានាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ លោក ផេង ពង្សរ៉ាស៊ី បានលើកឡើងអំពីការជម្លៀសប្រជាជនដោយបង្ខំនៅក្នុងរបបខ្មែរក្រហម ដែលបានបណ្តាលឱ្យប្រជាជនកម្ពុជារាប់ពាន់នាក់បាត់បង់ជីវិត។ លោក ផេង ពង្សរ៉ាស៊ី បន្តថាខ្មែរក្រហមមិនត្រឹមសម្លាប់ជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរទាំងស្រុងរបស់កម្ពុជា និងបានអូសបន្លាយសង្រ្គាមរាំរ៉ៃអស់ជាងមួយទសវត្សរ៍បន្ទាប់ពីរបបរបស់ខ្លួនដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ស្របពេលជាមួយគ្នានេះ និស្សិតផ្នែកប្រវត្តិវិទ្យាបានចូលរួមស្តាប់បណ្ឌិត លី សុខឃាង នាយកនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានលើកឡើងអំពី ៖ ការសម្រេចបាននូវសន្តិភាព និងការកសាងសន្តិភាព ដោយលោកបានទាញចេញពីបទពិសោធន៍នៅសហគមន៍អន្លង់វែង ដែលជាតំបន់តស៊ូចុងក្រោយរបស់ចលនាឧទ្ទាមខ្មែរក្រហម។ បណ្ឌិត លី សុខឃាង បញ្ជាក់ថា ទោះបីសង្រ្គាមបានបញ្ចប់ជាផ្លូវការនៅតំបន់អន្លង់វែងក្នុងឆ្នាំ១៩៩៩ ហើយប្រទេសកម្ពុជាទទួលបានសន្តិភាពក៏ដោយ ក៏ប្រជាជននៅតំបន់អន្លង់វែងមិនទាន់ទទួលបានសន្តិភាពនៅក្នុងផ្លូវចិត្តទាំងស្រុងដែរ។ ដូច្នេះមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនឹងបន្តធ្វើការងារផ្តោតលើការងារអប់រំអំពីសន្តិភាព សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែក្រហមនៅតំបន់អន្លង់វែង ក៏ដូចជាក្មេងជំនាន់ក្រោយបន្តទៀត។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកព្រះរាជបណ្ណាល័យហ្លួងម៉ែ លើកទឹកចិត្តនិស្សិតប្រវត្តិវិទ្យាទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រលើមុខវិជ្ជាប្រវត្តិវិទ្យាដែលជាមុខវិជ្ជាដ៏សំខាន់ ដើម្បីជួយដល់ប្រទេសជាតិរបស់ខ្លួន។ លោក ឆាំង យុ ក៏ផ្តល់ឱកាសដល់និស្សិតប្រវត្តិវិទ្យាអាចមកសិក្សាស្រាវជ្រាវនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ, មជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងទីក្រុងភ្នំពេញ និងមជ្ឈមណ្ឌលឯកសារចំនួន១៩ទីតាំងផ្សេងទៀតដែលស្ថិតនៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេសកម្ពុជា៕