(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម នាព្រឹកថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងធនធានទឹក និងឧតុនិយម និង ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការលើការផ្ដល់ឥណទានដល់ក្រុមហ៊ុនវិនិយោគឯកជនលើប្រព័ន្ធស្រោចស្រពពេញលេញ ដែលអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តគាំទ្រដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យដល់គ្រប់តួអង្គនៅក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងហិរញ្ញប្បទានបន្ត។

លោករដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងអាណត្តិមុនៗក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកសាងអាងទឹកតូចធំជាច្រើនដែលមានសក្តានុពល អាចស្តុកទឹកបានប្រមាណ ៤ពាន់លានម៉ែត្រគូប ព្រមទាំងកសាង ប្រឡាយមេ និងប្រឡាយរងខ្វាត់ខ្វែង ដើម្បីស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ គិតមកដល់ពេលនេះ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច សរុបចំនួន ២៣៥២ប្រព័ន្ធ មានអាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីប្រមាណ ជិត ២លានហិកតា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការបន្តការវិនិយោគកសាងអាងទឹកតូចធំ ការជួសជុលស្តារឡើងវិញ ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងការកសាង ប្រព័ន្ធធារាសាស្ត្រពេញលេញគ្រប់ជ្រុងជ្រោយគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាសន្តិសុខទឹក ព្រមទាំងផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ការងារបង្កបង្កើនផលកសិកម្ម ដែលជាផ្នែកមួយជួយឱ្យសម្រេចនូវការអនុវត្តគោលនយោបាយជាតិស្តីពីសន្តិសុខស្បៀង និងយុទ្ធសាស្ត្រនាំស្រូវ-អង្ករចេញរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នទាំងពីរនឹងក្លាយជាកម្លាំងចលករប្រកបដោយជវភាពក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យ ធនធានទឹក និង ឧតុនិយម តាមរយៈការបង្កើនការផ្សព្វផ្សាយ អំពីគោលនយោបាយវិស័យធនធានទឹក និង ឧតុនិយម ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ការចូលរួមលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុដល់សហគមន៍មូលដ្ឋាន ការផ្លាស់ប្តូរព័ត៌មានបទពិសោធន៍ ការងារ និង ការផ្តល់ហិរញ្ញប្បទានគាំទ្រ ដល់ក្រុមហ៊ុន វិនិយោគឯកជន លើប្រព័ន្ធស្រោចស្រព ដែលមានសក្តានុពល កាន់តែច្រើន ដើម្បីគាំទ្រដល់ការអនុវត្ត គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕