Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គួរឲ្យអាសូរណាស់! ក្មេងប្រុសម្នាក់ធ្លាក់ពីលើស្ពាន លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកក្រគរ

26-10-2016 17:32

(ពោធិ៍សាត់)៖ ក្មេងប្រុសម្នាក់អាយយ៣ឆ្នាំ បានលង់ទឹកស្ទឹងស្លាប់ភ្លាម ដោយសារអង្គុយបត់ជើងធំលើស្ពាន ហើយជ្រុលធ្លាក់ក្នុងទឹក បង្កឱ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ ត្រង់ចំណុចស្ពានឆ្លងស្ទឹង ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ក្មេងរងគ្រោះដែលលង់ទឹកស្ទឹងស្លាប់នោះ មានឈ្មោះ ព្រំ រាជ អាយុ៣ឆ្នាំ មានឪពុកឈ្មោះ ព្រំ អានុជ អាយុ៣១ឆ្នាំ និងម្តាយឈ្មោះ នង ស្រី អាយុ៣២ឆ្នាំ អ្នកទាំង៣រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

លោកអធិការបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ក្មេងរងគ្រោះបានទៅអង្គុយបត់ជើងធំនៅលើស្ពាន ស្រាប់តែកំពុងប្រឹងផងនោះ ក៏ជ្រុលធ្លាក់ទៅក្នុងទឹក បណ្តាលឲ្យលង់ស្លាប់តែម្តង។ មួយសន្ទុះក្រោយមក ម្តាយរកមើលកូនមិនឃើញ ក៏នាំគ្នាដើររកផង ចុះរាវក្នុងទឹកស្ទឹងផង ស្រាប់តែប្រទះឃើញកូនរបស់ខ្លួនអណ្តែត នៅក្នុងទឹកស្ទឹង នាំគ្នាផ្អើលឆោឡោចុះស្រង់ជួយសង្គ្រោះ តែជាអកុសលក្មេងរងគ្រោះបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ។ បច្ចុប្បន្នសាកសពក្មេងរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕