(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវគ្រប់ស្ថាប័នទាំងអស់ចូលរួមចំណែកលើកកម្ពស់សមភាពយ៉េនឌ័រ ត្រូវយកចិត្តទុកដាក់និងការពង្រឹងសមភាពយេនឌ័រនៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាស្រ្តី និងក្មេងស្រីគ្រប់រូបទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព និងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។

លោក នួន ផារ័ត្ន បានថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ សិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ធំ។

លោកបន្តថា ទិវានេះបានផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាអាចឆ្លុះបញ្ចាំង និងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយ ដែលសម្រេចបានក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម រួមមាន៖ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ។

លោកសំណូមពរដល់បុរសទាំងអស់សូមចូលរួមផ្តល់តម្លៃស្ត្រីនូវសិទ្ធិសិរីភាពស្មើនឹងបុរស មិនមែនមានតែមួយថ្ងៃនេះទេ គឺមានមួយជីវិត។ លោកបានបញ្ជាក់ថា យុវតីទាំងអស់សូមរក្សានូវខ្លួនជាស្ត្រី មិនត្រូវប្រព្រឹត្តិនៅអ្វីមិនគប្បីនោះឡើយ និងចូលរួមចំណែកគាំទ្រកិច្ចការមនុស្សធម៌ ការលើកកម្ពស់សមត្ថភាព ជីវភាពសិទ្ធិ ឋានៈ តួនាទី សុខុមាលភាពស្ត្រី និងការទប់ស្កាត់អំពើហិង្សា និងដោះស្រាយជម្លោះនានាដោយសន្តិវិធី។ ស្ត្រីត្រូវពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល សហគ្រិនភាពការអភិវឌ្ឍជំនាញសេដ្ឋកិច្ច គិតគូរពីសុខុមាលភាពអភិវឌ្ឍបៃតងការប្រែប្រួលអាកាសធាតុព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន។

លោកបញ្ជាក់ទៀតថា ប្រធានបទនេះមានគោលបំណងគូសបញ្ជាក់អំពីសារសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោតសំខាន់ក្នុងការធ្វើការរួមគ្នា ប្រកបដោយសហថាមពលទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រមជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរខួប៣០ឆ្នាំនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងយុទ្ធនាការនានារបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធទៅនឹងការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រី។

លោកបន្ថែមថា ការយកចិត្តទុកដាក់និងការពង្រឹងសមភាពយេនឌ័រនៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាស្រ្តី និងក្មេងស្រីគ្រប់រូបទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព និងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តសិទ្ធចូលរួមដោយស្មើភាពគ្នាជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបានជាមួយបុរសក្នុងការអភិវឌ្ឍប្រទេសជាតិ និងរស់នៅក្នុងសង្គមដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកបដោយសុខមាលភាព៕