(សៀមរាប)៖ កិច្ចប្រជុំលើកទី៧១ របស់គណៈកម្មាធិការ អាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាពលោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការចូលរួមពីប្រធាន នៃគណៈកម្មាធិការជាតិ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសសមាជិកអាស៊ានទាំង១០ ព្រមទាំងតំណាងស្ថានទូត ដៃគូរអភិវឌ្ឍ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងអាជ្ញាធរខេត្តសៀមរាប។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារ Apsara palace Resort & Conference Center នៅទីរួមខេត្តសៀមរាប។
ខ្លឹមសារសំខាន់ៗនៃពិធីបើករួមមាន លោក Houmphanh INTHARATH អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណៈរដ្ឋប្រជាធតិបេយ្យ ប្រជាមានិតឡាវ និងជាប្រធានគណៈកម្មាធិការ អាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានថ្លែងសន្ទរកថាស្វាគមន៍ និងបានរាយការណ៍សង្ខេប អំពីលទ្ធផលការងារផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អាស៊ានដែលស្ថិតនៅក្នុងអាណត្តិ។ បន្ទាប់មកក៏មានការផ្ទេរតួនាទី និងភារកិច្ចជាប្រធានគណៈកម្មាធិការអាស៊ាន ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជូន លោកបណ្ឌិត ទឹង ស៊ីនី អនុរដ្ឋលេខាធិការ ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងប្រធានគណៈកម្មាធិការជាតិ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិថ្មី ចាប់ពីខែតុលា ឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០១៧។
លោកបណ្ឌិត ទឹង ស៊ីនី ក្នុងនាមជាប្រធានគណៈកម្មាធិការថ្មី របស់អាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានមានមតិស្វាគមន៍ចំពោះ គណៈអធិបតី និងប្រតិភូទាំងអស់ ហើយគូសបញ្ចាក់ និងខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារនេះ បន្តទៅមុខឲ្យទទួលបានជោគជ័យថ្មីៗ ថែមទៀត។ នៅក្នុងសន្ទរកថា បើកកិច្ចប្រជុំជាផ្លូវការ លើកទី៧១ របស់គណៈកម្មាធិការអាស៊ាន ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចប្រជុំពាក់ព័ន្ធ លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានមតិស្វាគមន៍ ចំពោះប្រតិភូទាំងអស់ និងបានលើកសរសើ ដល់គណៈកម្មការពាក់ព័ន្ធទាំងអស់ ក្នុងការសហការរៀបចំកិច្ចប្រជុំ នាពេលនេះទទួលបានលទ្ធផល ល្អប្រសើរ។
លោកបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ ទៅលើចំណុចអាទិភាពសំខាន់ៗចំនួន៤ ជូនអង្គប្រជុំគណៈកម្មាធិការអាស៊ាន ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (COST-71) ដូចខាងក្រោម៖
• បច្ចេកវិទ្យាបៃតង
• សន្តិសុខស្បៀង
• សន្តិសុខថាមពល
• ការគ្រប់គ្រងធនធានទឹក
ជាទីបញ្ចប់ លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានជូនពរដល់គណៈប្រតិភូទាំងអស់ សូមទទួលបាននូវសុខភាពល្អ រីករាយក្នុងការស្នាក់នៅ លើទឹកដីអង្គរនៃខេត្តសៀមរាប ហើយសូមឲ្យកិច្ចប្រជុំ ទទួលបានជោគជ័យ និងការធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព៕