លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៣ ខែមីនានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ផ្តោតសំខាន់លើការផ្តល់ហិរញ្ញប្បទាន គាំទ្រដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ផ្តោតលើវិស័យកសិកម្មនឹង ជំរុញអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។
សេចក្តីប្រកាសព័ត៌មានរួមបានបង្ហាញថា នៅក្នុងអនុស្សរណៈយោគយល់គ្នា ក៏បានផ្តល់កិច្ចសហប្រតិបត្តិការលើការផ្តល់ឥណទាន ដល់ក្រុមហ៊ុនវិនិយោគឯកជន លើប្រព័ន្ធស្រោចស្រព (Complete System) ដែលអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រគាំទ្រដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចនៅតាមជនបទ ដែលត្រូវការអភិវឌ្ឍពីតូចទៅមធ្យម និងអភិវឌ្ឍពីមធ្យមទៅជាទំនើប មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅតាមតំបន់ជនបទ។
លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ក្រសួងស្ថាប័នទាំងពីរនឹងបង្កើនការផ្សព្វផ្សាយ អំពីគោលនយោបាយវិស័យធនធានទឹក និងឧតុនិយមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចូលរួមលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគមន៍មូលដ្ឋាន ការផ្លាស់ប្តូរព័ត៌មានបទពិសោធន៍ការងារ និងការផ្តល់ហិរញ្ញប្បទានគាំទ្រ ដល់ក្រុមហ៊ុនវិនិយោគ ឯកជនលើប្រព័ន្ធស្រោចស្រពដែលមានសក្តានុពលកាន់តែច្រើន ដោយឈរលើមូលដ្ឋាននៃការយោគយល់គ្នានាពេលនេះ។
លោករដ្ឋមន្រ្តីរំពឹងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ដើម្បីជួយលើកស្ទួយដល់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យ ធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរ នឹងបង្កើនការផ្សព្វផ្សាយអំពីគោលនយោបាយវិស័យធនធានទឹក និងឧតុនិយមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សហគមន៍មូលដ្ឋានការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ការងារ និងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ក្រុមហ៊ុនវិនិយោគឯកជន លើប្រព័ន្ធស្រោចស្រព ដែលមានសក្តានុពលកាន់តែច្រើន ដោយឈរលើមូលដ្ឋាននៃការយោគយល់គ្នានាពេលនេះ។
សម្រាប់ បណ្ឌិត កៅ ថាច បានថ្លែងថា ក្នុងគោលបំណងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋទាំងពីរ ដែលមានតួនាទីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយបង្កើនដីកសិកម្មដែលទទួលបានការស្រោចស្រោព និងការនាំយកវិនិយោគទុនទៅកាន់វិស័យទឹក។
លោកបណ្ឌិតបានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមអនុស្សរណៈយោគយល់គ្នានេះ ធនាគារ ARDB នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធនធានទឹកនិងឧតុនិយមលើការគាំទ្រផ្តល់ឥណទានដល់អ្នកវិនិយោគលើប្រព័ន្ធស្រោចស្រពដែលអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តគាំទ្រដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។
ជាថ្មីម្តងទៀត តាមរយៈ កិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារ ARDB នឹងផ្តល់ជាផលវិជ្ជមានស្របតាមឆន្ទៈ និងចក្ខុវិស័យរួមក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងសដ្ឋកិច្ចជនបទ ប្រកបដោយចីរភាពក៏ដូចជា ស្របតាមតួនាទី-ភារកិច្ចរបស់ស្ថាប័នទាំងពីរដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងទ្រទ្រង់ការកាត់បន្ថយភាពក្រីក្រ តាមរយៈសន្តិសុខទឹកនិងស្បៀងអាហារ ។
សូមជម្រាបថា អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការផ្ដល់ឥណទាន ដល់ក្រុមហ៊ុនវិនិយោគឯកជនលើប្រព័ន្ធស្រោចស្រពពេញលេញ ដែលអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តគាំទ្រដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ ដល់គ្រប់តួអង្គនៅក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងហិរញ្ញប្បទានបន្ត។