Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយកប្រចាំ​តំបន់​របស់អង្គការ​មូលនិធិ​អាស៊ី៖ គ.ជ.ប បច្ចុប្បន្ន​មានវិជ្ជាជីវៈ ក្នុងការរៀបចំ​ការបោះឆ្នោត​ដែលជា​គំរូល្អមួយ​នៅអាស៊ី​

26-10-2016 17:21

(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប និងថ្នាក់ដឹកនាំមួយចំនួនទៀត បានជួបពិភាក្សាការងារជាមួយ លោក ធីម ម៉ៃបឺហ្គឺ នាយប្រចាំតំបន់របស់អង្គការ មូលនិធិអាស៊ី ទទួលបន្ទុកកិច្ចការបោះឆ្នោត និងកិច្ចការនយោបាយ និងលោក ស៊ីឡាស អ៉ីវីរ៉េត តំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា ដើម្បីជួបសំដែងការគួរសម និងស្វែងយល់ពីការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងជំនួបនោះ លោក ធីម ម៉ៃបឺហ្គឺ នាយប្រចាំតំបន់របស់អង្គការមូលនិធិអាស៊ី ទទួលបន្ទុកកិច្ចការបោះឆ្នោត និងកិច្ចការនយោបាយ បានវាយតម្លៃខ្ពស់ថា គ.ជ.ប បច្ចុប្បន្នមានវិជ្ជាជីវៈ ក្នុងការរៀបចំការបោះឆ្នោតដែលជាគំរូល្អមួយនៅអាស៊ី។  លោកបានលើកឡើងថា សហគមន៍អន្តរជាតិ បានសរសើរពីការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា និងដំណើរការចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ កំពុងប្រព្រឹត្តទៅបានល្អ។ លោក ធីម ម៉ៃបឺហ្គឺ បានបន្ថែមថា មូលនិធិអាស៊ី មានបំណងជួយ គ.ជ.ប លើការងារអប់រំអ្នកបោះឆ្នោត និងអប់រំសាធារណជន។

ជាការឆ្លើយតប លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានស្វាគមន៍ចំពោះជំនួយមូលនិធិអាស៊ី ហើយសង្ឃឹមថា ជំនួយបច្ចេកទេសទាំងនោះ នឹងធ្វើឲ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតប្រព្រឹត្តទៅ កាន់តែរលូន និងមានជំនឿទុកចិត្តពីភាគីពាក់ព័ន្ធ។

ប្រធានគ.ជ.ប បានប្រាប់នាយប្រចាំតំបន់របស់អង្គការមូលនិធិអាស៊ី ទទួលបន្ទុកកិច្ចការបោះឆ្នោត និងកិច្ចការនយោបាយថា បច្ចុប្បន្ននេះ គ.ជ.ប ត្រូវបានដាក់ឲ្យក្លាយទៅជាស្ថាប័ន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញា និងមានរៀបចំច្បាប់ និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាដើម។

គួរបញ្ជាក់ថា ស្ថាប័នគ.ជ.ប បានធ្វើកំណែទម្រង់ជាថ្មី នៅក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៥ ដោយស្ថាប័ននេះ មានសមាជិក គ.ជ.ប៩រូប ជ្រើសតាំងដោយរដ្ឋសភា ស្របតាមច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគ.ជ.ប ដែលពីមុនមានការជ្រើសរើសដោយ រាជរដ្ឋាភិបាល ហើយសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ បច្ចុប្បន្ននេះ គ.ជ.ប កំពុងដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រ ដែលពីមុនចុះឈ្មោះដោយដៃ៕