(ប៉េកាំង)៖ អ្នកនាំពាក្យរដ្ឋាភិបាលចិននៅថ្ងៃពុធនេះ បានស្នើឲ្យសហរដ្ឋអាមេរិកគោរពតាមការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ ហើយជំទាស់ជានិច្ចចំពោះការចង់បានឯករាជ្យរបស់កោះតៃវ៉ាន់ នៅក្រោយកិច្ចជួបពិភាក្សាគ្នាមួយរវាងកោះតៃវ៉ាន់ និងសហរដ្ឋមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ចិនស៊ិនហួរ នៅមុននេះបន្តិចនាថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយលោក An Fengshan អ្នកនាំពាក្យចិនប្រចាំការិយាល័យកិច្ចការតៃវ៉ាន់ របស់ក្រុមប្រឹក្សារដ្ឋបានបញ្ជាក់ថា ប្រទេសចិនបានបង្ហាញពីអាកប្បកិរិយារបស់ខ្លួនយ៉ាងច្បាស់ ចំពោះការចូលរួមរបស់តៃវ៉ាន់នៅក្នុងសកម្មភាពអន្តរជាតិនានា។
ទន្ទឹមគ្នានេះដែរដើម្បីឆ្លើយតបទៅនឹងព័ត៌មានដែលថា តៃវ៉ាន់មានបំណងចង់ដាក់ប្រព័ន្ធរ៉ាដាប្រកាសអាសន្ន នៅលើកោះ Taiping នៅក្នុងសមុទ្រចិនខាងត្បូង ហើយថែមទាំងនឹងអាចមានការចែករំលែកព័ត៌មាន ជាមួយអាមេរិកទៀតផងនោះ លោក An បាននិយាយថា ប្រទេសចិនបានរំលឹកនិងបញ្ជាក់ដដែលៗពី គោលជំហរលើបញ្ហាជម្លោះនៅដែនសមុទ្រចិនខាងត្បូង និងបានព្រមានថាការប្រឈមមុខដាក់គ្នារបស់ តៃវ៉ាន់មកលើប្រទេសចិនដោយពឹងផ្អែកលើកម្លាំងពីបរទេសនោះ នឹងធ្វើឲ្យដល់ភាគីទាំងពីររងគ្រោះ ទាំងសងខាងជាក់ជាមិនខាន។
លើសពីនេះទៀតលោក An Fengsha បានថ្លែងជាចុងក្រោយថា «យើងសង្ឃឹមថាតៃវ៉ាន់នឹងបោះបង់គំនិត ដែលចង់ស្វែងរកឯករាជ្យភាព និងការប្រឈមមុខដាក់គ្នាហើយគួរតែបន្តគោរពតាមកិច្ចព្រមព្រៀង កាលពីឆ្នាំ១៩៩២ និងងាកមករួមកម្លាំងគ្នាជាមួយប្រទេសចិន ដើម្បីលើកស្ទួយសន្តិភាព និងស្ថិរភាព ព្រមទាំងផ្តល់ផលប្រយោជន៍ទៅឲ្យប្រជាជន ដែលរស់នៅចិនដីគោកក៏ដូចជានៅលើកោះតៃវ៉ាន់វិញ»។
គួរបញ្ជាក់ថា នៅក្នុងជំនួបរវាងមេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-Wen ជាមួយនិងលោក James Moriarty ដែលជាប្រធាននៃគ្រឹះស្ថានឯកជន American Institute ភាគីតៃវ៉ាន់បានសម្តែងក្តីសង្ឃឹមថាសហរដ្ឋអាមេរិក អាចគាំទ្រការចូលរួមរបស់តៃវ៉ាន់នៅក្នុងសកម្មភាពអន្តជាតិនានា ហើយលោក Moriarty បាននិយាយថា អាមេរិក និងតៃវ៉ាន់បានបង្កើតកិច្ចសហការយ៉ាងរឹងមាំនៅក្នុងវិស័យជាច្រើន អំឡុងពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ សហរដ្ឋអាមេរិកក៏បានសម្តែងក្តីរីករាយជានិច្ចដើម្បីចាំមើលតៃវ៉ាន់មានភាពលេចធ្លោ និងដើរតួនាទីកាន់តែសំខាន់ឡើងបន្ថែមទៀតនៅក្នុងតំបន់៕