(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រ និងកោតសរសើរចំពោះលោក គី សុខលីម សហស្ថាបនិក និងក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ដែលបានចងក្រងសៀវភៅ «លើសពីអង្គរ» ការចងក្រងជាសៀវភៅនេះ ដើម្បីរក្សាទុកនូវអ្វីៗដែលមានសម្រាប់បង្ហាញជូនដល់ភ្ញៀវទេសចរបានដឹងបានយល់បន្ថែមទៀតអំពីវប្បធម៌រស់នៅជុំវិញអង្គរ យល់ដឹងនូវអ្វីដែលជាប្រពៃណីទំនៀមទម្លាប់រស់នៅតាំងពីសម័យ បុរាណរហូតមកដល់បច្ចុប្បន្ន ហើយវប្បធម៌ ប្រពៃណីទាំងនោះនៅតែរស់រវើកជាមួយសាសនា ប្រពៃណី ទំនៀមទម្លាប់ ដែលប្រជាជនអង្គររស់នៅទីនោះ។

ការគាំទ្រស្នាដៃបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយលោក គី សុខលីម សហស្ថាបនិក និងជាប្រធានក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមគាំទ្រ និងកោតសរសើរចំពោះលោក គី សុខលីម សហស្ថាបនិក និងក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ដែលបានចងក្រងសៀវភៅ «លើសពីអង្គរ» ដែលមាន សារៈសំខាន់។ ការចងក្រងជាសៀវភៅ «លើសពីអង្គរ» គឺដើម្បីរក្សាទុកនូវអ្វីៗដែលយើងមានសម្រាប់បង្ហាញជូនដល់ភ្ញៀវទេសចរបានដឹងបានយល់បន្ថែមទៀតអំពីវប្បធម៌រស់នៅជុំវិញអង្គរ យល់ដឹងនូវអ្វីដែលជាប្រពៃណីទំនៀម ទម្លាប់រស់នៅតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ហើយវប្បធម៌ ប្រពៃណីទាំងនោះនៅតែរស់រវើកជាមួយសាសនា ប្រពៃណី ទំនៀមទម្លាប់ ដែលប្រជាជនអង្គររស់នៅទីនោះ»

លោករដ្ឋមន្ត្រី បានលើកឡើងថា សៀវភៅ «លើសពីអង្គរ» ជាស្នាដៃថ្មីមួយទៀតដែលបានបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ និងទំនៀមទម្លាប់រស់រវើករបស់ពលរដ្ឋ និងតំបន់អង្គរ និងបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យ ទេសចរណ៍តាមរយៈសាច់រឿងដែលពាក់ព័ន្ធនឹងតំបន់អង្គរ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តក្រុមការងារបន្តស្រាវជ្រាវ និងចងក្រងស្នាដៃថ្មីៗបន្ថែមទៀតទាក់ទងនឹងវប្បធម៌ អរិយធម៌ខ្មែរ ជាពីសេសការចងក្រងពីបេតិកភណ្ឌរស់របស់មនុស្សជាតិ ក្នុងតំបន់អង្គរសម្រាប់សាធារណជនបានយល់ដឹង។

លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា ចាត់ទុកស្នាដៃសៀវភៅ «លើសពីអង្គរ» គឺជាវណ្ណកម្មថ្មីទៀត តាមរយៈខ្លឹមសារនៃសៀវភៅនេះក៏នឹងជួយឱ្យភ្ញៀវទេសចរយល់ដឹងពីវប្បធម៌រស់ មរតករស់ ប្រពៃណី ទំនៀមទម្លាប់ សាសនារស់រវើកនៅតំបន់អង្គរ ហើយនៅពេលដែលភ្ញៀវទេសចរយល់ដឹងពីរឿងរ៉ាវទាំងនោះ ទើបធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្ញប់ស្ញែង និងស្ងើចសរសើរដល់ភាពអច្ឆរិយ និងភាពអស្ចារ្យនៃទឹកដីអង្គរខ្មែរយើង។

លោករដ្ឋមន្ត្រី បានលើកឡើងថា កន្លងមកមានមតិជាច្រើនបានបង្ហាញថា នៅពេលមកដើរ កម្សាន្តនៅតំបន់ប្រាសាទ លើទឹកដីអង្គរ គឺបានត្រឹមតែមើលថ្មប្រាសាទប៉ុណ្ណោះ ហើយទាល់តែចេះនិយាយជាមួយថ្ម ទើបអាចយល់ពីអត្ថន័យប្រាសាទ។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចងក្រងសៀវភៅពីតំបន់អង្គរអោយបានច្រើននឹងជួយឱ្យភ្ញៀវទេសចរយល់ពីតម្លៃថ្មប្រាសាទទាំងនេះ ហើយនៅពេលពលរដ្ឋយល់ពីតម្លៃនៃថ្មប្រាសាទហើយ ទើបអាចនិយាយជាមួយថ្មប្រាសាទបាន។

តាមការបញ្ជាក់របស់លោក គី សុខលីម បានឱ្យដឹងថា សៀវភៅ «លើសពីអង្គរ» ជាវណ្ណកម្មមួយដែលចង់បង្ហាញពីគុណសម្បត្តិនៃធម្មជាតិជីវចម្រុះ លើសពីប្រាសាទដែលមនុស្សទូទៅ ធ្លាប់បានដឹង និងបានស្គាល់តាមរយៈសៀវភៅ និងអត្ថបទស្រាវជ្រាវនានាកន្លងមក។ ជាពិសេស ប្រព័ន្ធគមនាគមន៍បុរាណ ទាំងផ្លូវទឹក និងផ្លូវគោក ក៏ដូចជាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់បុរាណ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមក ហើយត្រូវបានពលរដ្ឋលើទឹកដីអង្គរថែរក្សា និងប្រកាន់ខ្ជាប់មកដល់បច្ចុប្បន្ន។ ព្រៃឈើ ទឹកស្ទឹង បឹងបួ ផ្លូវបុរាណ ដុំថ្ម បាតុភូតធម្មជាតិ ពិធីចាប់ត្រី ពីធីសុំទឹកភ្លៀង ទំនៀមទម្លាប់ និងភូមិឋាន គឺជាតួអង្គសំខាន់នៅក្នុងសៀវភៅមួយក្បាលនេះ។ តួអង្គទាំងនេះ ត្រូវបានមនុស្សទូទៅមើលឃើញ និងឱ្យតម្លៃក្នុងរូបភាពធម្មតា ប៉ុន្តែតួអង្គទាំងនេះមិនធម្មតា ដូចមនុស្សទូទៅគិតឡើយ។ តួអង្គទាំងនេះហើយ គឺជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសម័យអង្គរដ៏រុងរឿង។

នៅក្នុងឱកាសនេះដែរ ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ បានជូនសៀវភៅ «លើសពីអង្គរ» និង «អ្នកថែអង្គរ» ចំនួន១៥ក្បាល ដល់លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ហើយជាការគាំទ្រដល់ស្នាដៃទាំងនេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានជួយជាវសៀវភៅ «លើសពីអង្គរ» ចំនួន ១០០ក្បាល ថែមទៀតផងដែរ៕