(អាស៊ី)៖ កាន់តំណែងមិនទាន់បានកន្លះឆ្នាំផង លោកប្រធានាធិបតីថ្មីរបស់ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទ័រទេ (Rodrigo Duterte) បានពាក់ម្កុដកូនក្រមុំដ៏មានមន្តស្នេហ៍ឲ្យហ្វីលីពីន ត្រូវបានសារពត៌មានល្បីៗ ដាក់ចូលទំព័រមុខស្ទើររាល់ថ្ងៃ។ ដំណើរផ្សងព្រេងរបស់ហ្វីលីពីនក្រោមការដឹកនាំរបស់បុរសខ្លាំងមួយរយៈចុងក្រោយនេះ បានពើបប្រទះក៏ដូចជា បង្កព្យុះភ្លៀងជាច្រើន នៅក្នុងនយោបាយកម្រិតតំបន់ និងសកល។ បានពើបប្រទះដោយហេតុថា នៅក្នុងដំណើរនោះ ហ្វីលីពីន ត្រូវបានគេជេរស្តី មាក់ងាយ លេបខាយ ថាជានារីសម្លឹងតែប្រាក់ ភ្លេចអស់អនុស្សាវរីយ៍ផ្អែមល្ហែម និងការតស៊ូរបស់ដៃគូចាស់រាប់ទសវត្សកន្លងទៅ។
ជាមួយគ្នានោះដែរ ហ្វីលីពីនក៏បានបង្កជាព្យុះភ្លៀងមិនឈប់ឈរ ដោយហេតុថា ពេលខ្លះមានតែភ្លៀង ពេលខ្លះមានទាំងរន្ទះ ពេលខ្លះមានទាំងខ្យល់បក់ខ្លាំង ហើយក៏ពេលខ្លះបន្ទន់ឥរិយាបទមកត្រឹមរលឹមស្រិចៗវិញ ដែលធ្វើឲ្យអ្នកដែលរងផលប៉ះពាល់ពីព្យុះភ្លៀងនោះ ជាពិសេសគឺក្រុងវ៉ាស៊ីនតោន ឈឺក្បាលវិលមុខមិនតិចទេ។
គួរកត់សម្គាល់ផងដែរថា កាលពីកិច្ចប្រជុំកំពូលអាស៊ានថ្មីៗកន្លងទៅ លោកឌូទ័រទេ បានរិះគន់មិនសំចៃមាត់លើអាមេរិកដែលជាសម្ព័ន្ធមិត្តចាស់ តាំងពីឆ្នាំ ១៩៥១មក។ មិនបានប៉ុន្មានថ្ងៃផង ពេលដែលមកដល់ទឹកដីកំណើតរបស់ខ្លួនវិញ ប្រធានាធិបតីរូបនេះ ក៏បានសូមទោសជាសាធារណៈដល់សម្ព័ន្ធមិត្តខ្លួន ថាលោកមានការស្តាយក្រោយ ដែលបានវាយប្រហារលោកប្រធានាធិបតីអូបាម៉ា ជាលក្ខណៈបុគ្គលបែបនេះ។
នៅក្នុងវេទិកាមួយ ដែលមានការចូលរួមដោយលោកឧបនាយករដ្ឋមន្រ្តីចិន ហ្សាង ហ្គៅលី ផងដែរនោះ លោកឌូទ័រទេ បានប្រកាសក្តែងៗថា ស្នេហាផ្អែមល្អែមរវាងហ្វីលីពីន ដល់ផ្លួវបំបែកហើយ ដោយលើកហេតុផលថា ខាងប្រុសបានបញ្ជាខ្លួនឲ្យធ្វើអ្វីតាមដែលចិត្តគាត់ចង់ជិត ៧ទសវត្សហើយ។ មិនបានពីរថ្ងៃផង ពេលដែលលោកប្រធានាធិបតីរូបនេះមកដល់ដីកំណើត Davao វិញ ស្រាប់តែលោកបានបញ្ជាក់សាជាថ្មីថា ការបែកផ្លូវនេះ គឺមិនមែនមានន័យថា មិនមានចំណងអាពាហ៍ពិពាហ៍ (ទំនាក់ទំនងការទូត) នោះឡើយ គ្រាន់តែមិនចង់ឲ្យខាងប្រុស (អាមេរិក) បង្គាប់បញ្ជាហួសហេតុដូចលើកមុនតែប៉ុណ្ណោះ។
លោក Rodrigo Duterte និង ឧបនាយករដ្ឋមន្រ្តីចិន លោក Zhang Gaoli
តើនេះជារឿងចៃដន្យឬ? តើនេះបង្ហាញថា លោកប្រធានាធិបតីជាមនុស្សក្រឡិចក្រឡុចឬ? តើភាពមិនប្រក្រតីនេះបង្ហាញថា លោកឌូទ័រទេ មានបញ្ហាផ្លូវចិត្តឬ? តើបញ្ហានេះ អាចធ្វើឲ្យលោកប្រធានាធិបតីជាប់ទោសពីបទឆបោកកម្រិតអន្តរជាតិឬ? ច្បាស់ទេថា ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ផ្សព្វផ្សាយទាំងរឿងលើឆាក និងរឿងក្រៅឆាក? ដោយឡែកបើមើលពីជ្រុងផ្សេង តើនេះជាយុទ្ធសាស្ត្រឈ្នះៗរបស់លោក ដើម្បីជួយឲ្យហ្វីលីពីន មានទឹកមាត់ប្រៃក្នុងតំបន់ឡើងវិញឬ បន្ទាប់ពីតំណែងតួឯកសំខាន់ៗក្នុងអាស៊ាន ត្រូវបានគ្រងប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម និងសិង្ហបុរី? ទាំងនេះជាសំណួរ ដែលអ្នករិះគន់លោក ឌូទ័រទេ គួរតែឆ្លើយ មុននឹងចោទបុរសខ្លាំងរូបនេះថា បុគ្គលបែបនេះបែបនោះ។
បើមើលឲ្យកាន់តែជ្រៅជាលក្ខណៈប្រាកដនិយម (Realism) និងសេរីនិយម (Liberalism) ក្នុងបរិបទទំនាក់ទំនងអន្តរជាតិមានរឿងច្រើនណាស់ ដែលគួរពិចារណា។ ក្នុងទ្រឹស្តីប្រាកដនិយមដែលមានលោក Thomas Hobbes, Niccolo Machiavelli, Thucydides, Kenneth Waltz និងលោក Hans Morgenthau ជាដើមអ្វីដែលលោក ឌូទ័រតេ ធ្វើគឺដើម្បីតែផលប្រយោជន៍។ ផលប្រយោជន៍នេះមាន ៣លំដាប់ដូចជា៖ ផលប្រយោជន៍សម្រាប់ប្រទេសហ្វីលីពីន, ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋហ្វីលីពីន និងផលប្រយោជន៍របស់លោកឌូទ័រតេ ខ្លួនឯងផ្ទាល់តែម្តង។
សម្រាប់ផលប្រយោជន៍របស់ប្រទេសហ្វីលីពីន លោកឌូទ័រទេ កំពុងប្រើបា្រស់ទ្រឹស្តីសេដ្ឋកិច្ចរបស់អតីតមេដឹកនាំចិន លោក តេង សៀពីង ដែលលើកឡើងថា ឆ្មាខ្មៅឆ្មាស មិនសំខាន់ តែអ្វីដែលសំខាន់ថា តើឆ្មាណាដែលចាប់កណ្តុរបានច្រើនជាង។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាមេរិកប្រហែល ៧ទសវត្សកន្លងទៅ ប្រទេសហ្វីលីពីន មានការរីកចម្រើនបង្គួរ ទាំងផ្នែកយោធា និងសេដ្ឋកិច្ច។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសទ្ធិសញ្ញាផ្នែកការពារជាតិរួមគ្នា (Mutual Defense Treaty between the Philippines and the US) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៥១។ ហ្វីលីពីនក៏ជាអ្នកចូលរួមបង្កើតអង្គការសេអាតូ (SEATO) ជាមួយអាមេរិក និងភាគីដទៃនៅឆ្នាំ១៩៥៤។
មិនតែប៉ុណ្ណោះ ឆ្លើយតបទៅនឹងការវាតទីរបស់មហាយក្សចិនហ្វីលីពីន ក៏បានចុះហត្ថលេខាជាមួយអាមេរិកលើកិច្ចព្រមព្រៀង សហប្រតិបត្តការពង្រឹងវិស័យការពារជាតិ (Enhanced Defense CooperationAgreement) នៅឆ្នាំ២០១៤ ផងដែរ។ តែចំពោះលោកឌូទ័រទេ ហ្វីលីពីន អាចក្លាយជាប្រទេសមានអំណាចក្នុងតំបន់បាន ដរាបណាប្រទេសនេះមានការអភិវឌ្ឍ បែបរូបវ័ន្តដូចប្រទេសមួយចំនួនក្នុងតំបន់សិន។
បញ្ហាផ្សេងទៀតដូចជាគ្រឿងញៀន ការទប់ស្កាត់គ្រោះធម្មជាតិ អនាម័យនៃការរស់នៅរបស់ប្រជាពលរដ្ឋ ការចំណាកស្រុកហួសហេតុ ពេស្យាចារ ។ល។ ល សុទ្ធតែជារូបភាពមិនល្អរបស់ប្រទេសជាយូរមកហើយ។ ទាំងនេះត្រូវការការដឹកនាំដែលហ៊ាន ធ្វើដោយមិនញញើតនូវការគម្រាមកំហែងបែបសិទ្ធិមនុស្ស និងត្រូវការថវិការជាច្រើនសម្រាប់ការអភិវឌ្ឍ។ ក្នុងជំនួបរវាង រ៉ូឌ្រីហ្គោ ឌូទ័រទេ និងស៊ី ជីនពីង នៅប៉េកាំងកន្លងទៅ លោកឌូទ័រទេ បានសុំជំនួយពីប្រទេសចិនជាចំហរ ដោយមិនក្រែងចិត្តសូម្បីបន្តិចឡើយ។
តើនរណាអាចជួយស្តារមុខមាត់ហ្វីលីពីន បានក្នុងកាលៈទេសៈនេះ? ចិន ឬអាមេរិក? ត្រូវចាំថា អាមេរិកបានរិះគន់មិនសំចៃមាត់លើយុទ្ធនាការ កំចាត់មេគ្រឿងញៀនរបស់លោក ឌូទ័រទេ កន្លងទៅ ដោយលើកហេតុផលសិទ្ធិមនុស្សជាដើម។ ហើយជំនួយផ្នែកសេដ្ឋកិច្ចពីអាមេរិកទាំងក្របខណ្ឌទ្វេភាគីប្រចាំឆ្នាំ និងក្របខណ្ឌអង្គការអាមេរិក (ឧទាហរណ៍ USAID) មិនអាចជួយហ្វីលីពីនបានគ្រប់ជ្រុងជ្រោយឡើយ។ ផ្ទុយទៅវិញ មានតែរដ្ឋាភិបាលក្រុងប៉េកាំងទេ ដែលមិនដែលជំទាស់នឹងយុទ្ធនាការបង្ក្រាបគ្រឿងញៀន ហើយសន្យាផ្តល់ជំនួយសេដ្ឋកិច្ចចំនួនប្រហែល ៣ពាន់លានដុល្លាអាមេរិក ក្នុងជំនួបថ្មីៗនេះ សម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនានា។ ក្នុងកាលៈទេសៈនេះប្រហែលជាឆ្មាខ្មៅ (ប៉េកាំង) អាចចាប់កណ្តុរច្រើនជាងឆ្មាស (វ៉ាស៊ីនតោន) ។
នៅក្នុងវិស័យយោធា និងការទូត ជាពិសេសបញ្ហាបូរណភាពដែនដីរបស់ហ្វីលីពីន លោក ឌូទ័រទេ បានយល់ច្បាស់ពីអាកប្បកិរិយារបស់ចិនជាងមុន។ យល់ច្បាស់ត្រង់ថា ការតម្លើងសរសៃកដាក់ចិន មិនទទួលបានលទ្ធផលល្អទេ ក្រៅពីការពង្រឹងសាច់ដុំពីទីក្រុងប៉េកាំងកាន់តែខ្លាំង ដែលជារឿយៗដាក់សម្ពាធលើក្រុងម៉ានីល។
ឧទាហរណ៍ដូចជា ទោះជាសេចក្តីសម្រេចរបស់តុលាការអចិន្ត្រៃយ៍មជ្ឈឹតកម្មអន្តរជាតិ បានផ្តល់ជ័យជំនះដល់ហ្វីលីពីន ក៏ចិននៅតែមិនព្រមទទួលស្គាល់ យុត្តាធិការរបស់សាលក្រម ហើយតែងតម្លើងសាច់ដុំ នៅកោះដែលមានជម្លោះកាន់តែខ្លាំង។ អវត្តមាននៃការអន្តរាគមន៍ដែលគួរឲ្យទុកចិត្តពីអាមេរិក ធ្វើឲ្យប្រធានាធិបតី ថ្មីហ្វីលីពីន សម្រេចដូរយុទ្ធសាស្រ្តប្រើជាមួយនឹងចិន។ អាចនិយាយបានថា ចិនមានចរិកស៊ីជោរ ដូច្នេះនយោបាយក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅរបស់ហ្វីលីពីន អាចនឹងមានប្រសិទ្ធភាពជាង និងអាចរក្សាការពារទឹកដីហ្វីលីពីន បើហ្វីលីពីនអាចបញ្ចុះបញ្ចូលចិន បានក្នុងកាលៈទេសៈអំណោយផលណាមួយ។
យ៉ាងណាមួយ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងចិន និងអាមេរិក គ្មានផ្លូវណាអាចឲ្យអាមេរិកចេញមុខការពារនារីដែលខ្លួនស្រឡាញ់ ប្រឆាំងដៃគូរកស៊ីរបស់ខ្លួនជាលក្ខណៈទ្រង់ទ្រាយធំដែរ។ ជាមួយអាមេរិក ទោះលោក ឌូទ័រទេ បានប្រកាសជាសាធារណៈថា ឲ្យអាមេរិកដកកងទ័ពចេញពីហ្វីលីពីន ជាពិសេសនៅកោះ មិនដាណាវ ក៏ដោយ ក៏រដ្ឋាភិបាលក្រុងម៉ានីល មិនទាន់មានចេញលិខិតផ្លូវការណាមួយទាក់ទង នឹងការដកកងទ័ពអាមេរិក ចេញពីទឹកដីខ្លួនឡើយ។ មិនតែប៉ុណ្ណោះ នៅពេលដែលក្រុងវ៉ាស៊ីនតោន សុំឲ្យលោក ឌូទ័រទេ បកស្រាយពីជំហររបស់លោកដែលបាននិយាយនៅទីក្រុងប៉េកាំងកន្លងទៅ លោក ឌូទ័រទេ បែរជាថា លោកគ្មានបំណងផ្តាច់ទំនាក់ទំនងពីអាមេរិកទេ ព្រោះវាអាចប៉ះពាល់ផលប្រយោជន៍ហ្វីលីពីន និងអាចប៉ះពាល់ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរទៀតផង។ ណាមួយ បើយោងតាមការស្ទាបស្ទង់មតិមួយ កាលពីពេលថ្មីៗកន្លងទៅ ប្រជាជនហ្វីលីពីនជាង៦៦% មានទំនុកចិត្តលើអាមេរិក ជាងមានលើចិន ខណៈមានតែ៣៣% ប៉ុណ្ណោះដែលទុកចិត្តចិន។ តើទឡ្ហីករណ៍ទាំងនេះអាចបញ្ជាក់បានហើយ ឬនៅថា នេះជាយុទ្ធសាស្រ្តរបស់លោកឌូរទ័រទេ ក្នុងការយកផលប្រយោជន៍បានពីមហាអំណាចទាំងពីរ ជូនប្រទេសហ្វីលីពីន?
ចំណែកផលប្រយោជន៍របស់ប្រជាពលរដ្ឋហ្វីលីពីន គឺការរស់នៅដោយមិនមានភាពភ័យខ្លាចនឹងការញាំញីពីគ្រឿងញៀន ការទទួលបានការងារ ក្នុងស្រុកបើសិនមានលំហូរពាណិជ្ជកម្ម និងការវិនិយោគពីចិនដូចបានសន្យា ការទទួលបានការប្រើប្រាស់សមិទ្ធផលចេញពីអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានា ការទទួលបានការធានានូវការគោរពច្បាប់ក្នុងប្រទេស និងការកាត់បន្ថយអំពើពុករលួយជាដើម ព្រោះទាំងនេះសុទ្ធតែជាអ្វីដែលលោក ឌូទ័រទេ នឹងដាក់ក្នុងរបៀបវារៈរបស់លោក។
ជាចុងក្រោយ គោលនយោបាយរបស់លោកឌូទ័រទេ កន្លងទៅក៏អាចហុចផលប្រយោជន៍ដល់ខ្លួនលោកផ្ទាល់ផងដែរ។ ប្រជាប្រិយនិយម (Populism) នៅក្នុងប្រទេសហ្វីលីពីន មិនមែនជារឿងថ្មីនោះទេ តែវាមានតាំងពីសម័យរបស់ អេស្ត្រេដា (Estrada) មកម្ល៉េះ រហូតដល់កីឡាករប្រដាល់កម្រិតពិភពលោក Manny Pacquiao ក៏ធ្លាប់មានបំណងចង់បានតំណែងប្រធានាធិបតីហ្វីលីពីនដែរ។ លោក ឌូទ័រទេ សុខចិត្តរងការរិះគន់ពីសកលលោក តែលោកតែងព្យាយាមយកចិត្ត និងបំពេញតម្រូវការប្រជាជនហ្វីលីពីន។ លោកធ្លាប់សន្យាថា លោកហ៊ានស្លាប់ចំពោះការអនុវត្តយុទ្ធនាការបង្រ្កាបមេគ្រឿងញៀនកន្លងទៅ អោយតែប្រទេសហ្វីលីពីនអស់បញ្ហាគ្រឿងញៀន។
យោងតាមការផ្សាយពី CNN កាលពីពេលកន្លងមក ប្រជាជនហ្វីលីពីនជាច្រើនបង្ហាញការគាំទ្រចំពោះលោកឌូទ័រទេ ដោយហេតុផលធំៗចំនួនពីរ គឺលោកហ៊ានធ្វើអ្វីដែលមេដឹកនាំហ្វីលីពីនពីមុនមិនហ៊ានធ្វើ និងលោកហ៊ានក្បត់ពិភពលោក តែមិនក្បត់ប្រជាជនលោកឡើយ។ ទោះបីលោកតែងនិយាយថា អ្វីដែលលោកធ្វើគឺសម្រាប់តែផលប្រយោជន៍ប្រជាជនហ្វីលីពីន ក៏នយោបាយទាំងនេះវាហុចផលឲ្យ លោកដោយស្វ័យប្រវត្តិទៅហើយ ដែលលោកអាចនឹងមានលទ្ធភាពគ្រងតំណែងនេះបានយូរជាងមេដឹកនាំហ្វីលីពីនដទៃ។
ធាតុពិតទៅ គោលនយោបាយរបស់លោកឌូទ័រទេ ក៏ផ្តល់ផលប្រយោជន៍ដល់ចិន និងអាមេរិកដែរ។ សម្រាប់ចិន ដំណើររបស់ហ្វីលីពីនពេលនេះ គឺជាចំណុចរបត់មួយដែលខ្លួនអាចយកឈ្នះឥទ្ធិពលរបស់អាមេរិក ជាពិសេសគោលនយោបាយ Pivot to Asia ឬ Rebalancing Asia របស់ក្រុងវ៉ាស៊ីនតោន ទោះវាជាផ្នែកតូវមួយក៏ដោយ។ មិនតែប៉ុណ្ណោះការអោនលំទោនរបស់ហ្វីលីពីនក៏បានបញ្ជាក់ថា សេចក្តីសម្រេច របស់តុលាការអចិន្ត្រៃយ៍មជ្ឈឹតកម្មអន្តរជាតិ ដែលចិនចាត់ទុកថា ជាតុលាការដឹកនាំដោយលោកខាងលិច គឺនៅតែអាចសើរើបានដោយចិន នៅពេលដែលខ្លួនមិនពេញចិត្ត។ សម្រាប់អាមេរិកថ្វីត្បិតតែនយោបាយ នេះមានផលប៉ះពាល់ដល់ឥទ្ធិពលរបស់ខ្លួននៅពេលខាងមុខ ក៏យ៉ាងហោចណាស់វាអាចឲ្យអាមេរិចដកឃ្លាពីការប្រឈមមុខការពារសម្ព័ន្ធមិត្តខ្លួន នៅតំបន់ដែលមានជម្លោះ (សមុទ្រចិនភាគខាងត្បូង)។ ទាំងអាមេរិក និងចិនសុទ្ធតែមិនចង់ប៉ះទង្គិចនៅក្នុងតំបន់នោះ ដោយហេតុថា ម្នាក់ៗសុទ្ធតែកំពុងដុតដៃដុតជើងលើបញ្ហារៀងៗខ្លួន។ ចិនកំពុងតែព្យាយាមដើរបង្កើតមិត្តភក្ដិឲ្យបានកាន់តែច្រើនក្រៅពីតំបន់អាស៊ី រីឯអាមេរិកកំពុងតែជាប់ដៃខ្លាំងជាមួយការបោះឆ្នោតនៅក្នុងស្រុក ដែលមានតារាពីរដួងកំពុងរះខ្លាំង គឺលោក ដូណាល់ត្រាំ និងលោកស្រី ហ៊ីឡារី ឃ្លីនតុន។
ងាកទៅបរិបទតំបន់ ស្ទើរតែគ្រប់ប្រទេសទាំងអស់ក្នុងអាស៊ាន បាននឹងកំពុងរក្សាទំនាក់ទំនងល្អជាមួយចិន។ សម្រាប់ម៉ាឡេស៊ី ទោះមានបញ្ហាដែនសមុទ្រជាមួយចិន ក៏ទំនាក់ទំនងពាណិជកម្មទ្វេភាគី របស់ប្រទេសទាំងពីរមានភាពរឹងមាំខ្លាំង (ចិនជាទីផ្សារលេខពីររបស់ម៉ាឡេស៊ី)។ ប្រទេសដទៃដូចជា ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី កម្ពុជា ឡាវ និងមីយ៉ានម៉ា សុទ្ធតែមិនអាចបោះបង់ចិន ជាពិសេសផ្នែកសន្តិសុខ និងសដ្ឋកិច្ច។ បើនិយាយក្នុងទ្រឹស្តីសេរីនិយម (Liberalism) លោកឌូទ័រទេ មិនចង់អោយប្រទេសខ្លួនក្លាយជាកូនអុកនយោបាយ របស់មហាអំណាចជាក់លាក់ណាមួយ។
ការព្យាយាមបង្កើតតុល្យភាពនៃការទទួលឥទ្ធិពលពីមហាអំណាចរបស់លោក អាចធានាបាននូវអវត្តមាននៃជម្លោះផ្នែកអាវុធ ជាពិសេសនៅក្នុងដែនសមុទ្រចិនខាងត្បូង ទោះជាសង្គ្រាមពាក្យសម្តី (War on Rhetoric) មានសក្តានុពលខ្លាំងដូចសព្វថ្ងៃក្តី។ ហើយមានតែការបង្កើនអន្តរកម្មផ្នែកសេដ្ឋកិច្ចទេ (Economic Interdependence) ទើបអាចបម្រើការអភិវឌ្ឍរបស់ប្រជាជនហ្វីលីពីន និងសកលលោកក្នុងសតវត្សទី២១ នេះបាន។
(ដោយ៖ សុខ ប៊ុនថន)