(ពោធិ៍សាត់)៖ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ បានជំរុញឱ្យក្រុមការងារ សម្របសម្រួលព័ត៌មាន ចំណុះរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តពោធិ៍សាត់ ត្រូវធ្វើការងារឱ្យកាន់តែសកម្ម ទៅលើការគាំទ្រគណៈបញ្ជាការឯកភាព ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងសាធារណមតិ ដោយធ្វើការឆ្លើយតប បកស្រាយ និងផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ ឱ្យពួកគាត់បានដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។
លោក ខូយ រីដា បានជំរុញបែបនេះ នៅស្នាក់ការមន្ទីរគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារសម្របសម្រួលព័ត៌មាន នៃក្រុមការងារយុវជនគណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តពោធិ៍សាត់ ប្រមាណជិត២០០នាក់។
លោក ខូយ រីដា បានលើកឡើងថា ការងារព័ត៌មាន គឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ព័ត៌មានពិតដល់សាធារណជនទូទៅ ដូច្នេះហើយក្រុមការងារសម្របសម្រួលព័ត៌មាន ត្រូវចេះជ្រើសរើសយកព័ត៌មានណាមកសរសេរ ឱ្យមានភាពទាក់ទាញ ហើយព្រឹត្តការណ៍ ដែលកើតឡើងនោះ គួរដាក់ផ្សាយ ឬអត់ តើផ្តល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកអាន និងសង្គម។ លោកបានគូសបញ្ជាក់ថា ក្នុងបរិបទបច្ចុប្បន្នសម័យឌីជីថល ការងារសាធារណមតិ កាន់តែស្រួចស្រាល ហើយក្រុមជនអគតិ ជាពិសេសក្រុមបក្សប្រឆាំង ក៏បានប្រើប្រាស់បណ្តាញសង្គម ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងមានចរិតបំភ្លៃ បំផ្លើស និងបំភ័ន្តកាន់តែច្រើន ដែលចាំបាច់យើងទាំងអស់គ្នា ត្រូវរួមសាមគ្គី ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ជូនដល់ប្រជាពលរដ្ឋបានដឹង។
ជាការពិតណាស់ថា មន្ទីរព័ត៌មាន គឺជាជំនួយការដល់គណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជារដ្ឋបាលខេត្ត ហើយកិច្ចការងារសាធារណមតិ និងកិច្ចការងារព័ត៌មាន គឺពឹងផ្អែកលើមន្ត្រីព័ត៌មាន ដូច្នេះក្នុងនាមយើងទាំងអស់គ្នា ជាក្រុមការងារសម្របសម្រួលព័ត៌មាន នៃក្រុមការងារយុវជនគណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវមានការពង្រឹងសមត្ថភាព និងចំណេះជំនាញឱ្យបានកាន់រឹងមាំបន្ថែមទៀត ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារព័ត៌មាន និងត្រូវប្រាកដថា ព័ត៌មានទាំងនោះ មានភាពត្រឹមត្រូវ ពិតប្រាកដ និងមិនបំពុល។
លោក ខូយ រីដា ក៏បានបញ្ជាក់អំពីសារៈសំខាន់ នៃកិច្ចសហការផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន គណៈអភិបាលខេត្ត មន្ទីរអង្គភាព និងជាពិសេសសមិទ្ធផលសម្រេចបានក្នុងខេត្ត ក៏ដូចជាសក្តានុពលទេសចរណ៍ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលក្រុមការងារសម្របសម្រួលព័ត៌មាន នៃក្រុមការងារយុវជនគណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ អនុវត្តន៍បានកន្លងមក ទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជំនះបំពេញការងារ សម្រេចជូនបក្ស ជូនជាតិ និងខេត្តរបស់យើង ដែលបង្ហាញយ៉ាងជាក់ច្បាស់ពីការលះបង់គ្រប់បែបយ៉ាង៕