(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានប្រារព្ធនូវវឌ្ឍនភាពដ៏សំខាន់មួយក្នុងការពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។

ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគាំទ្រសហគ្រាសកែច្នៃផលផលិតផលជលផលចំនួន ១១ ត្រូវបានរៀបចំឡើងក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)។

គួរបញ្ជាក់ថា កម្មវិធី ISF គឺជាគំរូហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រងនិងចាត់ចែងមូលនិធិដោយ CGCC។

កម្មវិធី ISF មានទម្រង់ជាហិរញ្ញវត្ថុបដិភាគ កៀរគរការវិនិយោគសរុបប្រមាណ ២,៥០លាន ដុល្លារអាមេរិក រួមមានកញ្ចប់មូលនិធិគម្រោងគាំទ្រជាសម្ភារបរិក្ខារចំនួន ១លានដុល្លារអាមេរិក (៤០% នៃការវិនិយោគសរុប) ប្រាក់កម្ចីអាជីវកម្មពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាមួយនឹងការធានាឥណទានពី CGCC ចំនួន ១,២៥លានដុល្លារអាមេរិក (៥០%) និងសហវិនិយោគផ្ទាល់ពីសហគ្រាសចំនួន ២៥០,០០០ ដុល្លារអាមេរិក (១០%)។

ចាប់តាំងពីការដាក់ឱ្យដំណើការនៅចុងឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធី ISF បាននិងកំពុងគាំទ្រសហគ្រាសជុំដំបូងចំនួន ១១ និងសហគ្រាសជាច្រើនទៀតស្ថិតក្នុងដំណើរការជ្រើសរើសនៃកម្មវិធី។

ជាមួយកញ្ចប់ហិរញ្ញប្បទានដំបូងរបស់គម្រោងចំនួន ៣២០,០០០ ដុល្លារអាមេរិក បានទាក់ទាញទុនវិនិយោគបន្ថែមជាប្រាក់កម្ចីមានការធានាចំនួន ៣៤០,០០០ ដុល្លារអាមេរិក ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ចំនួន ២ស្ថាប័ន គឺធនាគារអេស៊ីលីដា និងធនាគារមេយប៊ែង រួមជាមួយសហវិនិយោគពីសហគ្រាសផ្ទាល់ចំនួន ៥៨០,០០០ ដុល្លារអាមេរិក។

កម្មវិធី ISF ផ្តោតការគាំទ្រជាចម្បងដល់សហគ្រាសជលផលក្រោយប្រមូលផល ដែលចង់បង្កើនប្រតិបត្តិការអាជីវកម្ម និងពង្រីកទីផ្សារទាំងក្នុង និងក្រៅស្រុក។ កម្មវិធីផ្តល់ភាពអង់អាច និងការយកចិត្តទុកដាក់ដល់អាជីវកម្មដែលដឹកនាំដោយស្ត្រី យុវជន និងជនមានពិការភាព។

តាមរយៈគំរូហិរញ្ញវត្ថុថ្មីនៃកម្មវិធី ISF នេះ, គម្រោង CAPFISH-Capture និង CGCC ប្តេជ្ញាចិត្តគាំទ្រសហគ្រាសស្ថិតក្នុងខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល ក្នុងការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងស្តង់ដារទីផ្សារ។

កញ្ចប់គាំទ្របច្ចេកទេសដែលឆ្លើយតបពេញលេញទៅនឹងតម្រូវការជាក់លាក់របស់សហគ្រាស រួមមានការបង្កើតផែនការអាជីវកម្ម ការផ្សារភ្ជាប់ទីផ្សារ ការបំពេញបានតាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពម្ហូបអាហារ បរិស្ថាន និងសង្គមជាដើម៕

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី ISF និងដំណើរការដាក់ពាក្យស្នើសុំ សូមចូលទៅកាន់៖ https://www.cgcc.com.kh/en/post-harvest-fishery-guarantee-scheme/