(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ថា មានទណ្ឌិត៥៦០នាក់ នៅក្នុងពន្ធនាគាររាជធានី-ខេត្តចំនួន១៩ និងមណ្ឌលអប់រំកែប្រែចំនួន៤ ត្រូវបានស្នើសុំការបន្ធូរបន្ថយ និងលើកលែងទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែងប្រទីត និងសំពះព្រះខែ ខាងមុខនេះ។
លោក គឹម សន្ដិភាព បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ គណៈកម្មាធិការជាតិពិនិត្យបញ្ជី ទណ្ឌិត បានបើកកិច្ចប្រជុំពិនិត្យលើសំណើរបស់ គណៈកម្មការក្រសួងមហាផ្ទៃ និងគណៈកម្មការថ្នាក់រាជធានីខេត្ត ដែលបានស្នើសុំការ អនុគ្រោះទោសជូនទណ្ឌិតចំនួន៥៦០នាក់។
កិច្ចប្រជុំនេះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ចាន់ គឹមសេង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក អ៊ុក សាវុធ អគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ ព្រមទាំងមន្ដ្រីពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។
លោក គឹម សន្ដិភាព បានឲ្យដឹងថា លក្ខខណ្ឌសំខាន់បំផុតក្នុងការអនុគ្រោះទោស គឺលក្ខខណ្ឌច្បាប់ ដែលច្បាប់បានកំណត់ថា ប្រភេទនៃ ទណ្ឌិតដែលអាចសុំបន្ធូរបន្ថយទោស ឬលើកលែងទោសបាន៖ ទី១-ទណ្ឌិតនោះ ត្រូវមានសេចក្ដីសម្រេចស្ថាពរ ពីស្ថាប័នតុលាការ, ទី២-ទណ្ឌិតនោះបានអនុវត្តទោស ក្នុងពន្ធនាគារ រយៈពេលមួយកំណត់ដូចជា ១ភាគ៣ អាចសុំបន្ធូរបន្ថយទោស និង២ភាគ៣ អាចសុំលើកលែងទោស ទី៣-ការអប់រំកែប្រែខ្លួន ក្នុងពន្ធនាគារ។
លោកបន្ថែមថា គណៈកម្មាធិការជាតិ នឹងពិនិត្យប្រភេទនៃបទល្មើស ពាក់ព័ន្ធទៅនឹងភាពឃោឃៅ នៃការប្រព្រឹត្តបទល្មើស ឬព្យសនកម្ម នៃអំពើល្មើសនិមួយៗ ប្រសិនបើករណីដែលទណ្ឌិតនោះ ប្រព្រឹត្តទៅមានព្យសនកម្មធ្ងន់ធ្ងរ សាហាវ ដូចជារំលោភកូនខ្លួនឯង រំលោភ សម្លាប់ ឬប្រើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ដែលករណីទាំងនេះ គណៈកម្មាធិការជាតិ នឹងធ្វើការពិនិត្យយ៉ាង យកចិត្តទុកដាក់។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា សម្រាប់លទ្ធផល គណៈកម្មាធិការជាតិមិនទាន់បានដឹងច្បាស់នៅឡើយទេថា ក្នុងចំណោមទណ្ឌិត៥៦០នាក់នេះ អាចអនុគ្រោះបានប៉ុន្មាននាក់នោះទេ ព្រោះថាកិច្ចប្រជុំកំពុងតែដំណើរ មិនទាន់បានបញ្ចប់ នៅឡើយទេ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រសួងយុត្ដិធម៌បានធ្វើការស្នើទៅព្រះមហាក្សត្រ ដើម្បីសុំធ្វើការបន្ធូរបន្ថយ និងលើកលែងទោស រយៈពេល៣ដងក្នុងឆ្នាំ ពោលគឺបុណ្យឆ្នាំខ្មែរប្រពៃណីជាតិ ពិសាខបូជា និងព្រះរាជពិធីបុណ្យអុំទូក៕