(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំជំនួបពិភាក្សាការងារ និងការផ្គូផ្គងធុរកិច្ចរវាងកម្ពុជា ជាមួយគណៈប្រតិភូធុរជនអញ្ជើញមកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិក ដឹកនាំដោយលោក គីម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅរដ្ឋកាលីហ្វ័រនីញ៉ា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។
នៅក្នុងជំនួបនេះក៏មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងសមាសសភាពធុរជន ជាតំណាងធុរកិច្ចពីសហរដ្ឋអាម៉េរិកប្រមាណ ២០ក្រុមហ៊ុនផងដែរ។
នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបទៅកាន់គណៈប្រតិភូធុរជនអំពីដំណើរអភិវឌ្ឍន៍របស់កម្ពុជា ជាបន្តបន្ទាប់ឥតឈប់ឈរ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល តាំងពីដើមរហូតមកទល់បច្ចុប្បន្ន ពិសេសជាមួយនឹងគោលនយោបាយក្នុងការបង្កើនពិពិធកម្មសេដ្ឋកិច្ច សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
ទន្ទឹមនឹងនេះលោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសាវតានៃការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាបេសកកម្ម និងចក្ខុវិស័យក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ, សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល និងបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅជំរុញឱ្យ សមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់មានភាពប្រសើរឡើង។
បន្ទាប់ពីបានស្តាប់ប្រសាសន៍លើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គណៈប្រតិភូធុរជនបានកោតសរសើរ និងសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់លើការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។ គណៈប្រតិភូធុរជនក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ ក្នុងការសម្របសម្រួល និងថែទាំគាំទ្រដល់វិស័យឯកជន ព្រមទាំងបានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងតំបន់ទាំងពីរ៕