(បាត់ដំបង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានចុះពិនិត្យស្ថានភាពភូមិល្វា ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានស្នើសុំ ដើម្បីអភិវឌ្ឍជាភូមិគំរូគន្លឹះភូមិល្វា ស្ថិតនៅក្នុងឃុំល្វា ស្រុកបរវេល ខេត្តបាត់ដំបង។

ភូមិនេះមានផ្ទៃដីសរុប៥៦៤ហិកតា ក្នុងនោះផ្ទៃដីសម្រាប់ធ្វើកសិកម្ម៦៤ហិកតា ដីសហគមន៍ជាង១ហិកតា និងផ្ទៃដីលំនៅដ្ឋាន៤៦០ហិកតា ដែលមានខ្នងផ្ទះចំនួន៣៦៩ខ្នង សើ្មនឹង៦១៦គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន សាលារៀន មណ្ឌលសុខភាព ផ្សារ មជ្ឈមណ្ឌលពហុបំណងភូមិ មានខ្សែផ្លូវខ្វាត់ខ្វែង មានប្រឡាយ៣ខ្សែប្រវែងសរុប២.៦គីឡូម៉ែត្រ និងនៅជាប់ស្ទឹងមង្គលបុរី ដែលអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ បង្កលក្ខណៈដល់កសិករអាចធ្វើស្រែបាន២ដង ឬ៣ដងក្នុង១ឆ្នាំ។

សូមជម្រាបថា ក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ក្រសួងនឹងជ្រើសរើសភូមិដែលមានសក្ដានុពល រួមបញ្ចូលទាំងភូមិដែលមានសហគមន៍ជនជាតិដើមភាគតិចផងដែរ ដើម្បីអភិវឌ្ឍឱ្យក្លាយជាភូមិគំរូឱ្យបានចំនួន៥០ភូមិក្នុងមួយឆ្នាំ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ដែលនឹងធ្វើឱ្យចំនួនភូមិគំរូ កើនឡើងដល់ចំនួន២៦៤ភូមិ នៅត្រឹមឆ្នាំ២០២៨៕